ក្មេង​អាយុ​១៨​ខែ រ​ង្វេ​ង​ដាច់បាយ ស្លាប់​ក្នុង​ដីចម្ការ​

438
ចែករម្លែក
  • 5
    Shares

ដោយ:សុខុម/ស្ទឹងត្រែង ៖ ​សព​ក្មេងប្រុស​តូច​ម្នាក់​អាយុ​ទើបនឹង​១​ខួប​កន្លះ​ ត្រូវគេ​ប្រទះឃើញ​ស្លាប​នៅក្នុង​ចម្ការ​ស្វាយចន្ទី មួយកន្លែង​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​។​ករណី​នោះ​កើត​នៅ​ចំណុច​ត្រពាំង​ត្រ​យ៉ង ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​អូ​រ៉ៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ កាលពី​ថ្ងៃទី​១៩​ ខែមីនា ​ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​បាន​និយាយថា​ក្មេង​តូច​រង​ខាងលើ មានឈ្មោះ​វណ្ណា ពេ​ជ្ជ​រ៉ា ភេទ​ប្រុស អាយុ​១៨​ខែ រស់នៅក្នុង​បន្ទុក​ឪពុកម្តាយ ដែល​ប្រកបរ​បរជា​កម្មករ​បេះ​ស្វាយចន្ទី និង​ស្នាក់​នៅក្នុង​មូលដ្ឋាន​កើតហេតុ​។​

នៅ​មុនពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ គ្រួសារ​របស់​ក្មេងប្រុស​បាន​ចេញទៅ​ស៊ីឈ្នួល​រើស​ផ្លែ​ចន្ទី​ឱ្យគេ ដោយបាន​យក​កូនប្រុស​អាយុ​១៨​ខែ​ទៅជា​មួយ​ផង​។ នៅពេល​ឪពុកម្តាយ​ចេញ​ដើរ​រើស​គ្រប់​ស្វាយចន្ទី បាន​ទុក​កូន​តូច​នោះ ឱ្យនៅ​លេង​ក្នុង​ខ្ទម​ចាំចម្ការ ដែល​ពួកគាត់​មិនបាន​ទៅ​ឆ្ងាយ​ប៉ុន្មាន​ពី​កូន​ទេ អាច​ប្រហែល​ពី​៥០​ទៅ​៦០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​ស្ត្រី​ជា​ម្តាយ​តែងតែ​ត្រឡប់​ទៅ​មើល​កូន​២​ទៅ​៣​ដង​ដែរ​។ លុះ​មកដល់​វេលា​ម៉ោង​ថ្ងៃត្រង់ ម្តាយ​បាន​ត្រឡប់​ទៅ​ខ្ទម​នោះ​វិញ ដើម្បី​រក​ដាំបាយ​។​ ពេលនោះ​ស្រាប់តែ​បាត់​កូន​ពី​ខ្ទម​ចាំចម្ការ ទើប​ពួកគាត់​រួមទាំង​កម្មករ​ជាច្រើន​នាក់ បាន​ដើរ​រកតែ​រក​មិនឃើញ​សោះ​។​រហូតមកដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមីនា ពោលគឺ​៣​ថ្ងៃ​ក្រោយមក ទើប​គេ​ប្រទះឃើញ​សាកសព​កូនប្រុស​នោះ ស្លាប់​នៅ​ចំណុច​ត្រពាំង​ត្រ​យ៉ង ស្ថិតនៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​អូ​រ៉ៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្នុង​ចម្ការ​ចន្ទី របស់​ស្ត្រី​ឈ្មោះ​នួន ម៉ៅ​។​

ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង អធិការ​ស្រុក និង​គ្រូពេទ្យ ចុះទៅពិនិត្យ​សាកសព​ខាងលើ​នោះ ដោយ​រក​មិនឃើញ​មាន​ស្នាក​ស្នាម នៅលើ​ដងខ្លួន​ជនរងគ្រោះ​ទេ​។ តាម​ការសន្និដ្ឋាន របស់លោក​ហុង ហៃ គ្រូពេទ្យ​បញ្ជាក់ប្រាប់​តុលាការ​ថា ក្មេងប្រុស​នោះ​ពិតជា​ស្លាប់​ដោយសារ​ការ​អត់​អាហារ អត់បាយ​អត់​ទឹក​ពិតប្រាកដ​មែន ព្រោះតែ​ដើរចេញ​ពី​ខ្ទម ហើយ​វង្វេង​ឪពុកម្តាយ​រក​មិនឃើញ​៕​B/