ក្មេង​១៣​នាក់​ស្លាប់ បន្ទាប់​ពី​រថភ្លើង​បុក​រថយន្ត​ដឹក​សិស្ស​នៅ​ឥណ្ឌា​

1215
ចែករម្លែក

មន្ត្រី​ម្នាក់​បាន​និយាយ​ថា​យ៉ាងហោចណាស់​ក្មេង​ចំនួន​១៣​នាក់​បាន​ស្លាប់​និង​៥​នាក់​រង​របួសធ្ងន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ខែ​មេសា បន្ទាប់​ពី​រថភ្លើង​មួយ បាន​បុក​ជាមួយ​​រថយន្ត​ដឹក​សិស្ស មួយ​គ្រឿង​ប្រទេស​ឥណ្ឌា ភាគ​ខាងជើង​។​

​ក្មេង​សិស្សសាលា អាយុ​ក្រោម​១០​ឆ្នាំ ទាំងនេះ កំពុង​ត្រូវបាន​ដឹក​ទៅ​សាលារៀន​មួយ​នៅ​រដ្ឋ Uttar Pradesh នៅពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ បាន​បុក​រថយន្ត​​របស់​ពួកគេ​នៅឯ​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ដែល​គ្មាន​មនុស្ស​ចាំ​ធ្វើ​ចរាចរណ៍​។​

​លោក Akhilesh Kumar Singh មន្ត្រី​សុខាភិបាល​បាន​ប្រាប់ សារព័ត៌មាន​AFP​ថា ការបុក​ដ៏​ខ្លាំង​នេះ បាន​បណ្តាលឱ្យ​រថយន្ត​ដឹក​សិស្ស​នេះ បាន​ប៉ើង​ខ្ទាត​ឆ្ងាយ​ជាច្រើន​​ម៉ែត្រ​ដោយ​បាន​សម្លាប់​ក្មេង​ចំនួន​១៣​នាក់ ហើយ​មនុស្ស​៥​នាក់​បាន​រងរបួស​ធ្ងន់​។​

​ទូរទស្សន៍​ក្នុងស្រុក​បាន​បង្ហាញ​ពួក​អ្នកស្រុក​រាប់សិប​នាក់ ព្យាយាម​ជួយសង្គ្រោះ​ពួកក្មេងៗ​ចេញពី​រថយន្ត​ដែល​ខូចខាត​ខ្លាំង​នេះ ។​

​ផ្លូវថ្នល់​នៅ​ឥណ្ឌា​បង្ក​គ្រោះ​ថា្នក់​ស្លាប់​មនុស្ស​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ដោយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១៥០.០០០​នាក់​ជា​រៀងរាល់ឆ្នាំ​៕

​រថភ្លើង​ដឹក​អ្នកដំណើរ បុក​រថយន្ត​ដឹក​សិស្ស នៅឯ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ដែល​គ្មាន​មនុស្ស​ចាំ​ធ្វើ​ចរាចរណ៍​នៅ​រដ្ឋ Uttar Pradesh នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ខែ​មេសា