ក្រពើ​ផុស​ទាំង​ចង្កូម​ខាំ​ជាប់​សាកសព​ជនរងគ្រោះ បង្ក​ការភ្ញាក់ផ្អើល​

453
ចែករម្លែក

​វា​ពិតជា​គួរឱ្យ​តក់ស្លុត​ណាស់ នៅពេល​ក្រពើ​កំណាច​មួយ​ក្បាល​ផុស​ពី​ទឹក​ទាំង​ចង្កូម​របស់​វា​ខាំជើង​បុរស​ម្នាក់​នៅឡើយ ​បន្ទាប់ពី​ខាំ​ជនរងគ្រោះ​ទាញ​ទៅក្នុង​ទឹក​បាត់ស្រមោល​កាលពីពេល​ថ្មីៗ​នេះ​។

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ខណៈពេល​ជនរងគ្រោះ​ឈ្មោះ ដាលីន យូ​ទី (Darlin Uti) វ័យ ៣០ ឆ្នាំ​ កំពុង​ជ្រមុជ​ទឹក​ដើម្បី​ជួសជុល​ទុយោ​ក្បែរ​ផ្ទះ​របស់ខ្លួន​នៅ​កោះ​ស៊ូ​ឡា​វេ​ស៊ី (Sulawesi) ប្រទេស ឥណ្ឌូណេស៊ី ស្រាប់តែ​ត្រូវ​ក្រពើ​កំណាច​វាយប្រហារ​តែម្តង​។​

​នៅពេល​កើតហេតុ ប្អូនស្រី​របស់​ជនរងគ្រោះ​ដែល​នៅ​មាត់ទន្លេ​ដែរ​ក៏បាន​ទាញ​ទុយោ​ជួយ​​ ដែល​ជនរងគ្រោះ​ប្រើ​សម្រាប់​ដកដង្ហើម​ក្រោម​ផ្ទៃ​ទឹក ក្នុង​បំណង​ជួយសង្គ្រោះ​។ ប៉ុន្តែ​ជា​អកុសល​ជួយ​មិនបាន ហើយ​ក្រពើ​ក៏​ខាំ​ជនរងគ្រោះ​ពាក់កណ្តាល​ខ្លួន​លឹប​ចូល​ទឹក​បាត់ស្រមោល​។

​ភ្លាមៗ​នោះ អាជ្ញាធរ​បានចាប់ផ្តើម​តាមរក​បុរស​ដែល​បាត់​ខ្លួន​ពី​ចំណុច​ភូមិ​គី​ណា​ប៉ានី (Kinapani) តាម​បណ្តោយ​ទន្លេ Malaoge​។ អាជ្ញាធរ​បាន​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​នៅ​ថ្ងៃ​បន្ទាប់ នៅពេល​ឃើញ​ក្រពើ​នោះ​ផុស​ពី​ទឹក ទាំង​ជើង​របស់​ជនរងគ្រោះ​ជា​ប់​ចង្កូម​របស់​វា​នៅឡើយ​។​

ទីបំផុត អាជ្ញាធរ​បាន​ដណ្ដើម​សាកសព​ជនរងគ្រោះ​ពី​ក្រពើ​បានមក​វិញ ដើម្បី​ប្រគល់ឱ្យ​គ្រួសារជនរងគ្រោះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ប្រែ​សម្រួលៈ ខុម/Ha