ក្រមា​

712

​កុមារ បង់ករ​ក្រមា ថត​នៅក្នុង​អំឡុង​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ (១៩៧៥-៧៩) (​រូប​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ក្រមា ជា​សំពត់​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ ថ្ងៃ តាំង ពី​យូរលង់​ណាស់​មកហើយ​។ ក្រមា ធ្វើឡើង​ពី​សរសៃរ​អំបោះ ឬ​សូត្រ តាម​ការនិយម និង តម្រូវការ​របស់​ប្រជាជន​។ យើង​អាច​យក​ក្រមា​មកប្រើប្រាស់​បាន​ច្រើនយ៉ាង​ដូចជា ស្លៀក ឬ​រុំ​ដណ្តប់​រាងកាយ បង់ក ឆ្នួត​ក្បាល ជូត​មុខ ជាដើម​។ នៅក្នុង​របប​កម្ពុជា​ប្រជា ធិ​ប តេ​យ្យ ក្រមា​ជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរក្រហម ដែល​បង់ក​ជាប់​ជានិច្ច​។​

​ដំបូង​ឡើយ ពេលដែល​ខ្មែរក្រហម ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង និង​ទីប្រជុំជន ខ្មែរក្រហម បាន​ចែក​ខោអាវ​ខ្មៅ និង​ក្រមា​មួយ​សម្រាប់​ប្រជាជន​ម្នាក់ៗ​។ ដោយសារតែ​ទទួលបាន​របប​អាហារ​មិន​គ្រប់គ្រាន់ ប្រជាជន​នៅតាម​ការដ្ឋាន​មួយចំនួន​បាន​លួច​ទៅ​រោង​បាយ ឬ​វាលស្រែ ដើម្បី​រើស​គ្រាប់ស្រូវ​អង្ករ ដែល​ជ្រុះ​វេច​ជាយ​ក្រមា ហើយ​លាក់​យកទៅ​ពួន​ហូប ជាមួយ​គ្រួសារ​។ ម្យ៉ាងទៀត ប្រជាជន​ខ្លះ​បាន​យក​ស្រូវ​អង្ករ​ដែល​រើស​បាន​រុំ​នឹង​ក្រមា​ពីរ​ទៅ​បី​ជាន់ ហើយ​ត្រាំ​ទឹក​ឲ្យ​រីក រួច​យកទៅ​កប់​ក្រោម​ភ្នក់ភ្លើង​មិន​ឲ្យ​អង្គការ​ឃើញ ដើម្បី​ទុក ហូប​ផ្ទាល់ខ្លួន ។

​ប្រជាជន​ខ្លះទៀត​បាន​លួច​យក​ស្រូវ​ខ្ចប់​ក្រមា ហើយ​បុក​ហូប​ទាំង​ឆៅ ក៏មាន​។ ជួនកាល​ពេល​មាន​ក្មេង​ឈឺ ប្រជាជន​តែងតែ​យក​ថ្នាំ ឬ​ស្លឹក​រុក្ខជាតិ​មក​បុក ហើយ​ច្រោះ​ទឹកនឹង​ជាយ​ក្រមា​ផឹក​ព្យាបាល​ជំងឺ​។
​ចំណែក​ការរៀប​អាពាហ៍ពិពាហ៍​នៅតាម​សហករណ៍​វិញ អង្គការ​បានរៀបចំ ចន្លោះ ពី​៣០​ទៅ​១០០​គូ តាម​ប្រជាជន​ជាក់ស្តែង​។ នៅ​តំបន់​ខ្លះ ពេលដែល​កូន​ក​ម្លោះ​ក្រមុំ ឡើង​ប្តេជ្ញា​ចំពោះមុខ​អង្គការ​រួចហើយ មេកង​ខ្មែរក្រហម​បាន​ចែក​ក្រមា​ក្រហម​មួយគូ​ឲ្យ​ទៅ ស្វាមីភរិយា​ថ្មីថ្មោង ជា​ចំណងដៃ​ក្នុង​ថ្ងៃ​រៀបការ​។

​ក្រមា ក៏​ជា​ឃាតករ​លាក់​មុខ​ដែរ ក្នុងពេលដែល​ខ្មែរក្រហម​កាន់អំណាច​។ រាល់ពេល ដែល​អង្គការ​បញ្ជូន​មនុស្ស​ទៅ​សម្លាប់ កងឈ្លប​តែងតែ​ចង​ប្រទាក់​ដៃ​នឹង​ក្រមា​ជា​ខ្សែ និង​រុំ​ភ្នែក ពេលដែល​បណ្តើរ​ជនរងគ្រោះ​ទៅ​រណ្តៅ​សម្លាប់​។ ជនរងគ្រោះ​មួយចំនួនទៀត ដោយ​ទ្រាំ​នឹង ការធ្វើ​ទុក​បុក​ម្នេញ​ច្រើន​លើ​ល​លប់​ពី​សំណាក់​ខ្មែរក្រហម​ពុំបាន ក៏បាន សម្រេចចិត្ត​ធ្វើ​អត្ត ឃាត​ដោយ​យក​ក្រមា​ចងភ្ជាប់​នឹង​ដើមឈើ​រួច​ព្យួរ​ក​ខ្លួនឯង​ជាដើម​។​

​ទោះបីជា​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ផុតរលត់​ក៏ពិតមែន ប្រជាជន​ខ្មែរ​នៅតែ​បន្ត ប្រើ ប្រាស់​សំពត់​ប្រពៃណី​នេះ​មកទល់នឹង​បច្ចុប្បន្ន​។ អ្នក​ដែល​រស់រាន​ពី​ការកាប់សម្លាប់​របស់ ខ្មែរក្រហម បាន​រំ​ឮ​ក​ពី​អត្ថប្រយោជន៍​ជាច្រើន​របស់​ក្រមា​ថា ក្រមា​អាច​ជំនួស​ជា​ឆ្នាំង​ដាំ បាយ អាច​ដណ្តប់​ជំនួស​ភួយ អាច​វេច​ខ្ចប់​ម្ហូបអាហារ និង​បក់​រំ​រាងកាយ​។​

​ទោះបីជា​អតីតកាល​កន្លងផុតទៅ​ជា​យូរហើយ​ក៏ដោយ ប្រជាជន​ខ្មែរ​នៅតែ​ដិតដាម នឹង រូបភាព​ដែល​ទាហាន​បង់ក​ក្រមា​ក្រហម វាយ​ចូល​ទីក្រុង​ភ្នំពេញ​ដើម្បី​ផ្តួលរំលំ​របប សាធារណរដ្ឋ​ខ្មែរ ហើយ​បាន​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង និង​ទីប្រជុំជន​ទៅ​រស់នៅ ជនបទ និង​បាន​បង្ខំ​ឲ្យ​ប្រជាជន​ធ្វើការ​លើស​កម្លាំង ព្រមទាំង​ផ្តល់​របប​អាហារ​មិន​គ្រប់គ្រាន់ និង​ការកាប់សម្លាប់​ពូជសាសន៍​ឯង​៕ L ដោយ​: សួស សកល បុគ្គលិក​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​