ក្រម​ប្រតិបត្តិ​សម្រាប់​សារព័ត៌មាន​ទាក់ទិន​អ្នក​ប្រើ​សារធាតុ​ញៀន ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​

362
ចែករម្លែក
  • 1
    Share

ដោយៈ មេសា​/​ភ្នំពេញៈ បន្ទាប់ពី​បាន​ពិភាក្សា​ជជែក​ដេញដោល​ជាមួយ​អ្នកពាក់ព័ន្ធ​ជា​បន្ត​បន្ទាប់មក ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រាយការណ៍​ទាក់ទិន​នឹង​អ្នក​ប្រើ​សារធាតុ​ញៀន ត្រូវបាន ក្លឹប​អ្នកកាសែត​កម្ពុជា សហការ​ជាមួយ​អង្គការ ខាន់​ណា ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ នេះ នៅឯ​ក្លឹប​អ្នកកាសែត​កម្ពុជា ។​


​ខ្លឹមសារ​សំខាន់ៗ នៃ ក្រម​ប្រតិបត្តិ នេះ គឺ អ្នកប្រើប្រាស់​សារធាតុ​ញៀន គឺជា​ជនរងគ្រោះ ឬ ជា​អ្នកជំងឺ ដែល​ត្រូវតែ​ទទួលបាន​ការព្យាបាល និង ស្តារនីតិសម្បទា គឺ​មិនមែនជា​ជនល្មើស​ដូចជា​អ្នក​ចែកចាយ ឬ ជួញដូរ​គ្រឿងញៀន​ឡើយ ។ ក្នុងន័យនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ទម្រង់ អ្នករាយការណ៍​ព័ត៌មាន និពន្ធ​នាយក ការី​និពន្ធ ពិធីករ ពិធី​ការិនី កវីនិពន្ធ អ្នក​បញ្ជូន​សារ​នានា និង អ្នកធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ឬ ត្រូវ​ចៀសវាង នូវ​ការប្រើប្រាស់​ពាក្យពេចន៍ ដែលនាំឱ្យ​មានការ​រើសអើង មាក់ងាយ ចំពោះ​អ្នករងគ្រោះ​ដោយសារ​ធាតុ​ញៀន ហើយ​ត្រូវ​រាយការណ៍​ពត៌មាន លើកទឹកចិត្ត​ឱ្យ​ពួកគេ​ចេញមក​ទទួល​សេវា​ព្យាបាល ស្តារនីតិសម្បទា និង លើកទឹកចិត្ត​ដល់​អ្នកផ្តល់​សេវា ដល់​អ្នករងគ្រោះ​ដោយសារ​ធាតុ​ញៀន


​លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​សង្កត់ធ្ងន់ថា អ្នកប្រើប្រាស់​សារធាតុ​ញៀន គឺជា​ជនរងគ្រោះ​ស្រាប់​ទៅហើយ ដូច្នេះ​មិន​គប្បី​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ជនរងគ្រោះ​មួយ​ជាន់​ទៀត ដោយសារតែ​អ្នកសារព័ត៌មាន​ខ្វះ​ការយល់ដឹង​ឡើយ ។


​ក្រម​ប្រតិបត្តិ​ដែលមាន ១៥ មាត្រា ហើយ​បោះពុម្ព​ជា ២ ភាសា គឺ​ភាសា​ខ្មែរ និង ភាសា​អង់គ្លេស​នេះ បានផ្តល់​ការណែនាំ​នូវ​គោលការណ៍​គន្លឹះ​ដល់​អ្នកធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន ហើយ​ក៏បាន​ផ្តល់នូវ​ពាក្យពេចន៍​គន្លឹះ​មួយចំនួន​ដែល​ត្រូវ​ចៀសវាង និង ពាក្យ​ដែល​ត្រូវ​ប្រើ​ជំនួស ដូចជា​ពាក្យ​ថា ថ្នាំញៀន ទៅជា សារធាតុ​ញៀន , ញៀន​ថ្នាំ ទៅជា​ប្រើ​សារធាតុ​ញៀន​ជាប្រចាំ , បែក​ថ្នាំ ទៅជា​ការប្រើ​សារធាតុ​ញៀន​ហួស​កំណ​តើ ឬ លើស​ចំណុះ , ឆ្កួត​ថ្នាំ ទៅជា រងគ្រោះ​ដោយសារ​ធាតុ​ញៀន , អតីត​អ្នកញៀន​ថ្នាំ ទៅជា អ្នកជា​សំ​ស្បើយ​ពី​សារធាតុ​ញៀន ជាដើម ។​

​លោក ឆាយ សុផល នាយក​ប្រតិបត្តិ​ក្លឹប​អ្នកកាសែត​កម្ពុជា មានប្រសាសន៍ ថា ពាក្យពេចន៍​មួយចំនួន​ដូចជា​ពាក្យ​ថា អ្នកញៀន​ថ្នាំ , អ្នក​បែក​ថ្នាំ និង ខ្ទើយ​ញៀន​ថ្នា​ជាដើម គឺជា​ពាក្យពេចន៍​ដែល​បង្កប់​ទៅដោយ​អត្ថន័យ​ធ្វើឱ្យមាន​ការឈឺចាប់​ដល់​ជនរងគ្រោះ​ដោយសារ​ធាតុ​ញៀន ធ្វើឱ្យ​ពួកគាត់ អៀនខ្មាស ឯកោ មិន​ហ៊ាន​ចេញមក​ទទួល​សេវា​ព្យាបាល ស្តារនីតិសម្បទា ហើយ​ជា​លទ្ធផល គឺ​ពួកគាត់​កាន់តែ​ធ្វើឱ្យមាន​កំហុស​ធ្ងន់ធ្ងរ ។​


​លោក​សាស្ត្រាចារ្យ ឆាយ សុផល បន្ថែមថា អ្វីដែល​គួរ​យកចិត្តទុកដាក់​មួ​យ​ទៀត​នោះ គឺ​កុំ​ធ្វើ​បុរេវិនិច្ឆ័យ កុំ​បន្ទោស ឬ កុំ​យក​ថ្នាំញៀន​ទៅ​ភ្ជាប់​នឹង​បញ្ហា​ដែល​បានកើត​ឡើង​ឡើយ ប្រសិនបើ​វា​មិនចាំបាច់ ឬ អាច​ចៀសវាង​បាន ព្រោះ​វា​ធ្វើឱ្យ​សង្គម​កាន់តែ​រង្កៀស​ចិត្ត កាន់តែ​រើសអើង​ចំពោះ​អ្នក​ដែល​រង​ឥទ្ធិពល​ពីសារ​ធាតុ​ញៀន ឬ ដែល​យើង​ហៅថា ជនរងគ្រោះ​ដោយសារ​ធាតុ​ញៀន ហើយ​ជនរងគ្រោះ​ដោយសារ​ធាតុ​ញៀន កាន់តែ​លែង​ហ៊ាន​ចេញមុខ​ទទួល​សេវា​ព្យាបាល និង ស្តារនីតិសម្បទា ។ ម្យ៉ាងទៀត ករណី​ជាច្រើន​កើតឡើង​មិនមែន​ដោយសារតែ​ពួកគេ​ស្ថិតក្រោម​ឥទ្ធិពល នៃ សារធាតុ​ញៀន​ឡើយ ។​


​ប្រការ​ដែលជា​ប្រការ​គួរឱ្យ​មោទនភាព និង កត់សម្គាល់​មួយទៀត​នោះ​គឺថា នៅក្នុង​តំបន់​អាស៊ាន មិនទាន់មាន​ប្រទេស​ណាមួយ មាន​ក្រម​ប្រតិបត្តិ​ប្រភេទ​នេះ​នៅឡើយ ដូច្នេះ វិស័យ​សារព័ត៌មាន នៅ កម្ពុជា បាន​បោះជំហាន​មុនគេ​ក្នុងការ​យកចិត្តទុកដាក់​ចំពោះ​អ្នករងគ្រោះ​ដោយសារ​ធាតុ​ញៀន ៕ Kh

លោក ប៉ែន បូ​ណា និង លោក ឆាយ សុផល ថ្លែង​ក្នុង​ពិធី​ប្រកាស​ឱ្យប្រើ​ប្រាស់ ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រាយការណ៍​ទាក់ទិន​នឹង​អ្នក​ប្រើ​សារធាតុ​ញៀន ( រូបៈ មេសា )
​តំណាង​អ្នកសារព័ត៌មាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​ឱ្យប្រើ​ប្រាស់​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រាយការណ៍​ទាក់ទិន​នឹង​អ្នក​ប្រើ​សារធាតុ​ញៀន ( រូបៈ មេសា )
#