ក្រសួងកសិកម្ម​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​ពូជស្រូវ​ថ្មី “​ខា​១៥”

1679
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បានចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​ពូជស្រូវ​ថ្មី​ឈ្មោះ “​ខា​១៥“​ជា​ប្រភេទ​ពូជ​ថ្មី​ដែលមាន​សក្តា​​នុព​ល​ក្នុង​ការផលិត​សម្រាប់​កសិករ​។​
​ ​
​លោក​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២​សីហា​កន្លងមក​ថា​ក្រសួង​មានពូជ​ស្រូវ​ចំនួន​ជាង​១០​ប្រភេទ​សម្រាប់​ប្រើប្រាស់​នៅ​កម្ពុជា ប៉ុន្តែ​ស្រូវ​ដែលមាន​ការពេញនិយម​ដាំ​ដុះ​ជាងគេ​ជា​ប្រភេទ​ស្រូវ​ក្រអូប ពូជ​ផ្ការំដួល ប៉ុន្តែ​ពេលនេះ​ពូជស្រូវ​ថ្មី​មួយ ដែលមាន​លក្ខណៈ​ធន​នឹង​ជំងឺ ធន់​នឹង​អាកាសធាតុ ធន​នឹង​ទឹកជំនន់​និង​ធន់​នឹង​ភាព​រាំង​​ស្ងួត​បានចាប់ផ្តើម​អនុវត្ត និង​បាន​ទទួលផល​ច្រើន​គឺ​មួយ​ហិកតា​បាន​ផល​ចន្លោះ​ពី​៦​ទៅ​៨​តោន​។​


​ ​
​លោក​បន្តថា “​បច្ចុប្បន្ន​កសិករ​នៅ​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​កំពុង​ធ្វើ​ស្រូវពូជ​ថ្មី​នេះ ដែល​ពួកគេ​អាចធ្វើ​មួយឆ្នាំ​ពីរដង និង​បានទទួល​ទិន្នផល​ច្រើន ហើយ​ពួកគេ​កំពុង​សប្បាយចិត្ត​”​។​លោក​បន្តថា “​កសិករ​ខ្លះ​មាន​ដី​៧​ហិកតា​ពួកគេ​អាច​ផលិត​ស្រូវ​បាន​១០០​តោន​ក្នុង​មួយឆ្នាំ ពួកគេ​រីករាយ​ជាមួយ​ទិន្នផល​នេះ​”​។​
​ ​
​ទាក់ទង​នឹង​ការធ្វើ​ស្រែ​តាម​កិច្ចសន្យា លោក​វេ​ង សាខុន​លើកឡើងថា​ការងារ​នេះ​បាននិងកំពុង​ត្រូវអនុវត្ត​នៅតាម​បណ្តា​ខេត្ត​មួយ​ចំ​​នួន​រួចហើយ តាមរយៈ​ការចុះកិច្ចសន្យា​រវាង​ក​សិ​ករ និង​ប្រជាពលរដ្ឋ ដើម្បី​លើកស្ទួយ​ផលិតផល​កសិកម្ម និង​ធ្វើ​ឲ្យ​ប្រាកដថា​ទិន្នផល​ផលិត​​បាន​មាន​ទីផ្សារ និង​មិន​មានការ​ទំលាក់​តំលៃ​ពី​ឈ្មួញ​នានា​។​
​ ​
​លោក​បន្តថា “​ការងារ​កសិកម្ម​ក្រសួង​កសិកម្ម មិនអាច​ធ្វើ​ជោគជ័យ​តែម្នាក់ឯង​បានទេ វា​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់​ព័​ន្ឋ និង​វិស័យ​ឯកជន​”​។​

វាស​ស្រែ​ស្រូវ​របស់​កសិករ និង​ទិន្នផល​ស្រូវ​ប្រមូលបាន​កន្លងមក​(​រូបថត​ឯកសារ​)​

​លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice បាន​ថ្លែងថា លោក​បាននិងកំពុង​ចូលរួម​ប្រើប្រាស់​ពូជស្រូវ​ថ្មី​នេះ​ប៉ុន្តែ​យើង​ស្ថិតក្នុង​ដំណាក់កាល​សិក្សា​ពី​បរិមាណ និង​គុណភាព​របស់​ពូជស្រូវ​ថ្មី​នេះ​។ ប្រសិនជា​ពូជស្រូវ​នេះ​ទទួលបាន​ទិន្នផល​ច្រើន​មាន​​គុណភាព​ល្អ យើង​នឹង​ប្រើប្រាស់​ពូជ​នេះ ដើម្បី​ចាប់យក​ទីផ្សារ​អង្ករ​នាំ​ចេញទៅ​បរទេស​។​លោក​បន្តថា ពូជស្រូវ​ខា​១៥​វា​មិនមែនជា​​ពូជស្រូវ​ក្រអូប​នោះទេ តែ​ជា​ពូជស្រូវ​ធម្មតា សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន បង់​ក្លា​ដេ​ស​ជាដើម​ព្រោះ​​បង់​ក្លា​ដេ​ស​ចុះហត្ថលេខា​ទិញ​អង្ករ​ពី​កម្ពុជា​ម្សិល​ម៉ិ​ញ មិន​ទិញ​ប្រភេទ​អង្ករ​ក្រអូប​នោះទេ​។​
​ ​
​លោក​ឧកញ៉ា​បាន​បន្តថា “​ប្រសិនជា​ពូជស្រូវ​ប្រភេទ​ថ្មី​ដែល​បានមកពី​ការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដំណាំ​ស្រូវ​និង​អង្គការ​អាយ​រី​​បានទទួល​ទិន្នផល​៦​តោន​ក្នុង​មួយ​ហិកតា និង​ជា​ស្រូវ​ដែល​មិន​ប្រើប្រាស់​ជីគីមី​ជាការ​ល្អ​ហើយ​ដើម្បី​កុំ​ឲ្យ​ខូច​យីហោ​អង្ករ​កម្ពុជា​”​។​លោក​​បន្តថា “​ទោះជា​យ៉ាងណា បច្ចុប្បន្ននេះ​យើង​ស្ថិតក្នុង​ដំណាក់កាល​សាកល្បង​នៅឡើយ ប៉ុន្តែ​ប្រសិនជា​ទទួលបាន​ជោគជ័យ​យើង​នឹង​ប្រើប្រាស់​ពូជស្រូវ​ថ្មី​នេះ​”៕​ដោយ​ច្រាយ ចំណាន​/sn