ក្រសួងកសិកម្ម​ដក​ប្រធានការិយាល័យ​សុខភាព​សត្វ​នៅ​ខេត្ត​ត្បូងឃ្មុំ​

844
ចែករម្លែក

ដោយ​: មុនី​រ័ត្ន
ភ្នំពេញ​:
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្រេច​ដក​ប្រធានការិយាល័យ​សុខភាព​សត្វ​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ការដក​នេះ គឺ​បន្ទាប់ពី​កើតមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និង​ដោយសារតែ​ភាពមិនប្រក្រតី​មួយចំនួន​។​

​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ថា ការដក​ប្រធានការិយាល័យ​សុខភាព​សត្វ​នៅ​ខេត្ត​ត្បូងឃ្មុំ បានសម្រេច​ដក​តាំងពីដើម​សប្តាហ៍​។ ដោយ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​ទាក់ទង​បញ្ហា​នេះ គឺ​តាម​អ្វីដែល​មន្ត្រី​របស់​យើង​ចុះ​ធ្វើការ គាត់ (​ប្រធានការិយាល័យ​សុខភាព​សត្វ​នៅ​ខេត្ត​ត្បូងឃ្មុំ​) មិនសូវ​សហការ​ពេញលេញ ហើយ​គាត់​រៀង​សោះ​រង្គើ​ញ​រឿង​ការងារ​សហការ​ជាមួយ​ក្រុមការងារ​ដែល​ចុះ​ពី​កណ្តាល​ទៅ ហើយ​យើង​តាមដាន​មើល​សកម្មភាព​កន្លងទៅ​នេះ ឃើញ​មាន​ជួប​បញ្ហា​ចឹ​ង ហើយក៏​យើង​បានធ្វើ​ការណែនាំ​មួយ​ជំហាន​ដែរ ប៉ុន្តែ​ហាក់បីដូចជា​មិនសូវ​បាន​កែលម្អរ​បានល្អ​ប្រសើរ បាន​ឈានទៅដល់​ការដក ព្រោះ​យើង​បាន​ទុកពេល​ឲ្យ​គាត់​មួយខែ​ជាង​លើ​បញ្ហា​នឹង​”​។​

​តុល្យការ​ចុងក្រោយ​នៃ​មហន្តរាយ​ដោយសារតែ​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បណ្តាលឱ្យ​សត្វ​ជ្រូក​ដែល​ប្រជាកសិករ​ចិញ្ចឹម​ចំនួន ៣៣៧​ក្បាល បាន​ងាប់ ក្នុងចំណោម​ជ្រូក​ជាង ៩០០០​ក្បាល ដែល​ចិញ្ចឹម​ក្នុងស្រុក គិត​មក​ត្រឹម​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​។ នេះ​បើ យោងតាម​របាយការណ៍​របស់​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​។​

​ស្ថានភាព​នៃ​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​បង្ហាញ​ក្តី​ព្រួយបារម្ភ​កាន់តែខ្លាំង ខណៈ​របាយការណ៍​នៃ​ជ្រូក​ងាប់​បាន​រីក​រាលដាល​ចេញពី​ឃុំ​មៀន ដែលមាន​ជ្រូក​ងាប់​ចំនួន ១៨៣ ក្បាល ដល់​ឃុំ​អំពិល​តា​ពក ដែលមាន​ជ្រូក​ងាប់​ចំនួន ៥៨ ក្បាល ឃុំ​ព្រះ​ធាតុ​មាន​ជ្រូក​ងាប់​ចំនួន ៦២​ក្បាល​។ ចំណែក​ឃុំ ៤ ទៀត​របស់​ស្រុក​នេះ​ក៏មាន​ជ្រូក​ងាប់​ផងដែរ​។​

​ជាថ្មី​ម្តងទៀត ប្រជាពលរដ្ឋនៅក្នុង​ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​ទទួលរង​នូវ​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​អំពាវនាវ​យ៉ាងទទូច​ដល់​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​សាហាវ​នេះ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​សាធារណៈ​ផង និង​អាចធ្វើឱ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយសារតែ​អាចធ្វើឱ្យ​មុខរបរ​ចិញ្ចឹម​ជ្រូក​របស់​ពលរដ្ឋ​ប្រឈមមុខ​នឹង​ការខាតបង់​ដើមទុន​កាន់តែខ្លាំង​។ នៅក្នុង​នោះ ប្រជាពលរដ្ឋ​ចំនួន ៤៦​គ្រួ​សារបាន​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ពលរដ្ឋ​កំពុងមាន​ឱ្យបាន​ឆាប់រហ័ស និង​បាន​លើកឡើងថា​ស្ថានភាព​ផ្ទុះ​ជំងឺ​នេះ មិនមែន​មិន​ធ្ងន់ធ្ងរ​ឡើយ ព្រោះ​បានធ្វើឱ្យ​ជ្រូក​ពួកគាត់​ងាប់​ជាច្រើន​ក្បាល និង​បាន​ខាតបង់​ប្រាក់​យ៉ាងច្រើន​រួចស្រេច​ទៅហើយ​៕ ល​/សរន