ក្រសួងការបរទេសដាក់លិខិតទៅ បណ្តាទូតពីការបញ្ចប់សុពលភាព លិខិតឆ្លងដែនមនុស្ស១២នាក់

1128
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជាបានធ្វើលិខិតទៅកាន់បណ្តាស្ថានពទូតបរទេសប្រចាំនៅកម្ពុជា ដើម្បីជូនដំណឹងពីការបញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់ជនដែលមានទោសចំនួន ១២នាក់ រត់គេចខ្លួនពីកម្ពុជាទៅស្នាក់នៅក្រៅប្រទេស ដោយបានប្រើប្រាស់លិខិតឆ្លងដែនខ្មែរ។ លិខិតរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជូនទៅបណ្តាស្ថានទូតបរទេសនៅកម្ពុជាកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនដែលមានទោសចំនួន ១២នាក់ មានដូចជាៈ ១. លោក អេង ឆៃអ៊ាង២. អ្នកស្រី មូរ សុខហួរ ៣. លោក ហូរ វ៉ាន់ ៤. លោក ឡុង រី៥. លោក សោ ចាន់ដេត ៦. លោក គង់ សភា ៧. លោក វ៉ាន់ ណារិទ្ធ ៨. លោក ដាង ចំរើន ៩. លោក ញឹម គិមញុល ១០. លោក ហេង ដាណារ៉ូ ១១. លោក អ៊ីសា ឧស្មាន និង១២. លោក ម៉ន ផល្លា។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នេះថា ក្រសួងការបរទេសកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់លិខិតទៅកាន់ស្ថានទូតបរទេសប្រចាំកម្ពុជា ដើម្បីជូនដំណឹងពីការបញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់ជនដែលមានទោសចំនួន ១២នាក់ (មន្រ្តីអតីតគណបក្សប្រឆាំង) ដោយសារតែមានទោសតាមរយៈសាលក្រមរបស់តុលាការ និងគេចមិនអនុវត្តទោសទៅតាមសាលក្រម ដោយគេចពីកម្ពុជារត់ទៅក្រៅប្រទេសដោយប្រើលិខិតឆ្លងដែនខ្មែរ។ ដូច្នេះក្រសួងការបរទេសត្រូវបញ្ចប់សុពលភាពលិខិត​ឆ្លងដែននេះ ដើម្បីឲ្យប្រទេសដែលទទួលជនមានទោសស្នាក់នៅ អាចបញ្ជូនពួកគេត្រឡប់មកអនុវត្តទោសនៅកម្ពុជាវិញ បើសិនជាពួកគេអត់បានប្រើលិខិតឆ្លងដែនប្រទេសផ្សេងទៀតបាន។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់លិខិតទៅទូតបរទេសនៅកម្ពុជាកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩៕B/

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស