(ភ្នំពេញ)៖ លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានពលករនេសាទខ្មែរចំនួន១៨នាក់ កំពុងជាប់នៅលើទូកនេសាទថៃ ដាក់ទង់ជាតិ Djibouti នៅឯប្រទេសសូម៉ាលី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់វិធានការចាំបាច់នានាដូចខាងក្រោម ដើម្បីជួយសង្គ្រោះនិងរៀបចំមាតុភូមិនិវត្តន៍ពលករខ្មែរខាងលើ មកកម្ពុជាវិញ។
អ្នកនាំពាក្យបានបន្តថា ក្រសួងបានទំនាក់ទំនងជាមួយអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) នៅភ្នំពេញស្នើសុំឲ្យជួយក្នុងការរៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែរ និងជួយសម្របសម្រួលឲ្យមានកិច្ចសហការគ្នារវាងការិយាល័យ IOM នៅបាងកកជាមួយស្ថានទូតកម្ពុជានៅទីនោះ លើបញ្ហានេះ។
ទន្ទឹមនឹងនេះ ស្ថានទូតត្រៀមបញ្ជូនមន្ត្រីស្ថានទូត១នាក់ ដើម្បីចូលរួមក្នុងបេសកកម្មសង្គ្រោះពលករខ្មែរ ជាមួយនគរបាលជាតិថៃ ទៅប្រទេសសូម៉ាលី និង/ឬ ប្រទេសកេនយ៉ា។ ស្ថានទូតក៏បានចេញលិខិតបើកផ្លូវដល់ពលករទាំង១៨នាក់ហើយប្រគល់ជូនក្រសួងការបរទេសថៃ ជួយបញ្ជូនទៅស្ថានទូតថៃនៅប្រទេសកេនយ៉ា ដែលនឹងជួយសម្របសម្រួលក្នុងការបញ្ជូនពលករខ្មែរតាមជើងយន្តហោះថៃ មកប្រទេសថៃ៕ដោយៈ មុនីរ័ត្ន/sn