ក្រសួងការបរទេស​​ហៅទង្វើរតនាគារអាមេរិកលើ​នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង​បង្កប់របៀបរវារៈនយោបាយ

1374
ចែករម្លែក
នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង (រូបថតៈខ្លីៗ)

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ច្រានចោល​ចំពោះ​ការចោទ​ប្រកាន់​របស់​ស​ហ​រដ្ឋ​អាមេរិក មកលើ​កងកម្លាំងប្រដាប់អាវុធ​របស់​កម្ពុជា ពីបទ​ចូលរួម​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ឧក្រិដ្ឋកម្ម​លើ​ប្រជាជន​ខ្លួនឯង​។ ផ្ទុយទៅវិញ នរណា​ក៏​ដឹង​ដែរ​ថា នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម ជាពិសេស​ការការពារ​ឯករាជ្យ និង​បូរណភាព​ដែនដី ប្រឆាំងនឹង​ការឈ្លានពាន​របស់​បរ​ទេស​។​

​ការ​ប្រតិកម្ម​តប​របស់​ក្រសួងការបរទេស​កម្ពុ​ជា បានធ្វើ​ឡើង​ក្រសួង​រតនាគារ នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ បាន​បង្កក​ទ្រ​ព​សម្បត្តិ​នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង​។​

លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា

​យោងតាម​សេចក្តីថ្លែងការណ៍របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃទី​១៣ ខែមិថុនា នេះ បាន​ឲ្យ​ដឹងថា ១. ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំទាស់​យ៉ាង​ខ្លាំងក្លា​ចំពាះ​ការប្រកាស​កាលពី​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ដោយ​ក្រសួង​រតនាគារ​របស់​អាមេរិក ចោទប្រកាន់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង ពី​ការរំលោភ​សិទ្ធិមនុស្ស​។​

២. ខ្លឹមសារ​នៃ​ការប្រកាស​នេះ ធ្វើឲ្យមាន​ការស្រងាកចិត្ត​យ៉ាងខ្លាំង នៅពេលដែល​បុគ្គល​សាធារណៈ​របស់​ប្រទេសមួយ ត្រូវបាន​ក្លាយទៅជា​កម្ម​វត្ថុ​នៃ​វិធានការ​ទណ្ឌកម្ម​របស់​ប្រទេស​ដទៃ​ផ្សេងទៀត ដោយ​ផ្អែកលើ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការគោរព​ទាល់តែសោះ​ចំពោះ​ភាព​ឯករាជ្យ​នៃ​ច្បាប់ និង​យុត្តិធម៌​របស់​ប្រទេសមួយ​។ នេះ​គឺជា​ការបំពាន​ដោយ​គឃ្លើន​លើ​គោលការណ៍​អន្តរជាតិ​ស្តីពី​គោល​-​ការណ៍​ស្មើភាព នៃ​អធិបតេយ្យ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។​

៣. ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ច្រានចោល​យ៉ាង​ដាច់អហង្ការ ចំពោះ​ការចោទប្រកាន់​កងកម្លាំង​ប្រដាប់អាវុធ​របស់​ក​ម្ពុ​ជា ពីបទ​ចូលរួម​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ឧក្រិដ្ឋកម្ម​លើ​ប្រជា​ជន​​ខ្លួនឯង​។ ផ្ទុយទៅវិញ នរណា​ក៏​ដឹង​ដែរ​ថា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង និង​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម ជាពិសេស​ការ​ការពារ​ឯករាជ្យ និង​បូរណភាព​ដែនដី ប្រឆាំងនឹង​ការឈ្លានពាន​របស់​បរ​ទេស​។​

៤. ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចាត់ទុក​ចំណាត់ការ​ជា​ឯកតោភាគី​របស់​អាមេរិក ជា​ទង្វើ​ដែលមាន​បង្កប់​របៀបវារៈ​នយោបាយ និង​មានការ​វិនិច្ឆ័យ​លំអៀង ផ្ទុយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ទាំងពីរ​ក្នុងការ​រក្សា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​យូរអង្វែង ឈរលើ​ការគោរព​គ្នា​ទៅវិញទៅមក ផលប្រយោជន៍​រួម និង​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​។ សហរដ្ឋអាមេរិក​ហាក់បីដូចជា​មើលមិនឃើញ​នូវ​គោលនយោបាយ​អតីតកាល​របស់ខ្លួន ក្នុងការ​ផ្លាស់ប្តូរ​រប​ប​តាមបែប​មិន​ប្រជាធិបតេយ្យ ដែល​បាន​នាំមក​នូវ​ការបំផ្លិចបំផ្លាញ​ប្រជាជន​និង​ប្រទេសជាតិ​ដ៏​តូច​មួយ​នេះ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​កាកសំណល់​សង្គ្រាម​នេះ​ស្ថិតនៅ​រាយប៉ាយ​ទូទាំងប្រទេស និង​នៅ​បន្ត​ជា​បញ្ហា​ប្រឈម​យ៉ាង​ធំធេង​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា​។​

៥. រឿងរ៉ាវ​ដ៏​អយុត្តិធម៌​ជាក់ស្ដែង​បំផុត​នោះ​គឺ នៅពេលដែល​អតីត​រដ្ឋ​បាល​អាមេរិក​បាន​ដឹកនាំ​បង្កើត​សម្ព័ន្ធមិត្ត​គាំទ្រ​របប​ខ្មែរក្រហម ដែល​គ្រប់គ្រង​ប្រទេស​ដោយ​ការរំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ យ៉ាង​ពេញ​ទំហឹង ឱ្យ​កាន់កាប់​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ និង​ដាក់ទណ្ឌកម្ម​ដ៏​អយុត្តិធម៌​អស់​រយៈពេល​១២​ឆ្នាំ ប្រឆាំងនឹង​ប្រជាជាតិ​មួយ​ដែល​ទទួលរង​ការបំផ្លិចបំផ្លាញ ដោយសារ​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ច្រើន​ជាង​​ពីរលាន​តោន​។​

៦. ការកំណត់​ពេលចេញ​សេចក្ដីថ្លែងការណ៍​ក្នុង​ពេលនេះ​អាច​ចាត់ទុកថា ជា​យុទ្ធនា​ការដែល​មានការ​សម្រប​សម្រួល​គ្នា​សំដៅ​វាយប្រហារ​ជា​បន្តបន្ទាប់​មកលើ​កិត្យានុភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែកក្កដា​ខាងមុខ​។ យើង​សូម​ធ្វើការ​កត់សម្គាល់​ដោយ​ងឿងឆ្ងល់​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មិនដែល​ថ្កោលទោស​ក្រុមប្រឆាំង​មួយចំនួន​ក្នុងប្រទេស​ម្ពុ​ជា ដែល​ធ្វើ​សកម្មភាព នយោបាយ​ដោយ​ការជេរប្រមាថ ការប្រកាន់​ពូជសាសន៍ បង្ក​ការ​ស្អប់ខ្ពើម​នៅក្នុង​សង្គម និង​ការបរិហារកេរ្តិ៍​។ ទង្វើ​ទាំងអស់​នេះ​សុទ្ធតែ​ត្រូវបាន​ថ្កោលទោស​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​នានា​។​

៧. ទោះជា​យ៉ាងណាក៏ដោយ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​អះអាង​ជាថ្មី​ម្តងទៀត​នូវ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​កម្ពុជា​ក្នុង​ការបន្ត​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អនុវត្ត​នីតិ​រដ្ឋ និង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី ២៩ ខែកក្កដា​ឆ្នាំ ២០១៨ ដោយ​សេរី តម្លាភាព និង​មាន​របៀបរៀបរយ​៕​ ល/មន