ក្រសួងការបរទេស​ចិន​បដិសេធ​ការ​ដែល​ថា​ចិន​សុំ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​២០០​ពាន់​លាន​ដុល្លារ​ជា​មួយ​អាមេរិក​

717
ចែករម្លែក

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានបដិសេធការអះអាងដែលថាគណៈប្រតិភូចិនបានយល់ព្រមបន្ធូរបន្ថយដោយសុំកាត់ឱនភាពពាណិជ្ជកម្ម២០០ពាន់លានដុល្លារជាមួយនឹងសហរដ្ឋអាមេរិកក្នុងអំឡុងពេលនៃការចរចាដែលកំពុងបន្តធ្វើស្តីពីជម្លោះពាណិជ្ជកម្មទ្វេភាគីនេះ។

លោក Lu Kang បាននិយាយនៅសន្និសីទកាសែតមួយថា”ពាក្យចចាមអារ៉ាមទាំងនេះមិនឆ្លុះបញ្ចាំងពីការពិតទេ។ យោងទៅតាមព័ត៌មានដែលខ្ញុំមាននោះ ការពិគ្រោះយោបល់មានលក្ខណៈស្ថាបនានិងនៅតែបន្តទៅមុខ”។

សម្បទានទាំងនេះ តាមការរាយការណ៍ថាជាផ្នែកមួយនៃការទាមទាររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែល លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានថ្លែងក្នុងអំឡុងកិច្ចចរចាកាលពីលើកមុន ដែលបានធ្វើឡើងកាលពីថ្ងៃទី៣-៤ ខែឧសភា។

ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He បច្ចុប្បន្នកំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមកិច្ចចរចាពាណិជ្ជកម្ម ចិន-អាមេរិក លើកទី២។

កាលពីមុននេះបន្តិចបណ្តាញព័ត៌មានអាមេរិកជាច្រើនបានរាយការណ៍ថាគណៈប្រតិភូចិន នេះកំពុងត្រៀមរៀបចំដាក់បង្ហាញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នូវកញ្ចប់សម្បទានដ៏ធំ ដែលនឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិកចំនួន២០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

តាមសេចក្តីរាយការណ៍ថា សម្បទានទាំងនេះ រួមបញ្ចូលទាំងការលើកពន្ធមួយចំនួនរបស់ខ្លួន(ចិន)និង ការទិញទំនិញអាមេរិកបន្ថែមទៀត។

កាលពីថ្ងៃទី១៧ខែឧសភា ក្រសួងពាណិជ្ជកម្មចិនបាននិយាយថារដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនធ្វើការចរចាអំពី”ផលប្រយោជន៍ស្នូល”របស់ខ្លួនក្នុងការចរចាជាមួយសហរដ្ឋអាមេរិកទេ ហើយបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងលុបបំបាត់របាំងពាណិជ្ជកម្មដែលគ្មានប្រយោជន៍ដើម្បីផលប្រយោជន៍ទៅវិញ
ទៅមក នៅក្នុងអំឡុងកិច្ចចរចានោះ៕ដោយ៖សុខា/SN

#