ក្រសួងការបរទេស​ជួយ​អន្តរាគមន៍​ពលករ​ខ្មែរ​រាប់ពាន់នាក់​នៅ​ប្រទេស​ចំនួន​១០

1361
ចែករម្លែក

(​ភ្នំពេញ​)៖ នៅក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៧​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​ស្ថានទូត​និង​ស្ថាន​​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​បរទេស បាន​ជួយ​ដល់​ពលករ​ខ្មែរ​រាប់ពាន់នាក់​ដែល​ទោ​ធ្វើការ​នៅក្រៅ​ប្រទេស​ដូចជា​ការសម្របសម្រួល​អន្ត​រាគ​មន៍​ផ្នែក​ច្បាប់ ការអន្តរាគមន៍​ក្នុង​ការជួយ​ពលករ​ខ្មែរ​បាន​ត្រឡប់មក​កម្ពុជា​វិញ​និង​ជួយ​អន្តរាគមន៍​លើ​ការរំលោភបំពាន​នានា​​មកលើ​ពលករ​ខ្មែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរា​តិ កាលពី​ថ្ងៃទី​១៤ ខែកក្កដា បាន​ឲ្យ​ដឹងថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​បរទេស​តែងតែ​យកចិត្ត​ទុក​​ដាក់​ខ្ពស់​ក្នុងការ​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស ជាអាទិ៍​៖

– ជួយ​សម្របសម្រួល​ក្នុងការ​បញ្ជូន​ពលករ​-​ពល​ការិនី ទៅ​ធ្វើការ​ស្របច្បាប់​នៅក្រៅ​ប្រទេស​។​

– ចរចា​និង​សម្របសម្រួល​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​តាំងនៅ ក្នុងការ​ផ្តល់​ប័ណ្ណ​ការងារ​និង​ទិដ្ឋាការ​/​ប័ណ្ណ​ស្នាក់នៅ ជូន​ពលករ​-​ពល​ការិនី​ខ្មែរ​។​

– អន្តរាគមន៍​ចំពោះ​ការរំលោភបំពាន​ផ្សេងៗ​ពី​សំណាក់​និយោជក​ឬ​ជនបរទេស មកលើ​ពលករ​-​ពល​ការិនី ឬ​ពលរដ្ឋ​ខ្មែរ តាមរយៈ​ការជួយ​សង្គ្រោះ ការផ្ដល់​ការគាំទ្រ​ផ្នែក​ច្បាប់ និង​ការទាមទារ​សំណង ឬ​ប្រាក់បៀវត្ស​ដែល​នៅ​សេសសល់​។​

– ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ ដែល​រងគ្រោះ​ចាញ់បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​ជនបរទេស​។​

– ជួយឧបត្ថម្ភ និង​តាមដាន​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ដែល​ជួប​ការលំបាក ឬ​មាន​គ្រោះថ្នាក់​ផ្សេងៗ និង​ផ្តល់​ការគាំទ្រ​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​អាជ្ញាធរ​នៃ​ប្រទេស​តាំងនៅ ចោទប្រកាន់​ពី​ការប្រព្រឹត្ត​បទល្មើស ឬ​ត្រូវបាន​ចាប់ខ្លួន និង​ឃុំឃាំង​។​

– តាមដាន​និង​លើកកម្ពស់​ស្ថានភាព​រស់នៅ ការថែទាំ​សុខភាព និង​លក្ខខណ្ឌ​ការងារ​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​នៅក្រៅ​ប្រទេស ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ឬ​ការបាត់​បង់ជីវិត​។

– ផ្តល់​កន្លែង​ស្នាក់នៅ និង​អាហារ​បរិភោគ ព្រមទាំង​រៀបចំ​មាតុភូមិនិវត្តន៍​ជូន​ពលរដ្ឋ និង​ពលករ​-​ពល​ការិនី​ខ្មែរ ដែល​ជួប​ការលំបាក​ហើយ​ចង់​ត្រឡប់មក​មាតុប្រទេស​វិញ និង​ស្ត្រី​រងគ្រោះ​ដោយ​ការបោក​បញ្ឆោត ឬ​ការជួញដូរ​ផ្សេងៗ ។​ល​។​

​ជាក់ស្តែង នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ នេះ (​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ ២០១៧) ស្ថានទូត​និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅក្រៅ​ប្រទេស បាន​អន្តរា​គម​ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ និង​ពលករ​-​ពល​ការិនី​ខ្មែរ តាម​ករណី​ដូចខាងក្រោម​៖

១- ព្រះរាជាណាចក្រ​ថៃ​៖

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ និង​ស្ថាន​អគ្គ​កុងស៊ុល​នៅ​ខេត្ត​សា​កែវ បាន​៖

– អន្តរា​គម​ដោះស្រាយ​បញ្ហា​និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​១៧៨​នាក់ ក្នុងនោះ​១៥០​នាក់ ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​ដោយ​ខុសច្បាប់ ១៤​នាក់​ជា​ពលករ​ដែល​ត្រូវបាន​ក្រុមហ៊ុន​បញ្ជូន​ពលករ​បំពាន​កិច្ចសន្យាការងារ ៦​នាក់​ជា​កុមារ​រងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស ៤​នាក់​ត្រូវបាន​និយោជក​ដកហូត​លិខិតឆ្លងដែន​និង​មិន​បើកប្រាក់​ខែ​ឲ្យ និង​៤​នាក់​ទៀត​ជា​ជនរងគ្រោះ​ដោយ​ការជួញដូរ​កម្លាំង​ពលកម្ម​លើ​ទូក​នេសាទ​។​

– អន្តរា​គម​ដោះលែង​ពលរដ្ឋ​និង​ពលករ​ខ្មែរ​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ឃាត់ខ្លួន​ពីបទ​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ចំនួន​៤៤៥​នាក់​។

– តាមដាន​ព័ត៌មាន និង​ជួយ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ក្នុងការ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​/​ពលករ​ខ្មែរ​ដែល​រស់នៅ​និង​ធ្វើការ​ដោយ​ខុសច្បាប់​ក្នុងប្រទេស​ថៃ មក​កម្ពុជា​វិញ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ចំនួន​ជា​មធ្យម​ប្រមាណ​ពី ១០០០ ទៅ​១២០០​នាក់​ក្នុង​មួយ​សប្តាហ៍​។​

– អន្តរា​គម​ដោះស្រាយ និង​ផ្តល់​ការគាំទ្រ​ផ្នែក​ច្បាប់ នៅពេល​មានការ​រំលោភបំពាន​ផ្សេងៗ ពី​សំណាក់​និយោជក​មកលើ​ពលករ​ខ្មែរ ព្រមទាំង​ទាមទារ​សំណង​ផ្សេងៗ ជូន​ពលករ​-​ពល​ការិនី ដែល​រង​ការបំពាន រងរបួស ឬ​បាត់​បាត់​ជីវិត ដោយសារ​គ្រោះថ្នាក់​ការងារ​។

– តាមដាន​សុខទុក្ខ និង​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​/​ពលករ​ខ្មែរ ដែល​ជួប​ការលំបាក ឬ​មាន​គ្រោះថ្នាក់​ផ្សេងៗ ។​ល​។

២- ប្រទេស​វៀតណាម​

​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​នៅ​វៀតណាម និង​ស្ថាន​អគ្គ​កុងស៊ុល​នៅ​ទីក្រុង​ហូជីមិញ បាន​ជួយ​​សង្គ្រោះ និង​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ជូន​ពលរដ្ឋ​កម្ពុជា ចំនួន​៦៨​នាក់ ក្នុងនោះ​៥៩​នាក់​រស់នៅ​និង​ធ្វើការ​ដោយ​ខុសច្បាប់ ៦​នាក់​ជានា​រី​រងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​ឆ្លងកាត់​តាម​វៀតណាម និង​៣​នាក់ រៀបការ​ខុសច្បាប់​។

៣- ប្រទេស​ឡាវ​

​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ឡាវ និង​ស្ថាន​អគ្គ​កុងស៊ុល​នៅ​ទីក្រុង​ប៉ាក់​សេ បាន​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ជូន​ពលរដ្ឋ​ខ្មែរ ចំនួន​២៤​នាក់ ក្នុងនោះ​១១​នាក់ ចូលធ្វើការ​ក្នុងប្រទេស​ឡាវ​ដោយ​ខុសច្បាប់​ហើយ​ត្រូវ​អាជ្ញាធរ​ឡាវ​ចាប់ខ្លួន ៩​នាក់​រៀបការ​និង​រស់នៅ​ខុសច្បាប់ និង​៤​នាក់​ទៀត​ឆ្លងដែន​ខុសច្បាប់​ដោយ​ខ្លួនឯង​ចូល​ប្រទេស​ឡាវ​។

៤- ប្រទេស​មី​យ៉ាន់​ម៉ា​

​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​សម្រួល​មាតុភូមិនិវត្តន៍​របស់​ពលករ​ខ្មែរ​ចំនួន​៣​នាក់ ដែល​ជួប​ការលំបាក​ក្នុង​ការងារ​។

៥- ប្រទេស​ម៉ាឡេស៊ី​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយសង្គ្រោះ និង​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ជូន​ដល់​ពលរដ្ឋ​និង​ពលករ​-​ពល​ការិនី​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់ ជួប​ការលំបាក​ក្នុង​ការងារ ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ និង​រងគ្រោះ​ដោយ​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ពី​និយោជក ចំនួន ១៣៤​នាក់ ។

៦- ប្រទេស​ឥណ្ឌូណេស៊ី​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ជួយសង្គ្រោះ និង​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ២១​នាក់ ក្នុងនោះ​១៩​នាក់ ជា​ពលករ​រងគ្រោះ​ដោយ​ការជួញដូរ​កម្លាំង​ពលកម្ម​លើ​ទូក​នេសាទ​បរទេស និង​២​នាក់​មាន​ជម្លោះ​ក្នុង​គ្រួសារ​។

៧- ប្រទេស​សិង្ហ​បុរី​
​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​សិង្ហ​បុរី បាន​ជួយ​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍ របស់​ពលរដ្ឋ​ខ្មែរ ចំនួន​២​នាក់ ក្នុងនោះ​ម្នាក់​ជា​ពលករ​លើ​ទូក​នេសាទ និង​ម្នាក់ទៀត ជា​ពល​ការិនី​ជួប​ការលំបាក​ក្នុង​ការងារ​។

៨- ប្រទេស​ចិន​

​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ចិន ព្រមទាំង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នានា​នៅ​ទីក្រុង សៀង​ហៃ ទីក្រុង​ក្វាង​ចូ​វ ទីក្រុង​ណាន​នី​ង និង​ទីក្រុង​ឆុង​ឈី​ង បាន​ជួយសង្គ្រោះ និង​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​២២​នាក់ ដោយ​ក្នុងនោះ ១៥​នាក់​ជា​ស្ត្រី​ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ​ខុសច្បាប់​ជាមួយ​បុរស​ចិន ៤​នាក់​រស់នៅ​មិន​ចុះសម្រុង​ជាមួយ​ប្តី ជនជាតិ​ចិន ២​នាក់​ឆ្លងដែន​ខុសច្បាប់ និង​ម្នា​ក់មាន​ទិ​ដ្ឋ​ការដែល​ហួស​សុពលភាព​។

៩- ប្រទេស​ជប៉ុន​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន បាន​អន្តរា​គម​ជួយ​ទាមទារ​ប្រាក់​សំណង​ពី​និយោជក និង​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ជូន​ដល់​កម្មសិក្សាការី​ខ្មែរ ចំនួន​១២ នាក់​។

១០- សាធារណរដ្ឋ​កូរ៉េ​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​៖

– សួរសុខទុក្ខ​និង​ផ្សព្វផ្សាយ​វិធីសាស្ត្រ​ថែទាំ​សុខភាព​ដល់​ពលករ​-​ពល​ការិនី​ដែល​បំពេញការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​។​

– ទាមទារ​ប្រាក់​ធានារ៉ាប់រង ជូន​ពលករ​-​ពល​ការិនី ដែល​រងរបួស ឬ​បាត់​បាត់​ជីវិត ដោយសារ គ្រោះថ្នាក់​ការងារ​។​

– ដោះស្រាយ​ការរំលោភបំពាន​ផ្សេងៗ​ពី​សំណាក់​និយោជក មកលើ​ពលករ​ខ្មែរ ។​ល​៕ ​ដោយ ៖មុនី​រ័ត្ន​

​ពលករ​ខ្មែរ​ដែល​ក្រសួងការបរទេស​ជួយ​អន្តរាគមន៍​