ក្រសួងការបរទេស​នឹង​ប្រារព្ធ​សន្និបាត​ប្រចាំឆ្នាំ​នៅ​ថ្ងៃស្អែក​

101
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំ​ពេ​ញៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​រៀបចំ “​សន្និបាត​ប្រចាំឆ្នាំ​២០២០” របស់ខ្លួន ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ដល់​ថ្ងៃទី​៣១ ខែមករា ដើម្បី​ពិនិត្យឡើងវិញ​ពី​សកម្មភាព​និង​ការ​ប្រឈម​នានា​នៅក្នុង​ឆ្នាំ​២០១៩ ព្រមទាំង​កំណត់​ទិសដៅ​ការទូត និង​ការងារ​សម្រាប់​ឆ្នាំ​២០២០​។​
​ប្រភព​ក្រសួង​ការបទេស​បាន​ឲ្យ​ដឹង​ទៀតថា​ដោយឡែក​នៅ​ថ្ងៃទី​៣១ ខែមករា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​នេះ​នៅ​វិមាន​សន្តិភាព ដើម្បី​ផ្តល់​អនុសាសន៍ និង​ការណែនាំ​ដ៏​មានតម្លៃ​សម្រាប់​អ្នកការទូត​កម្ពុជា ក្នុងការ​អនុវត្ត​បេសកកម្ម​ការទូត​។ ក្នុងឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ប្រកាស​ជា​ផ្លូវការ​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ឆ្នាំ​២០២០ នៅ​កម្ពុជា​ហើយ​អង្គទូត​បរទេស​ប្រចាំ​កម្ពុជា ក៏​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​នេះ​ផងដែរ​។​
​ក្រសួង​ការបទេស​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា​សន្និបាត​ប្រចាំឆ្នាំ​២០២០ នឹង​ផ្តល់​កាលានុវត្តភាព​ផងដែរ​សម្រាប់​អ្នកការទូត​កម្ពុជា អាច​ពង្រីក​ចំណេះដឹង​ប្រតិបត្តិ និង​កម្រិត​វិភាគ​កាន់តែ​ទូលំទូលាយ លើ​បញ្ហាសំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង មួយ​.«​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា​» ,​ពីរ​. «​ស្ថានភាព​វិនិយោគ​បរទេស​នៅ​កម្ពុជា​» និង​បី​.«​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា​» ដើម្បី​ពង្រឹង​ការទូត​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព នៅលើ​ឆាក​អន្តរជាតិ​។​

​សន្និបាត​នេះ នឹងមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​របស់​ក្រសួង ឯកអគ្គរាជទូត​/​តំណាង​អចិន្ត្រៃយ៍ អគ្គ​កុងស៊ុល កុងស៊ុល​កិត្តិយស និង​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​៕​សរន​