ក្រសួងការបរទេស​ប​ង្ហា​ញ​ខ្លឹមសារ​ផ្លូវការនៃ​ជំនួប​រវាង​លោក​រដ្ឋមន្ត្រីការបរទេស​ជាមួយ​ទូត​កូរ៉េខាងត្បូង​ទើប​តែង​តាំ​ថ្មី​

777
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សាធារណរដ្ឋ​កូរ៉េ រក្សា​ជំហរ គោរព​អធិបតេយ្យភាព​និង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ ផ្ទៃ​ក្នុង​របស់​កម្ពុជា​គឺជា​ចំនងជើង​នៃ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​កម្ពុ​ជា​នៅ​ព្រឹក​នេះ​ទាក់ទង​ជំនួប​សម្ដែង​ការគួរសម​របស់លោក Kim Young-chae ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​អាស៊ាន ជាមួយ​ទេស​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​២​ខែមេសា​ម្សិលមិញ​នេះ​។​

លោកKim Young-chae ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​អាស៊ាន ក្នុងឱកាសជួបលោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​

​សេចក្តី​ជូន​ព័ត៌មាន​បាន​រៀបរាប់ថា​ឆ្លើយតប​នឹង​ការចាប់អារម្មណ៍ និង​ការកោតសរសើរ​រ​រប​ស់លោក​ឯកអគ្គរដ្ឋ​ទូត​ចំពោះ​ការរីកចំរើន​លើ​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម ដែល​កម្ពុជា​សម្រេចបាន​រហូតមកដល់​បច្ចុប្បន្ន​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ដោយ​ត្រួសៗ អំពី​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​ជាមួយ​កំណើន​ជាង​៧% ក្នុង​រយៈកាល​ជាង​ពីរ​ទស្សវត្ស​កន្លងមកនេះ ដែល​បានប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ទាប ក្នុង​ឆ្នាំ​២០១៦ ហើយដោយ​ផ្អែកលើ​និន្នាការ​នៃ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​លើក​គោលដៅ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់ នៅក្នុង​ឆ្នាំ​២០៣០​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​កូរ៉េ ដែល​បានបង្ហាញ​នូវ​ការយល់ដឹង​ចំពោះ​សភាពការណ៍​នៅ​កម្ពុជា ហើយ​បាន​ប្រកាន់​ជំហរ​មានការ​ថ្លឹងថ្លែង ពិសេស​ការគោរព​អធិបតេយ្យភាព និង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ការសម្រេច​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​២១​ឆ្នាំមុន ដោយបាន​ជម្នះ​ពុះពារ​រាល់​បញ្ហា​ឈានទៅ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ នៅ​ឆ្នាំ​១៩៩៧ ដែល​រហូតមកដល់​ប​ច្ចុ​ប្បន្ន​បាន​នាំមក​នូវ​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​។​

​ចំពោះ​ការប្រកាស​របស់លោក​ប្រធានាធិបតី​កូរ៉េ អំពី​គំរោង​បំពេញ​ទស្សនកិច្ច​នៅតាម​បណ្តា​ប្រទេស​អាស៊ាន លោក​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា​កម្ពុជា​ត្រៀម​ស្វាគមន៍​ដោយ​ក្តី​រីករាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ដែល​នឹង​ជា​របត់​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​នៃ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ លោក​ក៏បាន​កត់សម្គាល់​អំពី​ការសំរបសំរួល​របស់​ប្រទេស​ទាំងពីរ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៤ នៃ​គណៈកម្មការ​ចំរុះ​ទ្វេភាគី នៅក្នុង​រវាង​ឆមាស​ទី​២ ឆ្នាំ​២០១៨​នេះ និង​បានលើកឡើង​ពី​មនោសញ្ចេតនា​រីករាយរ​បស់​ប្រជាជន​កម្ពុជា នៅពេលដែល​បានទទួល​ព័ត៌មាន​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រដ្ឋាភិបាល​កូរ៉េ ចំពោះ​សំណើ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សុំ​ឲ្យ​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ​។​

លោក Kim Young-chae ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​អាស៊ាន ខណៈជួបលោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​

​ចំពោះ​ទំនាក់ទំនង​អាស៊ាន​-​កូរ៉េ លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​គាំទ្រ​សំណើ​របស់​កូរ៉េ​ឲ្យ​មាន​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​កូរ៉េ នៅ​សាធារណរដ្ឋ​កូរ៉េ ឆ្នាំ​២០១៩ ហើយ​កម្ពុជា​កំពុង​ខិតខំ​ធ្វើការ​សំរប​សំរួល​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត អំពី​លទ្ធភាព​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សកម្ម​របស់​កម្ពុជា​ក្នុងឋានៈ​ជា​ប្រទេស​សំរបសំរួល​សំរាប់​ទំនាក់ទំនង​អាស៊ាន​-​កូរ៉េ និង​បាន​សម្តែង​អំណរគុណ​ចំពោះ​ការគាំទ្រ​របស់​កម្ពុជា សំរាប់​ការលើកស្ទួយ​ទំនាក់​ទំនង​អាស៊ាន​-​កូរ៉េ ហើយ​និង​លទ្ធភាព​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​កូរ៉េ​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​អះអាង​អំពី​ការយល់​យ៉ាងច្បាស់​លាស់​របស់​កូរ៉េ អំពី​សារសំខាន់​នៃ​សន្តិភាព និង​ស្ថិរ​ភាព ដែលជា​លក្ខខណ្ឌ​ចំបង និង​ចាំបាច់​មិនអាច​ខ្វះ​បាន​សំរាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​ការ​កោត​ស​សើរ​ចំពោះ​ភាពឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​ដឹកនាំ​ប្រទេស ហើយ​រក្សាបាន​នូវ​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ រហូតមកដល់​ពេលបច្ចុប្បន្ន​។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​អំពី​ជំហរ​របស់​កូរ៉េ គោរព​នូវ​អធិបតេយ្យភាព និង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។​

​ចំពោះ​បញ្ហា​ឧបទ្វីប​កូរ៉េ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់លោក Moon Jae-in ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ឆ្ពោះ​ទៅរក​ការស្រុះស្រួល​ជាតិ​រវាង​កូរ៉េ​ទាំងពីរ​។ លោក បាន​សំដែង​ការអបអរសាទរ​ចំពោះ​ជោគជ័យ​ទាំង​ផ្នែក​កីឡា ទាំង​ផ្នែក​នយោបាយ​នៃ​ការរៀបចំ​កីឡា​អូឡាំពិក​រដូវរងារ នៅ​ទីក្រុង Pyeong Chang សាធារណរដ្ឋ​កូរ៉េ ដែល​បាន​បើកផ្លូវ​ឲ្យ​មាន​ការជួប​ប្រាស្រ័យ​ដោយផ្ទាល់​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​។លោកក៏បាន​ធ្វើការ​កត់សំគាល់​អំពី​ជំនួប​រវាង​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ជាមួយ​ប្រមុខ​ដឹកនាំ​ស​.​ប​.​ប​កូរ៉េ គីម ជុង​អ៊ុន ក្នុង​ខែមីនា​កន្លងមក​ថ្មីៗ​នេះ គំរោង​កិច្ចប្រជុំ​កំពូល​រវាង​កូរ៉េ​ទាំងពីរ ក្នុង​ខែមេសា​នេះ ហើយ​និង​គំរោង​ជំនួប​កំពូល​រវាង​អាមេរិក​និង​កូរ៉េខាងជើង នៅក្នុង​ខែឧសភា ដែលជា​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​សំរាប់​ដំណើរ​ឆ្ពោះទៅរក​សន្តិភាព និង​ស្ថិរភាព នៅ​ឧបទ្វីប​កូរ៉េ​។
​លោក​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដល់​ដំណើរការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ នៅ​ឧបទ្វីប​កូរ៉េ​៕មន