ក្រសួងការបរទេស​អាម៉េរិក​អនុម័តល​ក់​យន្តហោះច​ម្បាំង​ទំនើប​ចុងក្រោយ​F-16 ទៅឱ្យ​តៃវ៉ាន់​

398
ចែករម្លែក

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​២០​សីហា​បាន​អនុម័ត​យល់ព្រម​លក់​យន្តហោះ​ប្រយុទ្ធ F-16​ចំនួន​៦៦​គ្រឿង​ទៅ​ឱ្យ​តៃវ៉ាន់ ដែល​ត្រូវបាន​រំពឹងថា​នឹង​នាំឱ្យ​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មានការ​ខឹងសម្បារ​។​

​ក្រសួងការបរទេស​អាម៉េរិ​ក​នេះ​បាន​និយាយថា​តៃ​វ៉ាន់នឹង​ទទួលបាន​យន្តហោះ​ប្រយុទ្ធ​ជំនាន់​ចុងក្រោយបង្អស់​គឺ​ប្រភេទ​យន្តហោះ​ចម្បាំង​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin​ធុន F-16C/D Block 70 នៅក្នុង​កិច្ចព្រមព្រៀង​តម្លៃ​៨ ពាន់​លាន​ដុល្លារ​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ម៉ៃ ផ​ម​ផេវ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ការស្នើ​លក់​នេះ​បន្ទាប់ពី​សភា​​ត្រូវ​បាន​ជូនដំណឹង កាលពី​សប្តាហ៍​មុន​។​

​លោក ម៉ៃ ផ​ម​ផេវ បាន​និយាយថា​យន្តហោះ​F-16 ទាំងនេះ​មាន​ភាពសមស្រប​គ្នា​ជាមួយនឹង​ការចាត់ចែង​និង​ជំហរ​នៃ​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​។​ សកម្មភាព​របស់​យើង​គឺ ស្រប​ទៅ​នឹង​គោលនយោបាយ​អាម៉េរិក​កន្លងមក​។ យើង​គ្រាន់តែ​អនុវត្ត តាម​ការប្តេជ្ញា​ចិត្ត​ដែល​យើង​បាន​ធ្វើ ចំពោះ​គ្រប់​ភាគី​ទាំងអស់​។​

​ផែនការ​របស់​កោះ​តៃវ៉ាន់​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ការពារ​អាកាស​របស់ខ្លួន​កើតឡើង ស្រប​ពេល​មាន​ការចោទប្រកាន់​អំពី​ការរំលោភ​បំពាន​ដោយ​យោធា​របស់​ចិន​​ចូលក្នុង​ដែនអាកាស​របស់​កោះ​តៃវ៉ាន់​។​

​ទោះជា​យ៉ាងណា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ដែល​កំពុង​រង់ចាំ​ការបង្រួបបង្រួម​ប៉ុន្តែ​រដ្ឋាភិបាល​នៃ​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​​តែង​បដិសេធ​បំណង​របស់​ចិន​ប៉េកាំង ក្រោម​ការការពារ​ពី​សហរដ្ឋ​អាម៉េរិក​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ភ្នាក់ងារ​សហប្រតិបត្តិ​ការ​សន្តិសុខ​ការពារជាតិ​ដែល​ត្រួតពិនិត្យ​ការលក់​គ្រឿង​អាវុធ​យោធា​របស់​ក្រសួង​បរទេស​អាម៉េរិក​បាន​និយាយថា​​ការទិញ​យន្តហោះ F-16 ទាំងនេះ​របស់​កោះ​តៃវ៉ាន់​នឹង​មិន​ផ្លាស់ប្តូរ​តុល្យភាព​យោធា​នៅក្នុង​តំបន់​នោះទេ​។​ការលក់​នេះ​នឹង​រួមចំណែក​ដល់​សមត្ថភាព​របស់​អ្នកទិញ​ក្នុងការ​​ការពារ​ដែនអាកាស​សន្តិសុខ​ក្នុង​តំបន់ និង​ប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាម៉េរិក​។

​ប៉ុន្តែ កាលពី​ថ្ងៃ​ចន្ទ លោក​ហ្គេង សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយថា​ការលក់​អាវុធ​របស់​សហរដ្ឋ​អាម៉េរិក​ទៅ​កោះ​តៃវ៉ាន់ រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​កិច្ច​​ព្រមព្រៀង រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង ជា​ការជ្រៀតជ្រែក​ខ្លាំង​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​”​។​

​លោក​បាន​បន្ថែមថា សហរដ្ឋ​អាម៉េរិក​គួរតែ​លុបចោល​ការលក់​អាវុធ​ដែល បាន​គ្រោងទុក​នេះ​ជាបន្ទាន់ ហើយ​បញ្ឈប់​ការលក់​អាវុធ​និង​ការធ្វើទំនាក់ទំនង​យោធា​​ជាមួយ​កោះ​តៃវ៉ាន់​។ បើ​មិន​ដូច្នោះ​ទេ​សហរដ្ឋ​អាម៉េរិក​នឹង​ត្រូវ​ទទួល​ផលវិបាក​ទាំងអស់នោះ​”៕​ដោយ​៖​សុខា​/sn

យន្តហោះ​ចម្បាំង​F-16 គំរូ​ចាស់ ហោះហើរ​ក្នុងអំឡុង​ហ្វឹកហាត់​នៅ​តៃវ៉ាន់​កាលពី​ថ្ងៃទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៩

#