ក្រសួងការបរទេស​អា​មេ​រិ​ក ៖ ការបញ្ជូន​កាំជ្រួច S-300 ទៅកាន់​ស៊ី​រីនឹង​បង្កើន​ហានិភ័យ​ចំពោះ​អាមេរិក និង កងកម្លាំង​សម្ព័ន្ធមិត្ត​

906
ចែករម្លែក

​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កញ្ញា​ថា ការគ្រោងទុក​របស់​រុស្ស៊ី​ក្នុងការ​ដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​អាកាស S-300 ទៅកាន់​រដ្ឋាភិបាល​ស៊ី​រី នឹង​បង្កើន​ហានិភ័យ​ដល់​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​រូប​នោះបាន​និយាយ​ក្នុង​បទសម្ភាសន៍​សម្រាប់​ស្ពុ​ត​និក​ថា “​ការដឹកជញ្ជូន​ខែល​ការពារ​អាកាស​របស់​រុស្ស៊ី​ដល់​របប​លោក​អាសាដ​នឹង​បង្កើន​ហានិភ័យ​នៃ​ការរីក​រាលដាល​ជម្លោះ​នៅក្នុង​បរិយាកាស​ដែលមាន​គ្រោះថ្នាក់​ស្រាប់ និង​បង្កើន​ហានិភ័យ​ចំពោះ​សហរដ្ឋអាមេរិក​និង​កងកម្លាំង​ដៃគូ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ D-ISIS នៅក្នុង​ប្រទេស​ស៊ី​រី​”​។​

​មន្ត្រី​ដដែល​បាន​បន្ថែមថា “​វា​ក៏​បញ្ជាក់​ឡើងវិញ​នូវ​ការការពារ​ជា​បន្ត​របស់​រុស្ស៊ី​លើ​របប​លោក​អាសាដ​និង​ការទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​សកម្មភាព​របស់​របប​នេះ​”​។​

​កាលពី​ថ្ងៃទី ១៧ កញ្ញា យន្តហោះ​យោធា Il-20 របស់​រុស្ស៊ី​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​អាកាស​របស់​ស៊ី​រី​ខណៈ​កំពុង​វិលត្រឡប់​ទៅកាន់​មូលដ្ឋាន​អាកាស​ហេ​មី​មឹ​ម ចម្ងាយ​ប្រហែល ៣៥ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ស៊ី​រី​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា យន្ដហោះ F-16 របស់​អ៊ីស្រាអែល​ដែល​កំពុង​ហោះហើរ​ក្នុង​តំបន់​ជុំវិញ​មូលដ្ឋាន​ទ័ពអាកាស​នេះ បាន​ប្រើប្រាស់​យន្តហោះ​រុស្ស៊ី​ជា​ខែល​ការពារ​នឹង​ប្រព័ន្ធ​ការពារ​អាកាស​របស់​ស៊ី​រី​។ ឧបទ្ទវ​ហេតុនេះ​បានសម្លាប់​ទាហាន​រុស្ស៊ី ១៥ នាក់​។​

​មន្ត្រី​ក្រសួងការបរទេស​រូប​នោះបាន​រំលឹក​ឡើងវិញ​ថា ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​របស់​ស៊ី​រី​បាន​បាញ់​ទម្លាក់​យន្តហោះ​របស់​រុស្ស៊ី​។​

​មន្ត្រី​ក្រសួងការបរទេស​រូប​នោះបាន​និយាយថា “​ការណែនាំ​នូវ​ខែល​ការពារ​អាកាស​ថែមទៀត​មិនអាច​ដោះស្រាយ​បញ្ហា​នៃ​ការបាញ់​មី​ស៊ី​ល​ដោយ​គ្មាន​ជំនាញ​និង​ដោយ​មិន​រើសមុខ​របស់​ស៊ី​រី ឬ កាត់បន្ថយ​ហានិភ័យ​ចំពោះ​អាកាសចរណ៍​ក្នុង​តំបន់​បាន​នោះឡើយ​”​។​

​លើសពីនេះ មន្ត្រី​រូបនេះ​បាន​និយាយថា ការស្លាប់​របស់​អាកាស​យានិក​រុស្ស៊ី​គឺជា “​ហេតុការណ៍​អកុសល​” មួយ​។​

​មន្ត្រី​រូបនោះ​បាន​និយាយថា “​វា​រំលឹក​យើង​ថា​ជម្លោះ​ត្រួតស៊ីគ្នា​ជាច្រើន​នៅក្នុង​តំបន់​ត្រូវការ​ដំណោះស្រាយ​អចិន្ត្រៃយ៍ សន្តិភាព និង​នយោបាយ​ស្របតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លេខ​២២៥៤”​។​

​មន្ត្រី​រូបនេះ​បាន​បន្ថែមទៀតថា ឧបទ្ទវ​ហេតុនេះ​បញ្ជាក់​ពី “​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើង​នៅក្នុង​ឈុត​ឆាក​ជម្លោះ​ដ៏​កកកុញ​នៅ​ស៊ី​រី​” ហើយ​ថា “​អ៊ីរ៉ង់​ត្រូវតែ​បញ្ចប់​ការដឹកជញ្ជូន​ប្រព័ន្ធ​អាវុធ​គ្រោះថ្នាក់​ដ៏​បង្ករឿង​ឆ្លងកាត់​ស៊ី​រី ដែលជា​ការគំរាមកំហែង​ដល់​តំបន់​”​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្គេ សយ​ហ្គូ បានប្រកាស​អំពី​វិធានការ​បង្កើន​សន្តិសុខ​របស់​ទាហាន​រុស្ស៊ី​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបាញ់​ធ្លាក់​យន្តហោះ​យោធា​រុស្ស៊ី Il-20 ដែល​រុស្ស៊ី​ជឿជាក់ថា អ៊ីស្រាអែល​គឺជា​អ្នកទទួលខុសត្រូវ​។ លោក​សយ​ហ្គូ​បាន​បកស្រាយ​ថា រុស្ស៊ី​នឹង​បំពាក់​ប៉ុស្តិ៍​បញ្ជា​ការពារ​ដល់​កងក​ម្លាំ​ង​អាកាស​របស់​ស៊ី​រី ជាមួយ​ប្រព័ន្ធគ្រប់គ្រង​ដោយ​ស្វ័យប្រវត្តិ​ដែល​ពីមុនមក​កាន់កាប់​ដោយ​រុស្ស៊ី​តែមួយ​ប៉ុណ្ណោះ ផ្កាយរណប​បង្អាក់​រ៉ា​ដា ប្រព័ន្ធ​រ៉ា​ដា​លើ​យន្តហោះ និង​ប្រព័ន្ធ​ទំនាក់ទំនង​សម្រាប់​ការវាយប្រហារ​តាម​អាកាស​ទៅលើ​គោលដៅ​នៅ​ស៊ី​រី ហើយ​សំខាន់បំផុត​គឺ​ការផ្គត់ផ្គង់ ប្រព័ន្ធ​ការពារ​អាកាស S-300 ទៅ​ស៊ី​រី​៕ ដោយ៖ កញ្ញាដាលីស

កាំជ្រួច S-300 របស់​រុស្ស៊ី