ក្រសួងការពារជាតិ​ជប៉ុន​កំពុង​ប្រុង​ជើងការ​ខ្ពស់ ខណៈ​មាន​ព័ត៌មាន​លេច​ឮថា កូរ៉េខាងជើង​ឥឡូវ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​មី​ស៊ី​ល​ឆ្លង​ទ្វីប​

432

រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក អ៊ី​ស៊ូ​ណូរី អូ​ណូ​ដេ​រ៉ា (Itsunori Onodera) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៩​សីហា​ថា​ប្រទេស​ជប៉ុន​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ទាប់ពី​ពិចារណា​លើ​របាយការណ៍​របស់​ប្រព័ន្ធ​ឃោសនា​ជាច្រើន​ដែល​ចោទប្រកាន់​កូរ៉េខាងជើង​ថា​ឥឡូវនេះ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូចៗ​នៅក្នុង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់ខ្លួន​។​

​កាលពី​ថ្ងៃ​អង្គារ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដកស្រង់​ពី​ការវាយតម្លៃ​សម្ងាត់​របស់​មន្ត្រី​ចារកម្ម​អាមេរិក​ថា​ក្រុង​ព្យុងយ៉ាង​បាន​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​ក្បាល​នុយក្លេអ៊ែរ​ខ្នាតតូច​ដែល​អាចដាក់​នៅក្នុង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប (ICBMs) របស់ខ្លួន​។​

​លោក អូ​ណូ​ដេ​រ៉ា បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា “[​កូរ៉េខាងជើង​] មាន​នុយក្លេអ៊ែរ​ខ្នាតតូច ហើយ​អាច​នឹង​ប្រើប្រាស់​វា​ក្នុងពេល​ឆាប់ៗ​នេះ​។ យើង​ស្ថិតនៅ​កម្រិត​គំរាមកំហែង នៅពេល​វា​ចាំបាច់​ដើម្បី​បង្ហាញ​ពី​ភាពជាក់លាក់​នៃ​ការឃ្លាំមើល​និង​ការប្រុងប្រយ័ត្ន​របស់​យើង​” ។​

​លោក អូ​ណូ​ដេ​រ៉ា បាន​សង្កត់ធ្ងន់ថា​បញ្ហា​នេះ​តម្រូវឱ្យមាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​។​

​លោក អូ​ណូ​ដេ​រ៉ា ត្រូវបាន​ទូរទស្សន៍ NHK ដកស្រង់​សម្តី​ដោយ​និយាយថា “​មាន​ទិន្នន័យ​វិភាគ​ដែល​បង្ហាញថា​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​របស់​កូរ៉េខាងជើង​អាច​ទៅដល់​ដែនដី​សហរដ្ឋអាមេរិក​ហើយ​ថា​បច្ចេកវិជ្ជា​របស់​កូរ៉េខាងជើង​សម្រាប់​ការ​បង្រួម​គ្រាប់​នុយក្លេអ៊ែរ​ដើម្បី​បំពាក់​លើ​ក្បាល​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប កំពុង​ត្រូវបាន​បង្កើតឡើង​។ គ្មាន​អ្វីដែល​គួរឱ្យ​សង្ស័យ​នោះទេ​ថា​នេះ​គឺជា​ប្រភេទ​ថ្មី​នៃ​ការគំរាមកំហែង​ដែល​ធ្វើឡើង​ដោយ​ព្យុងយ៉ាង​។ ដោយ​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក យើង​នឹង​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា​ដើម្បី​ធានា​សន្តិសុខ​ជប៉ុន​”​។​

​ការគំរាមកំហែង​រប​ស់​កូរ៉េខាងជើង​កំពុងតែ​កើន​ឡើងជា​រៀងរាល់ថ្ងៃ ខណៈពេលដែល​ប្រទេស​នេះ​បង្កើន​ចំនួន​សាកល្បង​មី​ស៊ី​ល​។ កាលពី​ខែកក្កដា​កូរ៉េខាងជើង​បានធ្វើ​តេស្ត​គ្រាប់ ICBM ចំនួន​ពីរ​។ លើសពីនេះ​ទៀត​ក្រុង​ព្យុងយ៉ាង​បានធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន ៥ ដង រួចមកហើយ​ដែល​ការកើតឡើង​ចុងក្រោយ​បំផុត​នៅ​ថ្ងៃទី ៩ ខែកញ្ញា​ឆ្នាំ ២០១៦​។​

​ការគំរាមកំហែង​ដែល​បាន​កើតមានឡើង​បាន​ជំ​រុញឱ្យ​សហគមន៍​អន្តរជាតិ​ដាក់ចេញ​វិធានការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង​។ ថ្មីៗ​នេះ​កាលពី​ថ្ងៃ​សៅរ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) បានអនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តីសម្រេច​រឹតបន្តឹង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។​
​ការដាក់ទណ្ឌកម្ម​នេះ​សំដៅ​ទៅលើ​ការ​នាំចូល​ធ្យូងថ្ម ដែក រ៉ែ​ដែក និង​អាហារ​សមុទ្រ​ពី​ប្រទេស​អាស៊ី​មួយ​នេះ​ទៅ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ហើយក៏​ហាមឃាត់​សមាជិក​អង្គការសហប្រជាជាតិ​ពី​ការបង្កើត​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​របស់​ក្រុង​ព្យុងយ៉ាង​ឬ​បុគ្គល​ឬ​បង្កើន​ចំនួន​កម្មករ​កូរ៉េខាងជើង​ដែល​បាន​ចូលរួម​គម្រោង​នានា​នៅ​រដ្ឋ​សមាជិក​នីមួយៗ​៕ ដោយ៖ កញ្ញាដាលីស

កូរ៉េខាងជើង​ឥឡូវ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូចៗ​នៅលើ​មី​ស៊ី​ល​ឆ្លង​ទ្វីប