ក្រសួងការពារជាតិ​បដិសេធ​រឿង​ទិញ​យន្តហោះ​យោធា​ពី​រុស្ស៊ី​

1358
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​បដិសេធថា ក្រសួងការពារជាតិ​មិនបាន​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ចំនួន​ពីរ​គ្រឿង​ពី​រុស្ស៊ី​នោះទេ​។ ឧទ្ធម្ភាគចក្រ​យោធា​នោះ គឺ​រុស្ស៊ី​គេ​យកមក​បង្ហាញ​អោយ​ក្រសួងការពារជាតិ មើល​តែប៉ុណ្ណោះ​។​

​ការបដិសេធ​នេះ គឺ​ខណៈពេលដែល​រុស្ស៊ី​បាន យក​ឧទ្ធម្ភាគចក្រ​យោធា​ចំនួន​ពីរ​គ្រឿង មក​ដាក់​នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

រូបភាពឯកសារ

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រលប់​ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា​ថា “​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា រុស្ស៊ី​យក​ឧទ្ធម្ភាគចក្រ​យោធា​ចំនួន​ពីរ​គ្រឿង មក​ដាក់​នៅ​ព្រលាន​យន្ត ហោះ​យោធា ក្នុង​គោលបំណង​យកមក​បង្ហាញ​ឲ្យ​មើល​។ នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា រុស្ស៊ី​គេ​នឹងធ្វើ​ការបង្ហាញ​ពី​សមត្ថភាព​ឧទ្ធម្ភាគចក្រ​យោធា ដើម្បីអោយ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​មើល ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អញ្ជើញ​ជា​អធិបតី​”​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា (រូប៖ មុនីរ័ត្ន)

​អ្នក​នាំពាក្យ​ក្រសួងការពារជាតិ បាន​អះអាងថា នេះ​មិនមែនជា​ការទិញ​គេ គឺ​ខាង​រុស្ស៊ី​គេ​យកមក​បង្ហាញ​អំពី​សមត្ថភាព​ឧទ្ធម្ភាគចក្រ​យោធា​របស់គេ តែ​យើង​ពេញចិត្ត​ទិញ ឬ​មិនជា​រឿង​យើង​។​

​សេចក្តីរាយការណ៍​បានអោយដឹងថា នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា មាន​ឧទ្ធម្ភាគចក្រ​របស់​ប្រទេស​រុស្ស៊ី ចំនួន​ពីរ​គ្រឿង និង​អ្នកឯកទេស​មួយចំនួន បានមក​ចុះចត និង​ស្នាក់​នៅក្នុង​មូលដ្ឋាន​ទ័ពអាកាស​(​ពោធិចិនតុង​)​។​
​លុះ​ព្រឹក​ឡើង​ថ្ងៃទី​២០ ខែវិច្ឆិកា ឧទ្ធម្ភាគចក្រ​ទាំងពីរ​រឿង ដែលជា​បច្ចេកវិជ្ជា​ចុងក្រោយ​ដ៏​ទំនើប​នេះ និង​ធ្វើ​ការហោះ​សម្ដែង​សមត្ថភាព​និង​បង្ហាញ​បច្ចេកទេស​ក្នុងការ​ហោះហើរ​​នៅលើ​មូលដ្ឋាន​ទ័ពអាកាស ដើម្បី​បង្ហាញ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ទស្សនា​៕