នាវាមុជទឹក​របស់​ពូ​ទីន​មាន​សមត្ថភាព​បំបាំងកាយ​ទំនើប មិនអាច​ចាប់​ដាន​ដឹង​ទេ​

772

​ប្រភព​ក្រសួងការពារជាតិ​អង់គ្លេស​បានទទួល​ស្គាល់​ជា​លើកដំបូង​ថា នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​រុស្ស៊ី​ជាមួយ​សមត្ថភាព​បំបាំងកាយ​ដ៏​ទំនើប កំពុង​ឆ្លងកាត់​ដែនទឹក​អង់គ្លេស​ដោយ​គ្មាន​ប្រព័ន្ធ​អ្វី​អាច​ចាប់​បានឡើយ​។​

​នាវាមុជទឹក​ទំនើប​ចុងក្រោយ​បំផុត​របស់​លោកពូ​ទីន​អាច​បើកបរ​បាន​យ៉ាង​ស្ងៀមស្ងាត់ មិន​អាចឱ្យ​ប្រព័ន្ធ​ការពារ​នៅក្រោម​ទឹក​របស់​អង់គ្លេស​ចាប់​ពួកវា​បានឡើយ រួមទាំង​ប្រព័ន្ធ​ស្តាប់​សំឡេង​ហៅថា Sonar​។​

​យោងតាម​ប្រភពព័ត៌មាន​យោធា​បានឱ្យដឹងថា នាវាមុជទឹក​ថ្មី​នេះ​បាន​អនុវត្ត​បេសកកម្ម​តាមដាន​នាវាមុជទឹក​របស់​ចក្រ​ភព​អង់គ្លេស នៅពេលដែល​ពួកវា​ចាក​ចេញពី​មូលដ្ឋាន​លាក់​ការណ៍​សម្ងាត់​បំផុត ឈ្មោះ Faslane នៅ​ស្កុ​តឡែ​ន​។​

​នាវា​រុស្ស៊ី​ក៏​កំពុង​លប​ធ្វើ​ផែនទី​នៃ​បណ្តាញ​ថាមពល​និង​ទូរគមនាគមន៍​ព្រមទាំង​ខ្សែកាប​អ៊ី​ន​ធឺ​ណេ​ត​នៅ​ខាងក្រោម​ច្រក​សមុទ្រ​អង់គ្លេស​ផងដែរ​។ ប្រសិនបើ​អ្វីៗ​ទាំងអស់នេះ​ត្រូវបាន​បំផ្លាញ នោះ​ចក្រភព​អង់គ្លេស​អាច​នឹង​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​និង​ភាព​ងងឹត​។​

​កាលពីដើម​ឆ្នាំនេះ មាន​សេចក្តីរាយការណ៍​ថា សកម្មភាព​នាវាមុជទឹក​រុស្ស៊ី​នៅក្នុង​សមុទ្រ​អង់គ្លេស​បាន​កើនឡើង ១០ ដង​ចាប់តាំងពី​ឆ្នាំ ២០១៥​។ ប៉ុន្តែ​ចំនួន​ជាក់ស្តែង​និង​ទីតាំង​ដែល​នាវាមុជទឹក​រុស្ស៊ី​បាន​ទៅដល់ ត្រូវបាន​លាក់​ការណ៍​សម្ងាត់​ដោយសារ​ហេតុផល​សន្តិសុខ​។​

​ការ​លាតត្រដាង​នេះ​បាន​ធ្វើឡើង​នៅពេលដែល​ប្រទេស​រុស្ស៊ី​កំពុង​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​នាវាចម្បាំង​ចំនួន ២៥ គ្រឿង​នៅ​ភាគ​ខាងកើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ដើម្បី​គាំទ្រ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ស៊ី​រី​៕ ដោយ៖ កញ្ញាដាលីស

ប្រភព​ការពារជាតិ​ទទួលស្គាល់ថា​នាវាមុជទឹក​រុស្ស៊ី​អាច​ឆ្លងកាត់​សមុទ្រ​អង់គ្លេស​បាន ដោយ​គ្មាន​ប្រព័ន្ធ​អ្វី​អាច​ចាប់​បានឡើយ