ក្រសួងការពារជាតិ បដិសេធថា គ្មានទេ​មូលដ្ឋានទ័ព​បរទេស​លើទឹក​ដី​កម្ពុជា

344
ចែករម្លែក

ដោយ​:​ឆាយា​នាថ​/​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ ថ្លែងថា វា​ជា​រឿង​ហួសចិត្ត ដែល​សារព័ត៌មាន​របស់​សហ​រដ្ឋ​អាមេរិក បាន​ប្រឌិត​ព័ត៌មាន​ដ៏​ឆ្កួត​លីលា តាម​អំពើ​ចិត្ត អំពី​មូលដ្ឋានទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា ហើយ​ត្រូវបាន​បន្ទោរ​ដោយសារ​ព័ត៌មាន​របស់​ពួកគេ​ដទៃទៀត ដែល​ហាក់​ធ្វើឡើង​ក្នុង​ចេតនា​ចង់​បំផ្លាញ​ដល់​សន្តិសុខ និង​សន្តិភាព​នៅ​កម្ពុជា និង​ក្នុង​តំបន់​។​

Facebook Page ផ្លូវការ​របស់លោក ឈុំ សុជាតិ សរសេរ​នៅ​រសៀល​ថ្ងៃទី​២២ ខែកក្កដា នេះ ថា “​ក្នុងនាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ខ្ញុំ​មិនអាច​ទទួលយក​ការ​ប្រឌិត​ព័ត៌មាន​បែបនេះ​បានឡើយ។ ក្រសួងការពារជាតិ មិនដែល​មាន​កិច្ចព្រម ព្រៀងសម្ងាត់​ណាមួយ​ឱ្យ​កងទ័ព​ចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើជា​មូលដ្ឋាន​ឡើយ​។ អស់លោក​ល្មម​ឈប់​ប្រើប្រាស់​ព័ត៌មាន​ក្លែងបន្លំ អំពី​វត្តមាន​កងទ័ព​ចិន​លើ​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំងនឹង​កម្ពុជា​តទៅទៀត​”​។​

​ពាក់ព័ន្ធ​នឹង​មូលដ្ឋានទ័ព​បរទេស​នេះ កម្ពុជា​ធ្លាប់បាន​បញ្ជាក់​ជំហរ យ៉ាងច្បាស់​ច្រើនដង​រួចហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​នោះឡើយ​។​

​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស នៅលើ​ទឹកដី​របស់ខ្លួន​ដែរ ហើយក៏​មិន​បញ្ជូន​កងទ័ព​កម្ពុជា ទៅ​ក្រៅប្រទេស​នោះដែរ លើកលែងតែ​បេសកកម្ម​ជាមួយ​អង្គការសហប្រជាជាតិ​តែមួយ​ប៉ុណ្ណោះ​៕​B/