ក្រសួងទេសចរណ៍ផ្សព្វផ្សាយ​ស្តង់ដាបង្គន់​អនាម័យ​និងចលនា​ប្រឡងប្រណាំង​បង្គន់​សាធារណៈ​

1527
ចែករម្លែក
  • 1
    Share

(ភ្នំពេញ)៖ក្រសួងទេសចរណ៍ និង​គណៈ​កម្ម​ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បានប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​ស្តង់ដា “​បង្គន់​អនាម័យ​សាធារណៈ​កម្ពុជា​” និង​ស្តង់ដា “​បង្គន់​អនាម័យ​សាធារណៈ​អាស៊ាន​”​អម​ជាមួយ​ការប្រកាស​ចលនា​ប្រឡងប្រណាំង​បង្គន់​សាធារណៈ​កម្ពុជា​លើក​ទី​១ ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នា​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​ត ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) អភិបាល​-​អភិបាលរង​រាជធានី​-​ខេត្ត និង​ស្ថាប័ន​ជំនាញ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​វិស័យ​ឯកជន​។​

​ឯកឧត្តម ថោង ខុន ស្នើ​ឲ្យ​មានការ​ជំរុញ​បន្ថែម និង​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្សព្វផ្សាយ និង​ការចូលរួម​ឲ្យ​កាន់តែ​សកម្ម​បន្ថែមទៀត​ពី​ផ្នែក​ឯកជន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ចលនា​ប្រឡងប្រណាំង​បង្គន់​សាធារណៈ​កម្ពុជា ដែលជា​យន្តការ​ដ៏​ចាំបាច់​ក្នុងការពង្រឹងគុណភាព និង​អនាម័យ ដើម្បី​ទទួល​ស្វាគមន៍​កំណើន​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​បន្តបន្ទាប់​។ ផ្អែកលើ​ស្មារតី​នៃ​អង្គពិធី​នេះ ឯកឧត្តម ថោង ខុន បានប្រកាស​ដាក់ចេញ​យុទ្ធនាការ “​បង្គន់​សាធារណៈ​ឲ្យ​មាន​នៅតាម​ក្រុង​/​ខណ្ឌ​បេក្ខភាព​ទីក្រុង​ស្អាត​ឲ្យ​ស្របតាម​ស្តង់ដា ដើម្បី​ជាការ​ចូលដល់​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​២ និង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​១ ដែល​គ្រោង​ចែក​ជ័យលាភី​នា​ដើមខែ​មករា ឆ្នាំ​២០១៨ ក្នុង​វេទិការ​ទេសចរណ៍​អាស៊ាន (ATF-2018) និង​ពិសេស​ដើម្បី​ឆ្ពោះ​ទៅ​ការប្រឡងប្រណាំង “​បង្គន់​សាធារណៈ​អាស៊ាន​” លើក​ទី​១ ដែល​គ្រោង​ចែក​ជ័យលាភី​នា​ដើមខែ​មករា ឆ្នាំ​២០១៩ ក្នុង​វេទិការ​ទេសចរណ៍​អាស៊ាន (ATF-2019) នៅ​ប្រទេស​វៀតណាម​។

ទន្ទឹមនឹងនេះ​ដើម្បី​ធានា​និរន្តរភាព​នៃ​ប្រតិបត្តិការ​បង្គន់​សាធារណៈ​នៅតាម​រាជធានី​-​ខេត្ត ឯកឧត្តម ថោង ខុន ក៏បាន​ស្នើ​ឲ្យ​មានការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​បង្គន់​សាធារណៈ​កម្ពុជា​២០១៨-២០២៥ ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ និង​សម្រេចនាពេលខាងមុខ​ដើម្បី​បានជា​ត្រីវិស័យ​ក្នុងការ​គិតគូរ​លើ​ការដាក់ចេញ​យន្តការ​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់​។​

​ក្នុងឱកាស​នេះ​ក៏មាន​ចែក​ជ័យលាភី​នៃ​ស្ថាបត្យកម្ម “​បង្គន់​សាធារណៈ​កម្ពុជា​” ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុងនោះ​៖

-​ជ័យលាភី​លេខ​១៖ ក្រុមនិស្សិត​ផ្នែក​ស្ថាបត្យកម្ម និង​នគ​រូប​នី​យ​វិទ្យា លោក ចេង កេ​ថូ​ង​, លោក ហេង គីម​ហុង​, និង​កញ្ញា ជុំ សុជាតា មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិ​ចិ​ត្យ​សិល្បៈ (​ទីតាំង​គម្រោង​សាងសង់​បង្គន់​សាធារណៈ​ស្ថិតនៅ​សួនច្បារ​សុខា​ជ្រោយចង្វារ​)

-​ជ័យលាភី​លេខ​២៖ ក្រុមនិស្សិត​ផ្នែក​ស្ថាបត្យកម្ម និង​សំណង់​ស៊ីវិល កញ្ញា ពេជ្រ ខ​ង​ពណ្ណ​រិ​ទ្ធ​, លោក ឈាង មុយ និង​លោក ម៉ី សៀង​ហេង មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​ទីតាំង​គម្រោង​សាងសង់​បង្គន់​សាធារណៈ​ស្ថិតនៅ​អតីត​សួន​ទីលាន​ប្រជាធិបតេយ្យ​)

-​ជ័យលាភី​លេខ​៣៖ ក្រុមនិស្សិត​ផ្នែក​ស្ថាបត្យកម្ម និង​នគ​រូប​នី​យ​វិទ្យា លោក ញា ស៊ី​ដា​រ៉ា​, លោក ហេង គឹមហុង និង​លោក​លីម តេ​ក​ហួរ មកពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន (​ទីតាំង​គម្រោង​សាងសង់​បង្គន់​សាធារណៈ​ស្ថិតនៅ​សួន​តាម​បណ្តា​យ​វិថី​ព្រះស៊ីសុវត្ថិ​)​។​

​ព្រម​ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរួម​គ្នា​ប្រកាស​ការប្រឡងប្រណាំង​បង្គន់​សាធារណៈ​កម្ពុជា ឆ្នាំ​២០១៨ ដោយ​បេក្ខភាព​អាច​ចូលរួម​រួមមាន (១) បង្គន់​សាធារណៈ​នៅតាម​ផ្សារ (២)​ចំណតរថយន្ត (៣)​ចំណត​ឈប់សម្រាក (៤)​រមណីយដ្ឋាន (៥)​ទីសាធារណៈ (៦)​សណ្ឋាគារ (៧)​ច្រកទ្វារ​អន្តរជាតិ (៨)​ផ្សារ​ទំនើប និង​(៩)​នៅតាម​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​៕ដោយ៖​វាសនា