ក្រសួងទេសចរណ៍​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី

126
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​-​ភ្នំពេញ ៖ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​នៅ​វិមាន​សន្តិភាព មាន​ពិធី​ចុះហត្ថលេខា​មួយ​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​លោក សៃ​ហ្វូ​ឌី​ន អាប់​ឌុល​ឡា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ាឡេស៊ី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក​បណ្ឌិត មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។

​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​បាន​ផ្តោតទៅលើ ​៖
• ការស្រាវជ្រាវ និង​អភិវឌ្ឍន៍
• ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស
• ការផ្សព្វផ្សាយ និង​ការឃោសនា
• សិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និង​ពិព័រណ៍​ទេសចរណ៍ ពិព័រណ៍​ពាណិជ្ជកម្ម
• ការផ្លាស់ប្ដូរ​ទស្សនកិច្ច​កិច្ច​ស្វែងយល់ និង​ផ្លូវការ​រវាង​មន្ត្រី​ជំនាញ និង
• ការជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​តាមរយៈ​វិស័យ​ទេសចរណ៍

​គួរ​ឲ្យ​កត់សំគាល់ នៅ​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៦,២​លាន​នាក់ កើន ១០,៧% ក្នុងនោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​មាន​ចំនួន​ជាង ២០​ម៉ឺន​នាក់ កើន ១២,២%​។ ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៣,៣​លាន​នាក់ កើនឡើង ១១.២% ក្នុងនោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​មាន​ចំនួន​ជាង ៩​ម៉ឺន​នាក់ កើន ៧%​។ ដោយឡែក ប្រជាជន​កម្ពុជា​បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​ម៉ឺន​នាក់​ផងដែរ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​មានការ​ហោះហើរ​ត្រង់​ចំនួន ៥៨​ជើង​ក្នុង​មួ​យស​ប្តា​ហ៌ ពី​ប្រទេស​ម៉ាឡេស៊ី មក​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា ក្នុងនោះ​រួមមាន ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៧​ជើង ក្នុង​មួយ​សប្តាហ៍ ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​មាន​ចំនួន ១១​ជើង ក្នុង​សប្តាហ៍ និង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន ៤០​ជើង ក្នុង​មួយ​សប្តាហ៍​៕B/

#