ក្រសួងនិងWTO រួមគ្នាពិភាក្សាពីការ​អភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

278
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) ក្រសួងទេសចរណ៍កម្ពុជា បានទទួលរៀបចំសិក្ខាសាលាតំបន់អាស៊ីនៃបណ្តាញអង្គភាពអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព (INSTO: International Network of Sustainable Tourism Observatories) ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។នេះបើតាមវេបសាយរបស់ក្រសួងទេសចរណ៍បានអោយដឹងនៅថ្ងៃនេះ។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោកទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក Zhu Shanzhong នាយកប្រតិបត្តិអង្គការទេសចរណ៍ពិភពលោក និងថ្នាក់ដឹកនាំ អង្គការ UNWTO តំណាងប្រទេសនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន១០ សាកលវិទ្យាល័យជាតិ-អន្តរជាតិ អ្នកជំនាញអន្តរជាតិ សរុបប្រមាណ ២០០នាក់។

សិក្ខាសាលា INSTO អាស៊ី-ប៉ាស៊ីហ្វិក រៀបចំនៅកម្ពុជានាពេលនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការស្រាវជ្រាវថ្មីៗទាក់ទងនឹងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាពនៅអាស៊ីប៉ាស៊ីហ្វិក ដោយដាក់ចេញនូវគោលការណ៍ណែនាំ និងគោលនយោបាយនានាដល់ប្រទេសសមាជិកអង្គការទេសចរណ៍ពិភពលោក សម្រាប់អភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

សិក្ខាសាលាលើកទីមួយនេះនឹងពិនិត្យលទ្ធភាពទទួលយកគោលដៅទេសចរណ៍កម្ពុជាមួយចំនួន ជាសមាជិកនៃបណ្តាញអង្គភាពអន្តរជាតិអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព (INSTO) ដែលជាការគាំទ្រថ្មីមួយទៀតរបស់អង្គការទេសចរណ៍ពិភពលោក ដល់ការអភិវឌ្ឍន៍ទេសចរណ៍នៅកម្ពុជា។

លោក Zhu Shanzhong នាយកប្រតិបត្តិអង្គការទេសចរណ៍ពិភពលោក បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយទទួលបាននូវកំណើនពីរលេខលើរយៈពេលាង២ទស្សវត្សនេះ ហើយកំណើននេះលើសកំណើនទេសចរណ៍របស់ពិភពលោក និងតំបន់។

លោកបានលើកឡើងថា ការជ្រើសរើសកម្ពុជារៀបចំសិក្ខាសាលាតំបន់អាស៊ីនេះពិតជាសាកសម ដើម្បីឲ្យប្រទេសដទៃទៀតបន្តរៀបចំសិក្ខាសាលានេះតទៅមុខទៀត។ អង្គការទេសចរណ៍ពិភពលោក ក៏បានវាយតម្លៃខ្ពស់លើការចូលរួមរបស់កម្ពុជា លើការអភិវឌ្ឍន៍ទេសចរណ៍ពិភពលោកក្នុងក្របខណ្ឌអន្តរជាតិនានា។

លោក ទិត ចន្ថា បានថ្លែងអំណរគុណដល់អង្គការទេសចរណ៍ពិភពលោក និងប្រទេសនានាទាំងអស់ ដែលបានចូលរួមសិក្ខាសាលាខាងលើ ក៏ដូចជាការគាំទ្រដល់ការដឹកនាំ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ ក្រសួងទេសចរណ៍តែងតែយកចិត្តទុកដាក់អនុវត្តនូវគំរូអភិវឌ្ឍនានា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យប្រសើរ យោងតាមគោលការណ៍ចីរភាព និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធស្ត្ររបស់ក្រសួងទេសចរណ៍។

សិក្ខាសាលាអន្តរជាតិនេះ នឹងពិភាក្សាដាក់ចេញនូវរង្វាស់រង្វាល់ទេសចរណ៍ប្រកបដោយចីរភាព ដែលជាកម្រងសូចនាករ វាស់វែងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព សម្រាប់គោលដៅទេសចរណ៍ទាំងអស់ក្នុងពិភពលោក ព្រមទាំងពិភាក្សាលើបទពិសោធន៍នៃការដាក់បញ្ចូលនូវគោលការណ៍អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់ និងការផលិតទៅក្នុងគោលនយោបាយជាតិនៃប្រទេសនានា សំដៅចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាតិ ឆ្នាំ២០៣០៕B/