ក្រសួងបរិស្ថានប្រកាសប្រើ​​ធម៌​​ក្តៅលើក្រុមទន្ទ្រាន យកដី ក្នុងតំបន់ឧទ្យានជាតិ ព្រះសីហនុ

643
ចែករម្លែក
  • 6
    Shares
មន្ត្រីបរិ​ស្ថានចុះអប់រំប្រជាពលរដ្ឋដែលទន្ទ្រានយកដីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុនាពេលកន្លងទៅ(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន

ភ្នំពេញៈ ក្រសួងបរិស្ថានបាន​ព្រមាន​ចាត់​វិធានការច្បាប់ចំពោះក្រុម​ដែលកាន់កាប់ ទន្ទ្រានយកដីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ខេត្តព្រះសីហនុ យកទៅលក់ ដូរ និងអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពល្មើសច្បាប់នេះ។ ការ​ព្រមាននេះ បាន​ធ្វើ​​ឡើង ​បន្ទាប់​ពីមានជនខិលខូច មួយចំនួន បាននិងកំពុង ប្រកាសលក់ ដីពុះ ឡូត៍ថ្មីៗ យ៉ាងអនាធិបតេយ្យ ដែលមានទីតាំង ក្នុងតំបន់ឧទ្យានជាតិរៀម ដែលជាតំបន់ ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវ ដល់សាធារណជនដែលកំពុងព្យាយាមទិញដីធ្លីនៅតំបន់ឧទ្យានជាតិរាមថាសូមមេត្តាមានការប្រុងប្រយ័ត្នព្រោះការទិញលក់ដូរដីស្ថិតក្នុងតំបន់ការពារធម្មជាតិជាទង្វើខុសច្បាប់ ហើយជនប្រព្រឹត្តល្មើសច្បាប់នឹងអាចត្រូវប្រឈមមុខច្បាប់។ គ្មានជនណាម្នាក់ មានសិទ្ធិយកដីរដ្ឋទៅលក់ដូរ និងចេញបណ្ណកម្មសិទ្ធិឱ្យបុគ្គលណាបានឡើយ។ ប្រសិនបើបងប្អូន បន្តសកម្មភាពទិញដូរដីធ្លីដែលស្ថិត ក្នុងតំបន់ការពារធម្មជាតិ ក្រោមការបោកប្រាស់របស់ជនខិលខូច នោះ អាចធ្វើឱ្យបងប្អូន ខាតបង់ប្រាក់ឥត ប្រយោជន៍ បើសិនអជ្ញាធរមានសមត្ថកិច្ ចស្រាវជ្រាវឃើញថា ដីធ្វើការទិញដូរ នោះ ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថានបានបញ្ជាក់នៅថ្ងៃទី២៣ខែមីនានេះទៀតថា “ជនល្មើសដែលទៅកាប់រុករានទ្ទ្រានដីរដ្ឋដោយខុសច្បាប់ ក៏ដូចជាទៅចាប់ដីលើកម្មសិទ្ធិឯកជននៅខេត្តព្រះសីហនុជាច្រើនករណីបាននិងកំពុងតែត្រូវបានចាប់ខ្លួន និងចោទប្រកាន់ រង់ចាំការជំនុំជម្រះក្តីចំពោះបទល្មើសដែលខ្លួនប្រព្រឹត្តប្រឆាំងឹងច្បាប់ស្តីពីតំបន់ការពារតំបន់ធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ និងច្បាប់ដីធ្លី។ ដោយសារតែដីនៅខេត្តព្រះសីហនុមានតម្លៃថ្លៃ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចបន្តកើតមាន និងកន្លែងខ្លះមានការរំលោភកាន់កាប់ដីខុសច្បាប់ពីជនខិលខូចលើដីជាទ្រព្យសម្បត្តិរដ្ឋ និងជារបស់ឯកជនខ្លះ ទោះបីជាអាជ្ញាគ្រប់ជាន់ថ្នាក់ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបក៏ដោយ”។

មន្ត្រីបរិ​ស្ថានចុះអប់រំប្រជាពលរដ្ឋដែលទន្ទ្រានយកដីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុនាពេលកន្លងទៅ(រូបឯកសារ)

លោកបាន​លើកឡើងថា កន្លងមក ការទន្ទ្រាន រុករានកាន់កាប់ដីដោយខុសច្បាប់របស់ប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៊ីដីធ្លីដែលពួកគេបានញុះញង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានរំលោភបំពានច្បាប់ និងបំផ្លាញធនធានធម្មជាតិក្រោមច្រើនរូបភាព ដូចជា ការដាំដំណាំចេក ស្វាយ ខ្លុរ អាកាស្យា.. ជាដើមដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។ ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិខ្លះ ដែលជនខិលខូចខ្លះបានធ្វើក្នុងការទន្រ្ទានកាន់កាប់ដីព្រៃខុសច្បាប់នោះ គឺដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។ល។ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែង ផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅ អាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ឋ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់។ ហើយកន្លងមក ក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឱ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ានៅរាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋានជាដើម។ តាមពិត នេះគឺជាការរំលោភច្បាប់យ៉ាងច្បាស់។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជាទូទៅនៅតាមតំបន់ការពារធម្មជាតិនីមួយៗ មន្ត្រីឧទ្យានុរក្សមិនមានការរឹតបន្តឹង ឬហាមឃាត់ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលប្រកបរបរចិញ្ចឹមជីវិត អាស្រ័យលើការប្រមូលអនុផល ព្រៃឈើ មានដូចជា រកផ្តៅ វល្លិ៍ ឫស្សី បន្លែ ផ្លែឈើ ឬអុសសម្រាប់ដុតប្រចាំថ្ងៃនោះទេ។ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថាន បានគិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ការពារធម្មជាតិនានា តាមរយៈការជួយបង្កើតមុខរបរ បង្កើតប្រភពចំណូល បង្កើនចំណូលសម្រាប់អភិវឌ្ឍជីវភាពគ្រួសារបងប្អូន។

ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការ ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ឋ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។

ជាមួយគ្នានេះ លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការយកពលរដ្ឋមកធ្វើជាលេសដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋជារឿងខុសច្បាប់ និងមិនត្រូវបានអត់ឱនឱ្យឡើយ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលប្រទេសកម្ពុជា មានដើម្បីទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋណាខ្វះដីពិតប្រាកដ សូមដាក់សំណើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរ មិនគួរទន្ទ្រាន រុករានកាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ។ ជនទាំងឡាយដែលបំពាននឹងត្រូវប្រឈមមុខច្បាប់។

           គួរបញ្ជាក់ថា តំបន់រាមមានផ្ទៃដីទំហំ ១៥០០០ហិកតាត្រូវបានបង្កើតជាឧទ្យានជាតិព្រះសីហនុ (រាម)ដោយព្រះរាជក្រឹត្យនៅឆ្នាំ ១៩៩៣៕សរន