ក្រសួងបរិស្ថានៈ​អត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​

343

​ភ្នំពេញៈ​ក្រសួងបរិស្ថាន​បញ្ជាក់​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៧​នេះ​ថា​យោងតាម​ទិន្នន័យ​បង្ហាញថា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​គឺ​ក្នុង​ឆ្នាំ ២០១៤-២០១៦​អត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​ប្រចាំឆ្នាំ​បាន​ធ្លាក់​ចុះមក​នៅ​កម្រិត​០,៣​ភាគរយ​។​

​ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​នេះ​បាន​បរិយាយ​ថា​យោងតាម​ទិន្នន័យ​បម្រែបម្រួល​គម្របព្រៃឈើ នៃ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ឆ្នាំ ២០១០-២០១៤ រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន បង្ហាញឱ្យឃើញថា​មាន​អត្រា​បាត់បង់​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ 0,៦២ ភាគរយ និង​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​ក្នុង​ឆ្នាំ ២០១៤-២០១៦ អត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​ប្រចាំឆ្នាំ​បាន​ធ្លាក់​ចុះមក​នៅ​កម្រិត​០,៣​ភាគរយ​។​

ប្រភព​ដដែល​បន្តថា​លទ្ធផល​បឋម​នៃ​ការវាយតម្លៃ​គម្រប​ធនធាន​ព្រៃឈើ​កម្ពុជា​ឆ្នាំ​២០១៦ បាន​បង្ហាញថា​ផ្ទៃដី​គម្របព្រៃឈើ​សរុប​នៅ​កម្ពុ​ជាមាន​ចំនួន​ប្រមាណ ៤៥,២៦​ភាគរយ​ធៀប​នឹង​ផ្ទៃដី ប្រទេស ។ អត្រា​នៃ​ការបាត់បង់​គម្របព្រៃឈើ​នៅ​កម្ពុជា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​មានការ​ធ្លាក់ចុះ​ដោយ​ចន្លោះ​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៦ អត្រា​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​មាន​ចំនួន 0,៨២​ភាគរយ ខណៈ ចន្លោះ​ឆ្នាំ​២០១០-២០១៤ អត្រា​នៃ​ការបាត់បង់គម្រប​ព្រៃឈើ​មាន​ប្រមាណ ២,៧​ភាគរយ​ក្នុង​មួយឆ្នាំ​។​

​ក្រសួងបរិស្ថាន​បានបញ្ជាក់​ទៀតថា អត្រា​ថយចុះ​គួរឱ្យកត់សម្គាល់​នៃ​ការបាត់បង់​គម្រប​ព្រៃឈើ​នេះ​គឺ​ដោយ​សារតែ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កំណែទម្រង់​លើ​ការការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​របស់រាជរដ្ឋាភិបាល​កម្ពុជា ការដាំ​ព្រៃឈើ​ឡើងវិញ​នៅ​តំបន់​រេចរឹល​មួយចំនួន ក៏ដូចជា​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន កម្លាំង​ប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​លើ​បទល្មើស​ព្រៃឈើ​។ ក្រសួងបរិស្ថាន​នឹង​បន្ត​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក៏ដូចជា​សហការ​ជាមួយ​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ អភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​ដើម្បី​និរន្តរភាព បរិស្ថាន និង​ធនធានធម្មជាតិ​។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​ក៏បាន​លើកឡើង​ផងដែរ​ដោយបាន​សំដៅ​ទៅលើ អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាននិងកំពុង​តែ​បំភ្លៃ បំផ្លើស និង​បំភ័ន្ត​មតិសាធារណៈ​អំពីស្ថានភាព​ធនធានធម្មជាតិ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​បំប៉ោង​ទិន្នន័យ​នៃ​បទល្មើស​ព្រៃឈើ និងការនាំចេញ​ឈើ​ទៅ​ក្រៅប្រទេស​ដែលមាន​លក្ខណៈ​ញុះញង់ និង​មាន​ចេតនា​មួលបង្កាច់​រាជរដ្ឋាភិបាល និងទាត់ចោល​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​លើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​៕MN
ដោយៈមុនីរ័ត្ន

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងឱកាសពិនិត្យព្រៃឈើនាពេលកន្លងទីថ្មីៗនេះ(រូបក្រសួងបរិស្ថាន)