ក្រសួងបរិស្ថាន​កសាង​ដំរី​ពី​ន​រណារយន្ត និមិត្តរូប​នៃ​ការបង្ក្រាប​បទល្មើស​ដើម្បី​អភិរក្ស​ជីវៈចម្រុះ​ឱ្យបាន​គង់វង្ស​

255
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ / មណ្ឌលគិរី​: រូបសំណាក​សត្វ​ដំរី​កសាងឡើង​ដោយ​ប្រើប្រាស់​រណារយន្ត ដែលជា​វត្ថុតាង​ប្រមូលបាន​ពីបទ​ល្មើស​ធនធានធម្មជាតិ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ហើយ​គ្រោង​នឹង​យកទៅ​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​សួនឧទ្យាន​សែន​មនោ​រម្យ ក្នុង​ខេត្តមណ្ឌលគិរី​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ ២០១៩​នេះ ដោយបាន​ឱ្យដឹងថា រូបសំណាក​សត្វ​ដំរី ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត​មាន​ទំហំ​ដូចខាងក្រោម ៖ ទី​១) កម្ពស់ ២,៨០ ម៉ែត្រ (​គិតពី​បាតជើង​ដល់​ចុង​ប្រមោយ​ខាងលើ​) ទី​២-​បណ្ដោយ​ប្រវែង ៣,១០ ម៉ែត្រ (​គិតពី​ក្បាល​ដល់​ជើង​ក្រោយ​) ទី​៣)-​ទទឹង​ចន្លោះ​ពី ០,៩០ ម៉ែត្រ ទៅ ១ ម៉ែត្រ (​គិតពី​ទំហំ​តួខ្លួន​) ហើយ​បាន​ប្រើប្រាស់​វត្ថុតាង​រណារយន្ត​សរុប​៣០០ គ្រឿងក្នុង​នោះ​មាន​ម៉ាស៊ីន​រណារយន្ត និង​ផ្លែ​រណារយន្ត ព្រមទាំង​គ្រឿង​ម៉ូតូ​ប្រព្រឹត្ត​បទល្មើស​។​

​លោក​បាន​ថ្លែងថា​៖ «​រូបសំណាក​សត្វ​ដំរី​សាងសង់ឡើង​នៅក្នុង​គោលបំណង​បង្ហាញ​ដល់​សាធារណជន​ឲ្យ​បានឃើញ​ពី​វត្ថុតាង​រណារយន្ត​ដែល​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចាប់​ឃាត់ ដកហូត និង​ប្រមូល​យកមក​រក្សាទុក​នៅតាម​បណ្ដា​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ទាំង ៥ តំបន់ ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​។ ជាងនេះទៅទៀត ក៏​ចង់បង្ហាញ​ប្រាប់ថា រណារយន្ត គឺជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​កាប់​រុករាន​ដីព្រៃ​របស់​រដ្ឋ និង​ក្នុងន័យ​បញ្ឈប់​នូវ​ការប្រើប្រាស់​រណារយន្ត​ដែល​នាំ​ឲ្យ​មានការ​បំ​ផ្លិ​ញ​បំផ្លាញ​ធនធានធម្មជាតិ ហើយ​ងាក​មក​ចាប់អារម្មណ៍​សត្វ​ដំរី​ដែក ១ ក្បាល​ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត និង​ចង់​ពញ្ញាក់​ស្មារតីរ បស់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សកម្មភាព​ការ​
​ពារ និង​អភិរក្ស​ហ្វូង​សត្វ​ដំរី​រស់ក្នុង​គោលដៅ​បង្កើន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តមណ្ឌលគិរី​»​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានរៀបចំ​ដំឡើង​រូបចម្លាក់​សត្វ​ដំរី​ធ្វើ​ពី​វត្ថុតាង​រណារយន្ត​នេះ ឡើង​ជាមួយនឹង​ជាង​នៅក្នុង​ខេត្តកំពង់ស្ពឺ ដោយ​ប្រើ​រយៈពេល​ចំនួន ៧​ខែ និង​ដោយមាន​ការចូលរួម​គាំទ្រ​ថវិកា​ពី​សប្បុរសជន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ចូលរួម​ក្នុង​សកម្មភាព នៃ​ការរៀបចំ និង​ដំឡើង​រូបចម្លាក់​សត្វ​ដំរី ដែល​ធ្វើ​ពី​វត្ថុតាង​រណារយន្ត​មួយ​នេះ​។ រូបសំណាក​សត្វ​ដំរី​នេះ​នឹងត្រូវ​ដឹក​បញ្ជូនទៅ​ខេត្តមណ្ឌលគិរី​ក្នុង​ពេលវេលា​សមស្រប​។ លោក​បញ្ជាក់​ពី​សវ​តា​នៃ​ការសាងសង់​រូបសំណាក​សត្វ​ដំរី​នេះ​ថា ដោយសារតែ​ខេត្តមណ្ឌលគិរី​មានការ​ជាប់ទាក់ទង​នឹង​រឿងរ៉ាវ​សត្វ​ដំរី​ក្នុងនោះ​រួមមាន​ព្រឹត្តិការណ៍​កើតឡើង​នៅ​អំឡុង​ឆ្នាំ ២០០៧ ត្រង់ចំណុច​ត្រពាំង​ឈូក (​បច្ចុប្បន្ន នៅក្នុង ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​) កូនដំរី​ឈ្មោល​មួយ​ក្បាល បាន​ដើរ​ជាន់​អន្ទាក់​ព្រានព្រៃ​ដាច់​ជើង​ម្ខាង ហើយ​ត្រូវបាន​ក្រុម​អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ​ប្រទះឃើញ​ហើយ​ដឹក​យកទៅ​សង្គ្រោះ នៅ​ឧទ្យាន​សួនសត្វ​ភ្នំ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ នៅ​គ្រានោះ «​ឈូក​» បាន​រួច​ផុតពី​សេចក្តីស្លាប់​។ បច្ចុប្បន្ន​សត្វ​ដំរី​ឈ្មោះ ឈូក​នេះ​បាន​ប្រើប្រាស់​ជើង​សិប្ប​និមិត្ត​ហើយ​អាច​ដើរ បាន​និង​មាន​សុខ​ភាពល្អ​ដូច​សត្វ​ដំរី​ដទៃ​ដែរ​។ រូបសំណាក សត្វ​ដំរី​«​ឈូក​» នេះ​ក៏​ធ្លាប់​ត្រូវបាន​កសាងឡើង​ធ្វើ​អន្ទាក់​ដែល​បាន​ប្រមូល​ពី​ព្រៃ​មក​ដែរ​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​បន្តថា នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៧ ហ្វូង​សត្វ​ដំរី​ចំនួន​១២ ក្បាល បាន​ធ្លាក់​រណ្តៅ​ទឹក និង​ជាប់​ភុង​ក្នុង​ភក់ បង្ក​ការភ្ញាក់ផ្អើល​មួយ​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី​។ ក្រុមការងារ​មន្ទីរ​ប​រិ​ស្ថាន​ខេត្តមណ្ឌលគិរី ដោយ​សហការ​ជាមួយ​អង្គការ WCS និង​ប្រជាពលរដ្ឋ​បាននាំគ្នា​ជីកដី​ធ្វើជា​ផ្លូវ​ដែល​អាចធ្វើឱ្យ​ហ្វូង​ដំរី​ទាំងនោះ​ឡើង​ផុតពី​ភក់ ហើយ​ត្រឡប់​ចូលទៅក្នុង​ព្រៃ​ដោយ​សុវត្ថិភាព ហើយ​ព្រឹត្តិការណ៍​មួយទៀត​គឺ​ហ្វូង​សត្វ​ដំរី​ដែល​តែងតែ​ឧស្សាហ៍​បង្ហាញខ្លួន​នៅ​ខាងក្រោយ​អគារ​រដ្ឋបាល​សាលា ស្រុក​កែវ​សី​ម៉ា និង​ការ​បង្ហាញខ្លួន​ចូលមក​ជិត​ក្បែរ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ និង​ស៊ី​ដំណាំ​នៅក្នុង​ស្រុក​កែវ​សី ម៉ា​ដែល​បាន​បង្ក​ជា​ទំនាស់​រវាង​សត្វ​ដំរី​និង​មនុស្ស​ជាដើម​។​

​តាម​ការ​ថ្លែង​ឱ្យដឹង​របស់លោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ប្រទេស​កម្ពុ​ជាមាន​សត្វ​ដំរីព្រៃ​ចំនួន​ប្រមាណ​ជាង ៥០០ ក្បាល​ដែល​កំពុងតែ​រស់នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​នោះ​តាម​ការសិក្សា សត្វ​ដំរីព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ទាំង ៥ នៅក្នុង​ខេត្តមណ្ឌលគិរី​ទាំងមូល មាន​ប្រមាណ​ជាង ៣៧៥ ក្បាល នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​មាន​ដំរី​ចំនួន​ប្រមាណ​ជិត ២០០ ក្បាល និង​ផ្សេងទៀត​បាននិងកំពុងរ​ស់​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា​របស់​ប្រទេស​កម្ពុជា​។ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ មាន​ទំហំ​ផ្ទៃដី​ចំនួន ៧,៥ លាន​ហិកតា ស្មើ​ប្រមាណ ៤១% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​ត្រូវបាន​ការពារ និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា យោងតាម​ការសិក្សា ចំនួន​សត្វ​ដំរីព្រៃ​នៅ​កម្ពុជា​ក៏ដូចជា នៅ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មានការ​ធ្លាក់ចុះ​ច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍ ចុង​ក្រោម​នេះ​ដោយសារតែ​ការ​បរបាញ់​ខុសច្បាប់ ការបំផ្លាញ​ជម្រក​សត្វ​ដំរី និង​ជម្លោះ​រវាង​ដំរី និង​មនុស្ស ខណៈ​ស្រែចម្ការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ដាំ នៅជាប់​នឹង​តំបន់ការពារធម្មជាតិ ហើយ​ពេលខ្លះ​ដំរី​មក​ស៊ី​ដំណាំ​។​

​លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ចំណែក​សត្វ​ដំរី​ស្រុក​ដែល​ចិញ្ចឹម​ដោយ​អ្នកស្រុក​មាន​ចំនួន​ប្រមាណ ៧០ ក្បាល​។ ចំនួន​សត្វ​ដំរី ស្រុក​ពិតជា​មានការ​ថយចុះ​ដោយសារតែ​មិនមាន​ការបន្ត​ពូជ​បែប​ធម្មជាតិ និង​ដំរី​ខ្លះ​មាន​វ័យចាស់ និង​បាន​ស្លាប់​ជា​បន្តបន្ទាប់​។ បើតាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ ដើម្បី​ការពារ​និង​អភិរក្ស​សត្វ​ដំរី​ឱ្យបាន​គង់វង្ស​នៅក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​រៀបចំ​ផែនការ​អភិរក្ស និង​ការពារ​សត្វ​ដំរី​នៅ​កម្ពុជា​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិរក្ស​សត្វ​ដំរី ដោយ​ពង្រឹង​ប្រសិទ្ធភាព​ការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ ដែលជា​ទីជម្រក​និង​កន្លែង​ផ្តល់​ចំណី​ដល់​សត្វ​ដំរី និង​ការ ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​ជនល្មើស ការហាមឃាត់​ការ​បរបាញ់​សត្វព្រៃ ដើរ​ប្រមូល​អន្ទាក់​ដែល​ព្រានព្រៃ​ដាក់​នៅក្នុង​ព្រៃ និង​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រក​បរបរ​ដាំ​ដាំ​នៅតាម​ចម្ការ​នានា​ក្បែរ​តំបន់​ការ ពារ​ធម្មជាតិ​កុំ​ប្រើប្រាស់​សារធាតុ​គីមី ឬ​បាញ់​សត្វ​ដំរី​ដែល​ចូល​ស៊ី​ដំណាំ​របស់ខ្លួន​៕