ក្រសួងបរិស្ថាន​ថ្កោលទោស​អំពើ​ឃោរឃៅ​នៃ​ក្រុម​ជនល្មើស​កាប់​

624
ចែករម្លែក
  • 141
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅ​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ​ព្រៃ​អង់​តែ​ន នៅ​តំបន់​អូរ​ដើមថ្កូវ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ក្រយា​ស្រុក​ស​ន្ធុ​ក​ខេត្តកំពង់ធំ​ត្រូវបាន​ជនល្មើស​កាប់​បណ្តាល​ឲ្យ​របួសធ្ងន់​ខណៈពេលដែល​ដើរល្បាត​ជួប​ជាមួយ​ក្រុម​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​កាប់​ឆា្ករ​ព្រៃ​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើ​ចម្ការ​។

ក្រសួងបរិស្ថាន​បានបង្ហាញ​ការសោកស្តាយ និង​ថ្កោលទោស​ចំពោះ​អំពើ​អមនុស្សធម៌​សាហាវឃោរឃៅ​របស់​ក្រុម​ជនល្មើស​ប្រឆាំងនឹង​ក្រុម​អ្នកការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​អំឡុងពេល​ចុះ​បំពេញបេសកកម្ម​ក្នុង​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ​។​

​លោក នេត្រ ភក្ត្រា មន្ត្រី រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩ ខែមីនា​ឆ្នាំ​២០១៩​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅ​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ​ព្រៃ​អង់​តែ​ន​ចំនួន​៥​នាក់​បាន​ចុះ​ល្បាត​នៅ​តំបន់​អូរ​ដើមថ្កូវ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ក្រយា​ស្រុក​ស​ន្ធុ​ក​ខេត្តកំពង់ធំ​បាន​ជួបប្រទះ​ជនល្មើស​ចំនួន​២​នាក់​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​កាប់​ឆា្ករ​ព្រៃ​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើ​ចម្ការ​។​

​ពេលនោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ដេញចាប់​ជនល្មើស​តែ​បាន​ទាក់​ជើង​ដួល​ហើយ​ត្រូវ​ជនល្មើស​តដៃ​ដោយបាន​កាប់​ត្រូវ​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់​ឈ្មោះ ចក់ សុជាតិ ត្រូវ​ចំនួន ៥​កាំបិតផ្គាក់ ត្រូវចំ​ក្បាល កញ្ចឹងក​និង​កដៃ បណ្តាលឱ្យ​រងរបួស​ធ្ងន់​។ ចំណែក​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ៤ នាក់​ផ្សេងទៀត​មិនមាន​រងរបួស​អ្វី​ឡើយ​។ ចំណែក​ជនល្មើស​បានរ​ត់​គេច ខ្លួន​បាត់​។

​លោក​បាន​បន្តថា បច្ចុប្បន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែលមាន​របួស​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ផែ្ន​កល​លា​ដ៏​ក្បាល ត្រូវបាន​ក្រុមគ្រូពេទ្យ​បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ រាជធានី​ភ្នំពេញ​។ លោក​រដ្ឋលេខាធិការ​បា​ន​ឱ្យដឹងថា មន្ត្រី​សមត្ថកិច្ច​បាននិងកំពុង​ស៊ើបអង្កេត ធ្វើ​កំណត់ហេតុ និង​ដាក់ពាក្យ​បញ្ជូន​រឿង​ទៅកាន់​តុលាការ​ដើម្បី​វែកមុខ​រក​ជនល្មើស​មក​ផ្តន្ទាទោស​។

លោក ចក់ សុជាតិ គឺជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទី​២ ដែល​ត្រូវបាន​រងរបួស​ដោយ​ការ​តដៃ​របស់​ជនល្មើស ក្នុង​បទល្មើស​ធនធានធម្មជាតិ ក្នុង​រយៈពេល ២ ខែ​ចុង​ក្រោយនេះ​។ កាលពី​ចុងខែ​មករា ឆ្នាំ ២០១៩ មន្ត្រី ឧទ្យាន​ម្នាក់​ឈ្មោះ ចេង ចាន់​ធី ត្រូវបាន​ក្រុម​ព្រានព្រៃ​ប្រកបដោយ​កាំភ្លើង​បាញ់ប្រហារ​មកលើ ធ្វើឱ្យ​របួស​ចំ​ភ្លៅ​អំឡុងពេល​នៃ​ការចុះ​បង្ក្រាប​បទល្មើស​ស​ត្វ​ព្រៃ​ក្នុង​ភូម​សាស្ត្រ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្នុង ខេត្តមណ្ឌលគិរី​។ លោក​នេត្រ​ភក្ត្រា​បាន​ថ្លែងថា​បច្ចុប្បន្ននេះ​ក្រសួងបរិស្ថាន​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​១.២២១​នាក់​ដែល​កំពុងតែ​ការពារ​និង​អភិរក្ស​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន​ជិត ៦០ ដែលមាន​ទំហំ​ប្រមាណ ៧,៥​លាន​ហិកតា​។​

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែលមាន​តួនាទី​ជាម​ន្ត្រី​យុត្តិធម៌ មាន​តួនាទី​ការពារ​និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ​និង​អភិរក្ស​ជីវៈចម្រុះ​នៅតាម​តំបន់ការពារធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា​បាន​លះបង់​សព្វបែបយ៉ាង​រួម​នឹង​អាយុជីវិត​ដើម្បី​ការពារ​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​តទៅ​មុខ​ទៀតហើយ​។​

​លោក​ថ្លែងថា​មិន​ត្រូវយក​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ធ្វើជា​សត្រូវ​ឡើយ​ព្រោះ​ពួកគាត់​បាន​ឆ្លងកាត់​ការលំបាក​ព្យុះភ្លៀង​និង​ប្រឈម​ការគំរាមកំហែង​នានា​ពី​ជនល្មើស​ច្បាប់​ដើម្បី​ការពារ​ធនធានធម្មជាតិ​និង​បរិស្ថាន​៕S/​

#