ក្រសួងបរិស្ថាន​ចេញ​សេចក្តីណែនាំ​ស្តីពី​ការគ្រប់គ្រង​និង​ប្រើប្រាស់​អាវុធ​នៅ​តំបន់ការពារធម្មជាតិ​

160
ចែករម្លែក
ក្រសួងបរិស្ថាន​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការគ្រប់គ្រង​និង​ប្រើប្រាស់​អាវុធ​នៅ​តំបន់ការពារធម្មជាតិ​(រូបថតក្រសួងបរិស្ថាន)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ក្រសួងបរិស្ថាន​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការគ្រប់គ្រង​និង​ប្រើប្រាស់​អាវុធ​នៅ​តំបន់ការពារធម្មជាតិ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​ដោយ​ស្របតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ​និង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​នេះ​បើ​យោងតាម​សេចក្តីណែនាំ​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​ដែល​ចុះហត្ថលេខា​ដោយ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានបញ្ជាក់​តាមរយៈ​សារ​អេឡិចត្រូនិក​ថា​សេចក្តីណែនាំ​នេះ​ធ្វើឡើង​ដើម្បី​គ្រប់គ្រង​ឱ្យបាន​ល្អ​នូវ​ការប្រើប្រាស់​អាវុធ​ក៏ដូចជា​ការគ្រប់គ្រង​គ្រាប់រំសេវ​នៅតាម​តំបន់ការពារធម្មជាតិ​ឱ្យ​បានល្អ​ស្របតាម​ច្បាប់​ដែលមាន​ជា​ធរមាន​។ លោក​បន្តថា​សេចក្តីណែនាំ​នេះ​ធ្វើឡើង​តាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​និង​ក្រសួងការពារជាតិ​ដើម្បីឱ្យ​មានការ​គ្រប់គ្រង​ច្បាស់លាស់​លើ​អាវុធ​គ្រាប់រំសេវ​ទាំងនោះ​ហើយ​សេចក្តីណែនាំ​នេះ​ត្រូវបាន​បញ្ជូន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន នាយក​ដែន​ជម្រក​សត្វ នាយក​ឧ​ទ្យា​ជាតិ​ទាំងអស់ និង​បាន​ណែនាំ​ត្រូវតែ​អនុវត្ត​ឱ្យបាន​ល្អ​។

ក្រសួងបរិស្ថាន​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការគ្រប់គ្រង​និង​ប្រើប្រាស់​អាវុធ​នៅ​តំបន់ការពារធម្មជាតិ​(រូបថតក្រសួងបរិស្ថាន)


លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា​ដើម្បី​គ្រប់គ្រង​អាវុធ​គ្រាប់រំសេវ​តាម​តំបន់ការពារធម្មជាតិ​ស្របតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ​និង​ក្រមព្រហ្មទណ្ឌ​ឱ្យមាន​ប្រសិទ្ធភាព​ក្រសួងបរិស្ថាន​បានធ្វើ​ការណែនាំ​និង​ដាក់ចេញ​នូវ​បទបញ្ជា​ដូចជា​ត្រូវ​រៀបចំ​ឃ្លាំង​និង​មាន​ធ្នើរ​ដាក់អាវុធ​នៅ​ទីតាំង​ដែលមាន​សុវត្ថិភាព និង​ឱ្យបាន​ត្រឹមត្រូវ អាច​ប្រើប្រាស់​អាវុធ​បានតែ​ក្នុងពេល​ចុះ​បំពេញបេសកកម្ម​ល្បាត ទប់ស្កាត់ បង្ក្រាប​បទល្មើស​ធនធាន​ធម្ម​ជា​តុ​គ្រប់​រូបភាព​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​នូវ​លិខិត​បញ្ជា​បេសកកម្ម​និង​ប័ណ្ណ​សម្គាល់​អាវុធ​ឱ្យបាន​ត្រឹមត្រូវ ក្នុង​បេសកកម្ម ហាម​ដាច់ខាត​ការបាញ់បោះ លើកលែងតែ​ក្នុងករណី​ពិសេស​ដែល​ត្រូវការពារ​ខ្លួន​ពី​គ្រោះថ្នាក់​ចំពោះមុខ ហើយ​ករណី​បាត់បង់ ត្រូវ​រាយការណ៍ និង​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​។

ក្រសួងបរិស្ថាន​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការគ្រប់គ្រង​និង​ប្រើប្រាស់​អាវុធ​នៅ​តំបន់ការពារធម្មជាតិ​(រូបថតក្រសួងបរិស្ថាន)

តាម​ការបញ្ជាក់​របស់​លោក​នេត្រ​ភក្ត្រា​គឺ​បច្ចុប្បន្ននេះ​ក្រសួងបរិស្ថាន​បាននិងកំពុង​តែ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ចំនួន ៥៧ កន្លែង​មាន​ទំហំ​ប្រមាណ ៧ ២៤៩ ០២៤ ហិកតា​ដែល​ក្នុងនោះ​មាន​ឧទ្យាន​ជាតិ​ចំនួន ១២ កន្លែង ដែនជម្រកសត្វព្រៃ​ចំនួន ២០​កន្លែង​,​តំបន់ការពារទេសភាព​ចំនួន​១២​កន្លែង​,​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ចំនួន​ប្រាំ​កន្លែង កន្លែង​,​តំបន់​រ៉ា​ម​សារ​ចំនួន​ប្រាំ​កន្លែង​,​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ចំនួន​ពីរ​កន្លែង​និង​របៀង​អភិរក្ស​ជីវសាស្ត្រ​ចម្រុះ​ចំនួន​បី​កន្លែង​។ ក្នុងការ​ការពារ​និង​អ​ភ​រិ​ក្ស​តំបន់​ការពារ​ធម្ម ជាតិ​ទាំងនេះ ក្រសួងបរិស្ថាន​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១.២២០ នាក់​ដែល​កំពុង​ឈរជើង​ការពារ​យ៉ាង ហ្មត់ចត់​នូវ​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ទាំងនោះ​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់ថា​ប្រធាន​មន្ទីរ​បរិស្ថាន​និង​ជា​ប្រធាន​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ​រាជធានី​ខេត្ត​ដែល​បានទទួល​អាវុធ ត្រូវ​ស្នើសុំ​គ្រូបង្វឹក​ជា​យោធា​ចា​រ្យ​នៅតាម​បណ្តា​ភូមិភាគ ដើម្បី​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ដល់​ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ខេត្ត និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុងការ​ប្រើប្រាស់ ថែទាំ និង​គ្រប់គ្រង​អាវុធ​ប្រភេទ សេ​កា​សេ​(CKC) ដែល​ទទួលបាន​នោះ​។

ក្រសួងបរិស្ថាន​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការគ្រប់គ្រង​និង​ប្រើប្រាស់​អាវុធ​នៅ​តំបន់ការពារធម្មជាតិ​(រូបថតក្រសួងបរិស្ថាន)


​ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន​ក៏បាន​ចេញ​សេចក្តីណែនាំ​មួយ​ផ្សេងទៀត​ទាក់ទង​នឹង​ការប្រើប្រាស់​ឯកសណ្ឋាន សញ្ញា​ស័ក្តិ​,​មួក​និង​ស​ញ្ញ​សម្គាល់​សម្រាប់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​កំពុង​ប្រចាំការ​នៅតាម​តំបន់ការពារធម្មជាតិ​នានា​ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​ការប្រើប្រាស់​ឯកសណ្ឋាន​ស្របតាម លិខិតបទដ្ឋាន​ច្បាប់​។
​ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​ស្តីពី​ការប្រើប្រាស់​ឯកសណ្ឋាន សញ្ញា​សក្តិ មួក និង​សញ្ញា​សម្គាល់​សម្រាប់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​កំពុង​ប្រចាំការ​នៅតាម តំបន់ការពារធម្មជាតិ និង​សេចក្តីណែនាំ​ស្តីពី​ការគ្រប់គ្រង​និង​ប្រើប្រាស់​អាវុធ​នៅ​តំបន់ការពារធម្មជាតិ​៖​

#