ក្រសួងបរិស្ថាន​បាន​ផ្ទេរ​មុខងារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​

1000

(​ភ្នំពេញ​) ៖ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​សមត្ថកិច្ច​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ក្រសួងបរិស្ថាន​បាន​ផ្ទេរ​មុខងារ​គ្រប់គ្រង​​តំបន់ការពារធម្មជាតិ និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលមាន​មន្ទីរ​បរិស្ថាន​ជា​សេនាធិការ​។​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន នៅក្នុង​វេទិកា​ថ្នាក់ជាតិ​លើ​កទ​២ ស្តីពី​ការការពារ​និង​អភិរក្ស​ធន​​ធាន​ធម្មជាតិ ប្រព្រឹត្តទៅ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​


​ ​
​លោក​រដ្ឋមន្ត្រី​សាយ សំ​អាល់ បាន​បញ្ជាក់ដែរថា ក្រសួងបរិស្ថាន​បាន​ខិតខំ​ជំរុញ​ការអនុវត្តន៍​សារាចរ​ណែនាំ លេខ​០៥ ស​.​រ​.​ណ​.​ន​. ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល​ស្តីពី​វិធានការ​ចាំបាច់​នានា ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ដោយ​សហការ​ជាមួយ​​គណៈបញ្ជាការ​ឯកភាព​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ពង្រឹង​ការគ្រប់គ្រង ថែរក្សា និង​ការពារ​ធនធានធម្មជាតិ​ដោយបាន​ចាត់​​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ​។​
​ ​
​ក្នុង​វេទិការ​ថ្នាក់ជាតិ​នា​ថ្ងៃ​នេះដែរ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើកឡើងថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​បាន​នឹង​កំពុង​ខិតខំ​ធ្វើការ​កំ​​ណ​ត់​តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ រួមមាន​៖ “​តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​និង​តំបន់​សហគមន៍​” បោះបង្គោល​កំណត់​ព្រំ​តំបន់ការពារធម្មជាតិ រៀបចំ​ផែនការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី សហការ​ចុះបញ្ជី​ដីធ្លី និង​រៀបចំ​ផែនទី​សម្រាប់​ការគ្រប់គ្រង​និង​ប្រើប្រាស់​ដីធ្លី ដូចជា ដី​លំនៅដ្ឋាន​ដី​សមូហភាព​​ជនជាតិដើម​ភាគតិច សម្បទាន​ដី​សេដ្ឋកិច្ច សម្បទាន​ដី​សង្គមកិច្ច និង​តំបន់ការពារធម្មជាតិ ក៏ដូចជា​សម្រាប់​ការកំណត់​និង​បង្កើត​​តំបន់ការពារធម្មជាតិ​ថ្មីៗ​បន្ថែមទៀត​។
​ ​
​លោក​ក៏បាន​បញ្ជាក់ដែរថា តាមរយៈ​យុទ្ធនាការ​របស់​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បទល្មើស​​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំងប្រទេស​ត្រូវបាន​លុបបំបាត់​ទាំងស្រុង​។ ទោះជា​យ៉ាងណាក៏ដោយ​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច​​មួយចំនួន ដូចជា ការ​លួច​កាប់​ឈើ និង​ការកាប់​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​នៅ​បន្ត​កើតមាន ហើយ​ការរុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ ក៏ដូចជា ការប្រើប្រាស់​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ​សម្រាប់​ជា​មូលដ្ឋាន​កងទ័ព នៅតែ​ជា​បញ្ហា​ប្រឈម ដែល​ទាមទារ​ឱ្យ​ក្រសួង ស្ថាប័ន​រដ្ឋបាល​​ថ្នាក់ក្រោម​ជាតិ សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ បន្ត​រួមគ្នា​ចាត់វិធានការ​គ្រប់គ្រង ទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​៕​ដោយ​៖​វិបុល​/sn