ក្រសួងបរិស្ថាន​ប្រគល់​ថវិកា​២​ម៉ឺន​ដុល្លារ​ដល់​សមាគម​អភិរក្ស​ដំរី​នៅ​ខេត្ត​រតនគីរី​

133
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ បានប្រគល់​ថវិកា​ជា​មូលនិធិ​បរិស្ថាន និង​សង្គម​នួន ២​ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​ទៅ​«​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​» នៅក្នុង​ខេត្តរតនគិរី នា​ទីស្តីការ​ក្រសួងបរិស្ថាន​។

​ពិធី​ប្រគល់ និង​ទទួល​មានការ​អញ្ជើញ​ចូលរួម ពី លោក ស៊ី រ៉ា​មុនី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួងបរិស្ថាន និង លោកស្រី ខៃ ចិន្តា ប្រធាន​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងបរិស្ថាន និង​តំណាង​សមាគម ជាច្រើន​នាក់​។

​លោក ស៊ី រ៉ា​មុនី បាន​លើកឡើងថា ក្រសួងបរិស្ថាន មាន​ចក្ខុវិស័យ និង​បេសកកម្ម ក្នុង ការពង្រឹង​ប្រសិទ្ធភាព​ការងារ គ្រប់គ្រង និង​អភិរក្ស ធនធានធម្មជាតិ និង​ការងារ​បរិស្ថាន បានដាក់​ចេញ​នូវ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​ទិសដៅ​ការងារ សំដៅ​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព​ការងារ ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព ដើម្បី​ភាពសុខដុមរមនា​រប​ស់​ប្រជាជន កម្ពុជា​គ្រប់រូប​និង​គ្រប់​ជំនាន់​។ ក្រសួងបរិស្ថាន​បាន​គាំទ្រ ចំពោះ​ស្មារតី​របស់​សមាគម​អៃ​រាវ​ត្តា ក្នុង​ការចូល​រួមការ​ពារ និង​អភិរក្ស​សត្វ​ដំរី ដែលជា​សត្វ​កម្រ និង​ជិត​ផុត​ពូជ​។​ក្រសួង​ផ្តល់​ថវិកា​នៅថ្ងៃនេះ ដើម្បី​លើកទឹកចិត្ត​ដល់​សមាគម សម្រាប់​ការងារ​អភិរក្ស និង​ការ​បង្កាត់​ពូជ​សត្វ​ដំរី​វ​ន្ថែ​ម ទៀត ដើម្បី​បង្កើន​បរិមាណ​សត្វ​ដ៍​កម្រ​នៅក្នុង​តំបន់​។

​លោកស្រី ខៃ ចិន្តា បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងបរិស្ថាន ជាពិសេស​ដល់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​តែងតែ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការការពារ និង​អភិរក្ស​ជីវៈចម្រុះ​កម្ពុជា​។ លោកស្រី​ប្រធាន​សមាគម​អភិរក្ស​ដំរី​អេ​រាវ​ត្តា បាន​បញ្ជាក់ដែរថា​សមា​គម​ន៍​នឹង​ខិតខំ​បន្ថែមទៀត​ក្នុងការ​ស្វែងរក​ការចូលរួម​បន្ថែមទៀត​ពី​ដៃគូ​នានា ដើម្បី​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន ក្នុង​កិច្ចការពារ និង​អភិរក្ស​សត្វ​ដំរី​បន្តទៀត​។​លោកស្រី​នាយិការ​បានអោយដឹង​ច្បាស់​ទៀតថា​លុយ​ដែល​ដែល​បរិស្ថាន​ឲ្យ​នេះ យើង​យកទៅ​ចំណាយ​លើ​ប្រាក់ខែ​បុគ្គលិក​ថែទាំ​ដំរី​មួយចំនួន សំរាប់​ទិញ​ចំណី​ជា​ស្បៀង​ឲ្យ​ដំរី សំរាប់​ពិនិត្យ​សុខភាព​និង​ព្យាបាល​សុខភាព​ដំរី​និង​ចំណាយ​រដ្ឋបាល​ផ្សេងៗ ក្នុង​ការងារ​អភិរក្ស​ដំរី​។ នេះ​គ្រាន់​ជាការ​រួមចំណែក​មួយ​ជួយ​អភិរក្ស​ដំរី​។ តាមពិតទៅ​ការចំណាយ​ទៅលើ​អភិរក្ស​ដំរី​នេះ ត្រូវ​ចំណាយ​អស់​ប្រមាណ​៦​ម៉ឺន​ដុល្លា​អាមេរិក ក្នុង​១​ឆ្នាំ​។

​គួរ​បញ្ជាក់ថា សព្វថ្ងៃ​សមាគម​បាន​កំពុង​និង​ថែរក្សា​ការពារ​សត្វ​ដំរី​ចំនួន ០៤​ក្បាល​(​ឈ្មោល​០៣ ញី​០១) នៅ​ខេត្តរតនៈគិរី ភូមិភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា​៕​