ក្រសួងបរិស្ថាន និង​ប្រជា​សហគមន៍​ព្រៃ​ឡង់ មកពី​ខេត្ត​ចំនួន​៤ ប្រារព្ធ​ពិធី​បំបួស​ដើមឈើ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​

718
ចែករម្លែក
  • 472
    Shares

ប្រពល​រដ្ឋ​ជាង​៣០០​នាក់ មកពី​សហគមន៍​ការពារ​ធម្មជាតិ​នៃ​ខេត្ត​ទាំង​០៤ រួមមាន​ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ក្រចេះ ដែល​គ្រប់​ដណ្តប់​ដោយ​ព្រៃ​ឡង់ បានមក​ជួបជុំ នៅក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» តំបន់​វាល​តា​សិល្ប៍ ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បានរៀបចំ​ប្រារព្ធ​ពិធី​បំបួស​ដើមឈើ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យ​បន្ត​គង់វង្ស​សម្រាប់​អនាគត​។

​អ្នកស្រី ភោគ ហុង គណៈកម្មការ​ព្រៃ​ឡង់ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា គោលបំណង​ដែល​រៀបចំ​ឲ្យ​មានការ​បំបួស​ដើមឈើ​នេះ គឺជា​ការរក្សា​ប្រពៃណី​សាសនា​ជនជាតិដើម​ភាគតិច និង​ការ​រំលឹក​គុណ​ព្រៃឈើ ដែល​បាន​ជួយ​ថែរក្សា និង​ចិញ្ចឹម​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ការ​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​ព្រៃឈើ ការពារ​ធនធាន​ជីវៈចម្រុះ​នៅក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​កាន់តែ​ប្រសើ​ថែមទៀត​។

​លោក វង់ សាន ប្រធាន​សហគមន៍​ក្បាល​ខ្លា​នៃ​តំបន់​ព្រៃ​ឡង់​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ បាន​បញ្ជាក់ថា ព្រៃ​ឡង់​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​យើង​ខ្លាំងណាស់ វា​អាចជួយ​ផ្តល់នូវ​ទឹកភ្លៀង កាត់បន្ថយ​កំដៅ រួមទាំង​ការ​ប្រ​មូ​អនុ​ល​ផល​ពី​ព្រៃឈើ ដូចជា​ផ្លែឈើ វ័ល្ល បេះ​ផ្សិត ជ័រ រួមទាំង​ដង​ជ័រ ដែល​ជួយ​ប្រជា​សហគមន៍​អាច​រកប្រាក់​ចំណូល​គ្រប់​រដូវ​កាល​។ ប៉ុន្តែ​តំបន់​នេះ​ក៏​កើតមាន​បញ្ហា ប្រឈម​ដោយសារ​មាន​ជនខិលខូច​មួយចំនួន នៅតែ​លួច​អារ​ដើមឈើ និង​បរបាញ់​សត្វព្រៃ ខណៈពេលដែល​បណ្តាញ​សហគមន៍​ព្រៃឈើ និង​សម្មតិ​កិច្ច​មានការ​ខ្វះចន្លោះ បន្ទាប់ពី​មានការ​ល្បាត​។ លោក វង់ សាន សង្ឃឹមថា បន្ទាប់បី​មាន​ពិធី​បំបួស​ដើមឈើ​នៅពេលនេះ ដែលជា​ពិសេស​មាន​ប្រជាពលរដ្ឋ​មកពី​សហគមន៍​ការពារ​ធម្មជាតិ ទាំង​០៤​ខេត្ត ដែល​រស់នៅក្នុង​តំបន់​ព្រៃ​ឡង់​មកជួប​ជុំគ្នា នឹង​ពង្រឹង​ការចូលរួម​ស្រឡាញ់​ព្រៃឈើ និង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ព្រោះ​ជា​ទ្រព្យសម្បត្តិ​យើងទាំងអស់គ្នា និង​ជា​អាយុជីវិត​របស់​យើង​ទាំ​អស់​គ្នា ។​

​លោក ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា​ពិធី​បំបួស​ដើមឈើ​ជា​ប្រវត្តិសាស្ត្រ​នេះ បានរៀបចំ​ឡើងជា​លើក​ទី​១ ដែលមាន​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ច្រើន​កុះករ មកពី​០៤​ខេត្ត​ជួបគ្នា​មិន​ធ្លាប់មាន​។ ឯកឧត្តម ខៀវ បូ​រិ​ន បាន​ថ្លែងអំណរគុណ និង​កោតសរសើ​ចំពោះ​ប្រជា​សហគមន៍​នៃ​បណ្តាញ​ការពារ​ព្រៃ​ឡង់​ទាំង​៤​ខេត្ត (​ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ​) រួមទាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​យកចិត្តទុកដាក់ ការពារ ថែរក្សា ស្រឡាញ់​ព្រៃឈើ ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​ព្រៃ​ឡង់ មាននៅ​ទ្រង់ទ្រាយ​ល្អ​រហូតមកដល់​សព្វថ្ងៃ​។ ឯកឧត្តម​បាន​ចាត់ទុកថា​ព្រឹត្តិការណ៍​នៅថ្ងៃនេះ នឹងធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​យល់ច្បាស់​អំពី​គុណ​តម្លៃ​របស់​ព្រៃឈើ​ចំពោះ​មនុស្ស​ទាំងអស់គ្នា ហើយ​សង្ឃឹមថា ពួកគាត់​ចេះ​គ្រប់គ្រង​ធនធាន​របស់ខ្លួន​បានល្អ​ប្រសើរ​ថែមទៀត​» ។​

​ក្នុងឱកាស​នោះ លោក ខៀវ បូ​រិ​ន បាន​សំដែង​ការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​ការបាត់បង់​ដើមឈើ នៅពេល​ប្រជាពលរដ្ឋ ចោះ​រណ្តៅជ័រ នៅលើ​ដើម​ច្បោះ​ច្រើន​កន្លែង នៅលើ​ដើម​តែមួយ ហើយ​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែលមាន​មុខរបរ ដង​ជ័រទឹក​លក់ ពិនិត្យមើល​សកម្មភាព​នេះ ដែល​អាច​បណ្តាល​ឲ្យ​ដើម​ច្បោះ​ងាប់​បាន ដោយសារ​ដើមឈើ​វា រស់​ដោយសារតែ​សំបក​។ ជាមួយគ្នានេះ ឯកឧត្តម ខៀវ បូ​រិ​ន បាន​លើកទឹកចិត្ត​បន្ថែមទៀត​ដល់ ប្រជាពលរដ្ឋ សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សមតិ​កិច្ច​ពាក់ព័ន្ធ ចូលរួម​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​នៅ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​ឲ្យ​បាន​គង់វង្ស​បន្តទៀត​។ ឯកឧត្តម បាន​បញ្ជាក់ដែរថា ក្រសួងបរិស្ថាន បាន​យកចិត្តទុកដាក់​ដល់​ការអភិវឌ្ឍ​សហគមន៍ នៅតាម​តំបន់ការពារធម្មជាតិ​ទាំងអស់​ចាប់ពី​ឆ្នាំ​២០១៧​រហូតមក តាមរយៈ​ការផ្តល់​ពូជ​សត្វ សម្ភារៈ​កសិកម្ម និង​សកម្មភាព​ទ្រទ្រង់​ជីវភាព​សហគមន៍​ផ្សេងទៀត ហើយ​សហគមន៍ នៅ​ដែន​ជម្រក​សត្វ​ព្រ ព្រៃ​ឡង់ និង​ទទួលបាន​ការគាំទ្រ​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។​

​សូមបញ្ជាក់ថា ពិធី​បំបួស​ដើមឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ប្រព្រឹត្តឡើង​រយៈពេល​២​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ បូ​រិ​ន អគ្គនាយក​សហគមន៍​មូលដ្ឋាន តំណាង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី ក្រសួង​និង​មន្ទីរ​បរិស្ថាន ស្ថាប័ន​ពាក់ព័ន្ធ តំណាង​អាជ្ញាធរ​មូលដ្ឋាន សិស្ស និស្សិត ព្រះសង្ឃ ប្រជាពលរដ្ឋ តំណាង​អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​នាក់​ផ្សេងទៀត​។

​ពី​ធី​បុណ្យ​តាម​ប្រពៃណី​សាសនា​បំបួស​ដើមឈើ​នៅពេលនេះ រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ UNDP និង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ក្នុង​បំណង​បង្កើន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​ព្រៃឈើ​ដល់​ប្រជាពលរដ្ឋ និង ដើម្បី​ជាការ​ចាប់ផ្តើម​ពង្រឹង​ក្នុង​កិច្ចសហការ​អភិរក្ស​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​សហគមន៍​ប្រជាពលរដ្ឋនៅក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ នៅតែ​ស្រស់ត្រកាល​គ្រប​ដោយ​ស្បៃ​ធម្មជាតិ​។ កម្មវិធី​បាន​បង្កើត​ឱ្យ​ពិធី​សាសនា ពិធីសូត្រមន្ត​ក្រុង​ពាលី ការពិភាក្សា ទស្សនកិច្ច​សិក្សា និង​មាន​បំបួស​ដើមឈើ​មួយចំនួន​ជា​និមិត្តរូប​ផងដែរ​។​

​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ បង្កើតឡើង​ដោយ អនុក្រឹត្យ​លេខ ០៧៤ អនក្រ .​បក ចុះ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ ២០១៦ មាន​ផ្ទៃដី​សរុប ៤៣១,៦៨៣ ហិច​តា ស្ថិត​នៅជាប់​ភូមិសាស្ត្រ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ។ ដែន​អភិរក្ស​នេះ មាន​សក្តានុពល​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ សំ​ម្បូ​រ​បែប ដែលជា​ជម្រាល​ផ្ទៃ​រងទឹក​ភ្លៀង​សម្រាប់​ស្ទឹងសែន និង​ហូរ​ចាក់​ទៅ​ទន្លេសាប បំរើ​ដល់​វិស័យ​កសិកម្ម ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ចសង្គម បរិស្ថាន និង​វប្បធម៌​យ៉ាងសំខាន់​៕ ល​