ក្រសួងបរិស្ថាន បរិច្ចាគថវិកា២ម៉ឺន​ដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

192
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ក្នុងគោលបំណងជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ក្រសួងបរិស្ថាន បានបរិច្ចាគថវិកា២ម៉ឺនដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ប្រតិភូក្រសួងបរិស្ថានដឹកនាំដោយលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ និងជាតំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននាំយកថវិកាចំនួន ២០ ០០០ ដុល្លារអាម៉េរិក មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ក្នុងការបន្តផ្ដល់សេវាពិនិត្យ ពិគ្រោះនិងព្យា​បាល​ជំងឺកុមារ ដោឥតគិតថ្លៃ និងប្រកបដោយគុណភាព។

តំណាងមូលនិធិគន្ធបុប្ផាកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងបរិស្ថាន និងសូមបន្តលើកទឹកចិត្តដល់សប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ឱ្យចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបជូនថាមូលនិធិគន្ធបុប្ផាកម្ពុជានៅទទួលសមាជិកពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង (២) សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន)រៀល  ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថាក្នុងរយៈពេល ១១ខែនៃ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាសរុបចំនួន ១០,៨៩២,៤០៤ដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាគនានា ជូនមន្ទីរពេទ្យគន្ធបុប្ផា៕B/