ក្រសួងពាណិជ្ជកម្ម​ចិន​ថា សង្គ្រាម​ពន្ធគយ​នឹង​មិនអាច​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​បានទេ​

545
ចែករម្លែក

​អ្នកនាំពាក្យ​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​កត់សម្គាល់ថា ថ្វីបើ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម ក៏​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​នៅតែ​បន្ត​កើនឡើង​។​

​យោងតាម​ទីភ្នាក់ងា​សារព័ត៌មាន​ស៊ិន​ហួ លោក​ហ្គា​វ ហ្វេ​ង អ្នកនាំពាក្យ​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កញ្ញា​ថា វិធានការ​វាយ​ពន្ធ​បន្ថែម​ជា​ឯកតោភាគី​នឹងមិន​ដោះស្រាយ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​ខ្លួន​បាន​នោះទេ​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​ហ្គា​វ​បាន​កត់សម្គាល់ថា ការប្រែប្រួល​នៃ​អតិរេក​ពាណិជ្ជកម្ម​ឬ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​មិនមែន​ត្រូវ​សម្រេច​ដោយ​សេត​វិមាន​នោះទេ ប៉ុន្តែ​ដោយ​ទីផ្សារ​ខ្លួន​វា​ផ្ទាល់​។ លោក​បានចង្អុលបង្ហាញ​ថា​ថ្វីបើ​បាន​សង្គ្រាម​ពាណិជ្ជកម្ម ក៏​អតិរេក​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាមួយ​សហរដ្ឋអាមេរិក​នៅតែ​កើនឡើង ៧,៧ ភាគរយ (​ប្រហែល ១៨១ ពាន់​លាន​ដុល្លារ​) ក្នុង​រយៈពេល ៨ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៨​។​

​លោក​បាន​កត់សម្គាល់ថា ការនាំចេញ​របស់​ចិន​ទៅកាន់​សហរដ្ឋអាមេរិក​បាន​កើនឡើង ៦,៥ ភាគរយ​។​

​យោងតាម​លោក​ហ្គា​វ​បានឱ្យដឹងថា ការកើនឡើង​នៃ​ការនាំចេញ​នេះ​គឺ​ដោយសារ​តែមាន​តម្រូវការ​ខ្ពស់​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​របស់​អាមេរិក​។ ដូចគ្នា​ផងដែរ​ដោយសារតែ​ក្រុម​អ្នក​នាំចេញ​របស់​ចិន​មានការ​ព្រួយបារម្ភ​អំពី​ការផ្លាស់ប្តូរ​គោលនយោបាយ​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក ពួកគេ​បាន​ខិតខំ​រួសរាន់​សម្រេច​កិច្ចព្រមព្រៀង​របស់​ពួកគេ មុនពេល​ការផ្លាស់ប្តូរ​បែបនេះ​អាច​បណ្តាលឱ្យ​ពួកគេ​ខាតបង់​។​

​អ្នកនាំពាក្យ​រូបនេះ​ក៏បាន​និយាយ​ផងដែរ​ថា “​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក​គឺ​ទាក់ទង​ទៅនឹង​អត្រា​ប្រាក់​សន្សំ​ទាប​របស់ខ្លួន ស្ថានភាព​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ក្នុងនាម​ជា​រូបិយ​បណ្ណ​បម្រុង និង​ការត្រួតពិនិត្យ​របស់​ប្រទេស​នេះ​លើ​ការនាំ​ចេញទៅ​ប្រទេស​ចិន​”​។​

​លោក​ហ្គា​វ​បាន​អំពាវនាវ​ឱ្យ​សេត​វិមាន​ទទួលស្គាល់ថា​ពន្ធគយ​ឯកតោភាគី​នឹងមិន​ដោះស្រាយ​បញ្ហា​បានទេ និង​ចាត់វិធានការ​ជាក់ស្តែង​ដើម្បី​ធានាឱ្យមាន​ការអភិវឌ្ឍ “​ប្រកបដោយ​ផលចំណេញ​និង​ស្ថិរភាព​” នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​ពន្ធគយ​ឯកតោភាគី​របស់​រដ្ឋបាល​ត្រាំ​បាន​ជំ​រុញឱ្យ​ប្រទេស​ចិន កាណាដា ម៉ិ​ក​ស៊ិ​ក សហភាព​អឺរ៉ុប និង​ប្រទេស​ដទៃទៀត វាយ​ពន្ធ​សងសឹក​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​វិញ ជាពិសេស​ការនាំចេញ​ផលិតផល​កសិកម្ម​។​

​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​បាន​កើនឡើង​យ៉ាងខ្លាំង​កាលពី​ខែមីនា បន្ទាប់ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បានប្រកាស​វាយ​ពន្ធ​លើ​ការនាំ​ចូល​ដែក​និង​អាលុយមីញ៉ូម​។ ចាប់តាំងពី​ពេលនោះ​មក វ៉ាស៊ីនតោន​និង​ប៉េកាំង​បាន​វាយ​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក​ជាច្រើន​ជុំ ជាមួយ​ការពិគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ទ្វេភាគី​មិនអាច​ដោះស្រាយ​ជម្លោះ​នេះ​បានឡើយ​៕ ដោយ៖ កញ្ញាដាលីស