ក្រសួងពាណិជ្ជកម្ម​បញ្ជា​ក្រុមហ៊ុន​ឬ​អ្នក​នាំចូល​ណា ដែល​បំពាន​សិទ្ធិផ្តាច់មុខ​ត្រូវ​បញ្ឈប់​ជាបន្ទាន់

1168

(​ភ្នំពេញ​) ៖ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្ដី​ព្រមាន​ដោយ​ចំណាត់ការ​ផ្លូវច្បាប់ ចំពោះ​ក្រុមហ៊ុន​ឬ​អ្នក​នាំចូល​ណា​ដែល​នៅតែ​បន្ដ​លួច​នាំចូល និង​ចែកចាយ​ទំនិញ ដែល​បំពាន​លើ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​។​
​ ​
​ក្នុង​សេចក្ដីជូនដំណឹង​ក្រសួង​បាន​អះអាងថា កន្លងមក​មាន​ក្រុមហ៊ុន ឬ​អ្នក​នាំចូល​មួយចំនួន​បាន​លួច​នាំចូល និង​ចែកចាយ​ទំនិញ ដែល​បំពាន​លើ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ លើ​ទំនិញ ពាក់​ម៉ាក​ណាមួយ​ក្នុងប្រទេស​កម្ពុជា តាម​ការប្រគល់សិទ្ធិ​ពី​ម្ចាស់​ម៉ាក ដែល​បាន​កត់ត្រា និង​តម្កល់​នៅ​ក្រសួងពាណិជ្ជកម្ម​រួចហើយ​។​
​ ​
​ក្នុងន័យនេះ ដើម្បី​ការពារ​សិទ្ធិផ្ដាច់មុខ​លើ​ម៉ាក​ដូច​មានចែង​ក្នុង​ច្បាប់ ក្រសួង​បានស្នើ​ឲ្យ​ក្រុមហ៊ុន​ឬ​អ្នក​នាំចូល​និង​ចែកចាយ​ទំនិញ​​ពាក់​ម៉ាក ដែល​បំពាន​សិទ្ធិផ្ដាច់មុខ​ទាំងនោះ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ដើម្បី​ចៀសវាង​ការប្រឈមមុខ នឹង​ចំណាត់ការ​ផ្លូវច្បាប់​ណាមួយ​។​
​ ​
​សេចក្ដីជូនដំណឹង បានបញ្ជាក់​ទៀតថា ក្នុងករណី​ដែល​ក្រុមហ៊ុន និង​អ្នក​នាំចូល​ទាំងនោះ នៅតែ​បន្ដ​បំពាន​សិទ្ធិផ្ដាច់មុខ​ទាំងនោះ សូម​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​តាម​មាត់ច្រក​ព្រំដែន និង​ក្នុង​ផ្ទៃ​ប្រទេស ដើម្បី​ទប់​ស្ដា​ត់​ការនាំ​ចូល​និង​ចែកចាយ ដោយ​បំពាន​សិទ្ធិផ្ដាច់មុខ​ទាំងនោះ​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​៕​ដោយ​៖​វិបុល​/sn