ក្រសួងពាណិជ្ជកម្ម​បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រី​លើ​ការងារ​ព័ត​មាន​ទីផ្សារ​បន្ថែម

1130
ចែករម្លែក

​​ដោយ : ពៅ និមល​/ ​ភ្នំពេញ : ក្នុង​គោលដៅ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ឲ្យ​កាន់តែ​រីកចម្រើន​ត​ទៅមុខទៀត នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨​នេះ ក្រសួងពាណិជ្ជកម្ម ក្រោម​ការឧបត្ថម្ភ​អង្គការ​របស់​ប្រទេស​អាល្លឺម៉ង់​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ព័ត៌មាន​ទីផ្សារ​” ដែលមាន​ការចូលរួម​ពី​ថ្នាក់​ក្រសួង និង​សិក្ខាកាម​មកពី​ក្រសួងពាណិជ្ជកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម​គ្រប់​ខេត្ត​ក្រុង​ប្រមាណ​៦០​នាក់​។​

នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា សិក្ខាសាលា​នេះ​រៀបចំឡើង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា ដើម្បី​ចែករំលែក​ចំណេះដឹង​ស្តីអំពី ព័ត៌មាន​ទីផ្សារ របស់​ក្រុមហ៊ុន​ការប្រមូលផ្តុំ​ព័ត៌មាន និង​ការវិភាគ​ព័ត៌មាន​ទីផ្សារ​ដែល​អាច​ជឿទុកចិត្ត​បាន ក្នុង​ការកំណត់​យុទ្ធសាស្ត្រ​ទីផ្សារ ការយល់ដឹង​ពី​បញ្ហា​ប្រឈម និង​ឱកាស​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម ការកំណត់​សក្តានុពល​ទីផ្សារ​និង​ការអនុវត្ត​តាម​ស្តង់ដារ​ទីផ្សារ​នៅក្នុង​តំបន់​ទីផ្សារ​សេដ្ឋកិច្ច​អាស៊ាន ក៏ដូចជា​ពិភពលោក ជូន​មន្ត្រីរាជការ​របស់​ក្រសួងពាណិជ្ជកម្ម​។​

​លោក​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់ថា ជាមួយនឹង​សិក្ខាសាលា​នេះ​វាគ្មិន​នឹង​ចែករំលែក​បទពិសោធន៍​ល្អៗ និង​ជំនាញ លើ​ប្រធានបទ​នវានុវត្តន៍​ប្រព័ន្ធ​វៃឆ្លាត​ដោយ​ប្រើប្រាស់​ឧបករណ៍​វិភាគ​ទីផ្សារ​អន្តរជាតិ ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​អន្តរជាតិ វិភាគ​អំពី​និន្នាការ​ទីផ្សារ លក្ខខណ្ឌ​ច្រកចូល​ទីផ្សារ អំពី​ទិន្នន័យ​នាំចេញ​នាំចូល វិភាគ​អំពី​តម្រូវការ​របស់​ទីផ្សារ​ពិភពលោក​សម្រាប់​ផលិតផល​ណាមួយ រួមទាំង​ទំហំ​ពាណិជ្ជកម្ម​អំពី​អត្រា​កើនឡើង​នៃ​ការនាំ​ចូល​និង​អំពី​អត្រាពន្ធ​នាំចូល ក៏ដូចជា​អំពី​ថ្លៃ​នាំចូល​ដើម្បី​ទទួលបាន​ភាពអនុគ្រោះ​ពី​តំបន់​ពាណិជ្ជកម្ម​សេរី​។​

​តាម​ការលើកឡើង​បន្ថែម​របស់លោក សំហេង បូរ៉ា បានបញ្ជាក់​ទៀតថា នៅ​អា​ណិ​ត្ត​ទី​៦ ក្រសួងពាណិជ្ជកម្ម​នឹង​នៅតែ​ខិតខំ​ប្រឹងប្រែង​បន្តការងារ​ថែមទៀត​ដើម្បី​បន្ត​ធានា​នូវ​ស្ថេរភាព​ទីផ្សារ ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់ បង្ក្រាប​រាល់​ផលិតផល​ដែល​គ្មាន​គុណភាព ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​សម្រាប់​អាជីវករ កសិករ​ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​ធ្វើ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ទាំងអស់​ផងដែរ​៕B

#