ក្រសួងពាណិជ្ជកម្ម​ប្រកាន់​គោលជំហរ​ថា មិន​លន់តួ​យូរ​ទេ​ជាមួយ EU លើ​បញ្ហា​ការយកពន្ធ​អង្ករ​ខ្មែរ

489
ចែករម្លែក
  • 25
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ : តាម​ការគ្រោងទុក​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​សន្និសីទ​សារ​ព័ត​មាន ស្តីពី​ការដាក់​វិធានការ​ការពារ​ទីផ្សារ (Safegusard Measures) ដោយ​សហភាព​អឺរ៉ុប (EU) មកលើ​អង្ករ (Indica Rice) របស់​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប នៅ​ទីស្តីការក្រសួង ក្រោម​វត្តមាន​របស់លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​។​

​នៅក្នុង​សន្និសីទ​សារ​ព័ត​មាន​នេះ លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើងថា “​យើង​នឹងមាន​វិធាន​បន្ត​ទោះបីជា​មានការ​យកពន្ធ​អង្ករ​ពី​កម្ពុជា​ក្តី ដោយ​យើង​ឈរលើ​គោលការណ៍​ឯករាជ្យ​ផ្ទាល់ គឺ​ការពង្រឹង​ឯករាជ្យភាព​ជាតិ អធិបតីភាព​ជាតិ​ក្នុងនាម​ពាណិជ្ជកម្ម​យើង​នឹង​លែង​សុំ ឬ​តវ៉ា​អ្វី​ទៀត​ទេ (​បើសិន អ៊ី​យូ នៅតែ​មិន​ព្រម​ឲ្យ​) ដែល​តាម​គោលការណ៍​ច្បាប់​គឺ​យើង​ឈរ​ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ​មួយ យើង​ច​ចារ​ក្នុងនាម​ជា​សមាជិក​អាស៊ាន ប៉ុន្តែ​តំបន់​ពាណិជ្ជកម្ម​ស៊េរី​ខុស​មួយ​ដែល​យើង​គ្រោង​បញ្ចប់​ក្នុងឆ្នាំនេះ មានន័យថា​អាស៊ាន​បូក​នឹង​ប្រទេស​ចំនួន​០៦​ផ្សេងទៀត រួមមាន​៖​ប្រទេស​ជប៉ុន ចិន កូរ៉េ អូស្ត្រាលី ញ៉ូ​សា​ឡែ​ន និង​ឥណ្ឌា បើ​បូក​បញ្ចូល​គ្នា​គឺ ធំ​ជាង​ពាក់កណ្តាល​នៃ​សេដ្ឋកិច្ចពិភពលោក​។ ហើយ​យើង​កំពុងតែ​រៀបចំ​តំបន់​ពាណិជ្ជកម្ម​ស៊េរី​នេះ​រួច យើង​បូក​ជាមួយ​តំបន់​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់ ដែល​នេះហើយ​គឺ​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​”​។​

​លោក សុខ សុភ័ក្ត្រ លើកឡើងថា កម្ពុជា​ក៏​ធ្លាប់​បានគិត​ទុកជាមុន​ដែរ​ថា ទីផ្សារ​សហគមន៍​អឺរ៉ុប​ជាទី​ផ្សារ​មិនអាច​រួច​ពន្ធ​យូរអង្វែង​ទេ ព្រោះ​ការផ្តល់​រួច​ពន្ធ​នេះ​ស្ថិតក្នុង​លក្ខណៈ​បណ្តោះអាសន្ន​មួយ​នៅពេលដែល​គេ​ជួយ​យើង​ឲ្យ​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ប៉ុណ្ណោះ មានន័យថា​មុន​និង​ក្រោយ​គឺ​យើង​នឹង​ជួប ប៉ុន្តែ​ទន្ទឹមនេះ​កម្ពុជា​ក៏បាន​ត្រៀម​រួចជាស្រេច​ហើយ​ដែរ​លើ​បញ្ហា​ទាំងអស់នេះ​។

​លោក​រដ្ឋលេខាធិការ​បា​ន​ឲ្យ​ដឹង​ទៀតថា ទាក់ទង​នឹង​ការយកពន្ធ​អង្ករ​ខ្មែរ​របស់ EU គឺមាន​បច្ច័យ​ល្អ និង​មិនល្អ ក្នុងនោះ​បច្ច័យ​មិនល្អ​គឺ​ការដាក់​វិធានការ​យកពន្ធ​អង្ករ​ពី​កម្ពុជា ដែលជា​សិទ្ធិ​របស់​សហភាព​អឺរ៉ុប ប៉ុន្តែ​ការតវ៉ា​គឺជា​សិទ្ធិ​របស់​កម្ពុជា​ដោយ​ផ្អែកលើ​មូលដ្ឋាន​លិខិតបទដ្ឋាន​ច្បាប់​ជាតិ​និង​អន្តរជាតិ ហើយ​បច្ច័យ​មិនល្អ​កើតឡើង​ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា នៅ​ឆ្នាំ​២០០២​យើង​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ ដែល​យើង​ហៅ អ៊ី​ប៊ី​អេ (EBA) រួច​ពន្ធ​ទៅលើ​គ្រប់​មុខទំនិញ​ទាំងអស់ លើកលែង​គ្រឿង​សភា​វុ​ធ នៅពេល​នឹង​ប្រទេស​កម្ពុជា​ក្តី ក៏ដូចជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្តី​សរុប​ចំនួន​៣៦​ប្រទេស បូក​នឹង​មិនមែនជា​សមាជិក​ចំនួន​០៨​ផ្សេងទៀត ក៏បាន​ទទួល​ភាពអនុគ្រោះ​ពន្ធ​ដូចគ្នា​ដែរ​ដើម្បី​ជួយ​។ ដូច្នេះ​កម្ពុជា​បាន​តាមរយះ​នោះ បានចាប់ផ្តើម​ទទួលបាន​ការនាំចេញ​ដោយ​អនុគ្រោះ​ពន្ធ មូលដ្ឋាន​ដែល​មិន​ជាប់ពន្ធ​នេះហើយ វា​ជា​មូលដ្ឋាន​មួយ​ដែល​ការដាក់ចេញ​ជា​វិធានការ​។ បើ​យើង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហគមន៍​អឺរ៉ុប​មាន​ពន្ធ​គេ​តម្លើង​ពន្ធ​ដែលមាន​ស្រាប់​ទៅលើ​ទៀត សម្រាប់​កម្ពុជា​ដោយសារតែ​គ្មាន​ពន្ធ​គេ​តម្លើង​ពី​០ ចំនួន​១៧៥​អឺរ៉ូ ស្មើ​ប្រមាណ​២០០​ដុល្លារ ក្នុង​០១​តោន​, ឆ្នាំ​ទី​២​តម្លៃ​១៥០​អឺរ៉ូ ស្មើ​ប្រមាណ​១៧០​ដុល្លារ ក្នុង​០១​តោន និង​ឆ្នាំ​ទី​៣ តម្លៃ​១២៥​អឺរ៉ូ ស្មើ​ប្រមាណ​១៤២​ដុល្លារ​អាម៉េរិក ក្នុង​០១​តោន​។​

​ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា ការដែល​គណកម្មាធិកា​រ​អឺរ៉ុប​បានសម្រេច​យកពន្ធ​លើ​ផលិតផល​អង្ករ​កម្ពុជា ពិតជា​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ផល​ប្រ​យោ​ជ​ន៏​កសិករ​កម្ពុជា​រាប់លាន​នាក់​ដែលជា​អ្នកក្រីក្រ​ស្រាប់​។ ដោយ​លោក​បាន​ចោទ​សួរថា តើ​ទង្វើ​នេះ​ជាការ​គោរព​សិទ្ធិមនុស្ស​ប្ញជាកា​រំលោភសិទ្ធិ​មនុស្ស​?​។ លោក​បន្តថា ទង្វើ​របស់​គណកម្មាធិកា​រ​សហភាព​អឺរ៉ុប​នេះ គឺជា​ការ​រើស​អើ​ង្នុ​ង​ការធ្វើ​ពាណិជ្ជកម្ម និង​ក៏​ជាការ​ក្បត់​កិច្ចសន្យា​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​។ តើ​ការបោះបង់ចោល​កិច្ចសន្យា​ជា​ទង្វើ​ត្រឹមត្រូវ​ឬទេ ក្នូ​ង​នាម​ជា​ប្រទេស​ស៊ីវីល័យ​នោះ​? តើ​សហភាព​អឺរ៉ុប​សមជា​ប្រទេស​ប្រជាធិបតេយ្យ​ដែរ​ទេ​? សរុបមក ទាំង​គណកម្មាធិការ​អឺរ៉ុប និង​បណ្តា​ប្រទេស​ក្នុង​សហគម​ន៏​អឺរ៉ុប​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ជាក់ស្តែង​។​

​សូមបញ្ជាក់ថា សហគមន៍​អឺរ៉ុប​សម្រេច​ចាប់ផ្តើម​យកពន្ធ​លើ​ការ​នាំចូល​អង្ករ​មិនមែន​មានតែ​ប្រទេស​កម្ពុជា​ទេ គឺមាន​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ដែល​នាំចេញ​ទៅកាន់​ប្រទេស​ដែលជា​សមាជិក​អឺរ៉ុប​ចំនួន​២៨​ប្រទេស សម្រាប់​រយៈពេល​០៣​ឆ្នាំ ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ រហូតដល់​ឆ្នាំ​២០២១​។ ការសម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា​នេះ ដោយសារ​អឺរ៉ុប​រកឃើញថា អង្ករ​របស់​កម្ពុជា និង​មី​យ៉ាន់​ម៉ា ដែល​នាំ​ចូលទៅ​អឺរ៉ុប​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត​អង្ករ​របស់​ពួកគេ បន្ទាប់ពី​មាន​បណ្តឹងតវ៉ា​ពី​ប្រទេស​អ៊ីតាលី និង​អេ​ស្ប៉ា​ញ​កាលពី​កន្លងទៅ​៕ ល​