ក្រសួងពាណិជ្ជកម្ម​ពន្យល់​ពី​ប្រេង​ឡើងថ្លៃ ខណៈ​ពលរដ្ឋ​ព្រួយបារម្ភ​ពី​ការប៉ះពាល់​ដល់​ជីវភាព​

1539
ចែករម្លែក
  • 206
    Shares

​ដោយ​: ដេប៉ូ / ភ្នំពេញ​: បន្ទាប់ពី​មានការ​កម្រើក​តម្លៃ​ប្រេងសាំង​កើនឡើង​បន្តបន្ទាប់​មក​នោះ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​អះអាងថា ការប្រែប្រួល​នា​កន្លងមកនេះ ដោយសារតែ​តម្លៃ​ទីផ្សារ​អន្តរជាតិ​កើនឡើង​តែប៉ុណ្ណោះ​។​

​ការឆ្លើយតប​ទៅនឹង​ក្រសួងពាណិជ្ជកម្ម​នេះដែរ ដោយសារតែ​ពលរដ្ឋ​មួយចំនួន​បានបង្ហាញ​ពី​ការមិន​ពេញចិត្ត បន្ទាប់ពី​តម្លៃ​ប្រេងសាំង​ដែល​ធ្លាប់តែ​នៅក្រោម​៤​ពាន់​រៀល ប៉ុន្តែ​ពេលនេះ​បាន​ហក់​ឡើង​រហូតដល់​ជាង​៤០០០​រៀល​រួចមក​។ ជាមួយគ្នា​ក្រសួង​ពា​ណិ​ជ្ចក​ម្ម ក៏បាន​បង្ហាញ​ពី​តម្លៃ​ទីផ្សារ​ប្រេងសាំង អាច​នឹង​បន្ត​កើនឡើង​បន្ថែមទៀត បើសិន​ទីផ្សារ​អន្តជាតិ​នៅតែ​បន្ត​កើនឡើង​នោះ​។​

​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន នា​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៨​នេះ​ថា ការ​ហក់​ឡើង​តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ននេះ ដោយសារតែ​ទីផ្សារ​ប្រេង​អន្តរជាតិ​បាន​ឡើងថ្លៃ​ប៉ុណ្ណោះ​។ នា​ពល​នេះ សាំង​នៅ​ទីផ្សារ​អន្តរជាតិ​ឡើងថ្លៃ​ប្រមាណ​៩០​ដុល្លារ​ក្នុង​មួយ​បា​រែ​ល ហេតុនេះ​ការប្រែប្រួល​តម្លៃ​ប្រេងសាំង​កម្ពុជា គឺ​មិនអាច​ចៀសផុត​នោះទេ​។ ទាំងនេះ​ដោយសារ​ថា កម្ពុជា​មិនបាន​ផលិត​ប្រេង​ឡើយ គឺ​ពឹងផ្អែក​ការនាំ​ចូល​ពី​ប្រទេសក្រៅ​ទាំងស្រុង​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា ក្រសួងពាណិជ្ជកម្ម បានកំណត់​តម្លៃ​ប្រេង​ជា​រៀងរាល់​១០​ថ្ងៃ​ម្ដង ជាមួយនឹង​ក្រុមហ៊ុន​ប្រេងសាំង ដើម្បី​កំណត់​ការលក់​រាយ​លើ​ទីផ្សារ​កម្ពុជា ដែលមាន​ការប្រែប្រួល​ទៅតាម​ប្រេងសាំង​លើ​ទីផ្សារ​អន្តរជាតិ​។​

​ទាក់ទិន​ទៅនឹង​ប្រេងសាំង​ឡើងថ្លៃ​នេះដែរ លោក​បានឱ្យដឹងថា ”​បើ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​ដូចជា​អឺរ៉ុប អារ៉ាប់ និង​បណ្តា​ប្រទេស​មួយចំនួនទៀត ដែល​តម្លើងថ្លៃ​នោះ​នៅ​កម្ពុជា ក៏ត្រូវ​ប្រែប្រួល​ហើយ​។ ព្រោះថា កម្ពុជា​ជា​អ្នក​នាំ​ប្រេង​ចូលមក​ពី​ប្រទេស​គេ​ហេតុនេះ តម្លៃ​ប្រេងសាំង​ការប្រែប្រួល​ជានិច្ច​”​។​

​ទាក់ទិន​ទៅនឹង​ការដែល​ក្រសួង​មិនបាន​គ្រប់គ្រង​ទៅលើ​ទីផ្សារ​សាំង​ស៊ូ​ពែរ ហើយ​មានតម្លៃ​ខ្ពស់ជាង​ប្រេងសាំង​ធម្មតា ដូច​សព្វថ្ងៃ​នេះដែរ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ធ្វើការ​ពន្យល់ថា ការធ្វើ​បែបនេះ ដើម្បីឱ្យ​ក្រុមហ៊ុន​ប្រេងសាំង​នៅ​កម្ពុជា​អាច​រក​ផល​កម្រៃ​សម្រាប់​ខ្លួន​ខ្លះ ព្រោះតែ​ប្រភេទ​ប្រេងសាំង​នេះ មានប្រើ​ប្រាស់​នៅ​កម្ពុជា​ត្រឹមតែ​១៥​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​មាន​តម្រូវការ​ខ្ពស់​នោះ​។

​លោក​បាន​បន្តថា សម្រាប់​សាំង​ធម្មតា​ក្រសួង​បានឱ្យ​ក្រុមហ៊ុន​បញ្ចុះ​លើ​តម្លៃ​ទីផ្សារ​១​លីត្រ​ចំនួន​១​សេន និង​ប្រេងម៉ាស៊ូត​វិញ ក្រសួង​បានឱ្យ​ចុះ​ចំនួន​២​សេន​។ ​លោក​ថា តាមពិត​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​ឡើង​ប្រមាណ​ជាង​៦០​ភាគរយ ប៉ុន្តែ​នៅ​កម្ពុជា​ឡើង​តែ​ជាង​២០​ភាគរយ​ប៉ុណ្ណោះ​។ ជាមួយគ្នា​ទាក់ទិន​ទៅនឹង​ការ​រិះគន់ថា ប្រេងសាំង​នៅ​កម្ពុជា​មានតម្លៃ​ខ្ពស់ជាង​ប្រទេសជិតខាង​នោះដែរ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​ពន្យល់ថា នៅ​ប្រទេស​ជិត​ខ្លះ​ក៏មាន​តម្លៃលើស​កម្ពុជា​នោះដែរ ទាំង​នៅតាម​បណ្តា​ប្រទេស​អាស៊ី​ក៏ដូចជា​អឺរ៉ុប​ជាដើម​។​

​យោងតាម​ស្ថិត​នោះ​បង្ហាញថា សាំង​នាំ​ចូលមក​កម្ពុជា​ក្នុង​មួយឆ្នាំៗ​ប្រមាណ​២០០​លាន​តោន ហើយ​ជា​ប្រភេទ​នាំចូល​ច្រើន​ប្រទេស​ក្នុងនោះ មានដូចជា​ថៃ វៀតណាម អឺរ៉ុប​និង​អាមេរិក​ជាដើម​។​

​សម្រាប់​តម្លៃ​ប្រេងសាំង​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា គឺ​ប្រភេទ​ប្រេងសាំង​ធម្មតា​បាន​ឡើងដល់​៤១០០​រៀល និ​ប្រេងសាំង​ស៊ូ​ព័រ​បាន​ឡើង​រហូតដល​៤៤០០​រៀល​។ ការកើនឡើង​នៃ​តម្លៃ​ប្រេង​នេះដែរ បង្កឱ្យមាន​ការរិះគន់ និង​ព្រួយបារម្ភ​ទូទៅ​ដោយសារ​ថា វា​នឹង​ប៉ះពាល់​ដោយផ្ទាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕ ល​