ក្រសួងពាណិជ្ជកម្ម តម្រូវ​ឲ្យ​បិទ​ស្លាក​ថ្លៃទំនិញ​ជា​ប្រាក់រៀល​

1857
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រសួងពាណិជ្ជកម្ម បានកំណត់​ឲ្យ​អាជីវករ អ្នកផ្ដល់​សេវា​លក់ទំនិញ នៅ​កម្ពុជា​ទាំងអស់ ត្រូវតែ​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់រៀល គ្រប់មុខ​ទំនិញ​ដែល​បាន​ចរាចរណ៍​នៅលើ​ទីផ្សារ ដើម្បី​ពង្រឹង​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក (​ប្រាក់រៀល​)​និង​បម្រើ​ផលប្រយោជន៍​ប្រជាជន​និង​អ្នកប្រើប្រាស់​ទូទៅ​។​
​ ​
​យោងតាម​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​ចុះហត្ថលេខា​ដោយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧ ហើយ​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧​ឲ្យ​ដឹងថា ពាណិជ្ជករ អាជីវករ សេវាករ​ទាំងអស់ ដែល​កំពុង​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម អាជីវកម្ម និង​សេវាកម្ម ទាំងអស់​ក្នុងប្រទេស​កម្ពុជា ត្រូវតែ​បិទ​ស្លាក​តម្លៃ​លើ​គ្រប់មុខ​ទំនិញ និង​សេវា​របស់ខ្លួន​ជា​ប្រាក់រៀល​ជាដាច់ខាត​។​

​ក្នុង​ប្រកាស​បានបញ្ជាក់​ទៀតថា ក្នុងករណី​ពាណិជ្ជករ អាជីវក ទាំងឡាយ​មិនបាន​អនុវត្ត​តាមប្រកាសនេះ​នឹងត្រូវ​ទទួលខុសត្រូវ​តាម​​ច្បាប់​ជា​ធរមាន​។​
​ ​
​សេចក្ដីប្រកាស ក៏បាន​កំណត់​ដែរ​ថា ក្នុងករណី​ទីតាំង​ពាណិជ្ជកម្ម អាជីវកម្ម និង​សេវាកម្ម​មិន​ជាប់ពន្ធ (Duty Free)​ដែលមាន​ការ​​អនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវ​បិទ​ស្លាក​ថ្លៃ​ជា​រូបិយប័ណ្ណ​បរទេស ម្ចាស់​ទីតាំង​ពាណិជ្ជកម្ម អាជីវកម្ម ទាំងនោះ​ត្រូវ​មកសុំ​ការ​​អនុញ្ញាត​ពី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត ដែលមាន​ទីតាំង​អាជីវកម្ម សេវាកម្ម ស្ថិតនៅ​។​
​ ​
​សេចក្តីប្រកាស​នេះ​ក៏បាន​សង្កត់ធ្ងន់ថា ពាណិជ្ជករ អាជីវករ និង​សេវាករ ជា​ម្ចាស់​ហាង​លក់ទំនិញ​រួច​ពន្ធ (Duty Free shops) ដែល​សុំ​លិខិត​អនុ​ស​ញ្ញ​តិ​បិទ​ស្លាក​ថ្លៃ​ជា​រូបិយប័ណ្ណ​បរទេស ត្រូវមាន​កាតព្វកិច្ច​ប​ង់ក​ម្រៃ​សេវាសាធារណៈ​ជូន​រដ្ឋ​៕ដោយ៖វិបុល