ក្រសួងពាណិជ្ជកម្ម មានបំណង​ចង់​ប្រែក្លាយ​កសិករ​និង​សមាគម​ម្រេច​ឲ្យ​ចេះ​ធ្វើ​ពាណិជ្ជកម្ម​

1346
ចែករម្លែក

(​ភ្នំពេញ​)៖ លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម​មាន​ទិសដៅ​ប្រែក្លាយ​​កសិករ និង​សមាគម​ម្រេច​ឲ្យ​ចេះ​ធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​លក្ខណៈ​វិជ្ជាជីវៈ និង​ជំនាញ​ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ម្រេច​មាន​ភាពរឹងមាំ បង្កើន​​គុណ​តម្លៃ និង​និរន្តរភាព​នៃ​ផលិតកម្ម​ម្រេច​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​ការធ្វើ ពាណិជ្ជកម្ម​លើ​វិស័យ​ម្រេច​កម្ពុជា និង​ការកសាង​ទំនុកចិត្ត​លើ​ផលិតកម្ម​ម្រេច​ប្រកបដោយ​ចីរភាព រវាង​សមាគម​ម្រេច​អន្តរជាតិ និង​ក្រសួងពាណិជ្ជកម្ម​កាលពី​ព្រឹក​​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​។​

​នាយក​ប្រតិបត្តិ​សហគមន៍​ម្រេច​អន្តរជាតិ លោកស្រី ហ័ង ធី​លិញ (Hoang Thi Lein) បាន​បញ្ជាក់ថា​ជាមួយនឹង​ការគាំទ្រ​ពី​សមាគម​​ម្រេច​អន្តរជាតិ កម្ពុជា​គឺអាច​ចែករំលែក និង​មានឱកាស​ក្នុងការ​សិក្សា​ស្វែង យល់​ពី​អ្នកជំនាញ​និង​បទពិសោធន៍​ក្នុងការ​អភិវឌ្ឍ​នៅ​​ឧស្សាហកម្ម​ម្រេច​នេះ​។ ហើយ​ផលិតផល​ម្រេច​នេះ គឺ​នាំមក​នូវ​ផលប្រយោជន៍​ដល់​សហគមន៍​ទាំងមូល​ផងដែរ​។​

​លោកស្រី​ឲ្យ​ដឹង​ទៀតថា សម្រាប់​គោលបំណង​របស់​សិក្ខាសាលា​ពេលនេះ គឺ​ផ្តល់ព័ត៌មាន​ដ៏​សំខាន់​ថា​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ទីផ្សារ​​អន្តរជាតិ​។ លោកស្រី​គិតថា កម្ពុជា​គឺ​ដល់ពេល​វេលា​ហើយ​ក្នុងការ ចាត់​វិធានការណ៍​ជាថ្មី​បន្តទៀត ហើយ​សមាគម​ម្រេច​អន្តរជាតិ​ក៏​ប្តេជ្ញា​​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការនាំ យក​ផលប្រយោជន៍​សមស្រប​ដ​ល់​សហគមន៍​កសិករ​កម្ពុជា​ដើម្បី​សម្រេច​ជោគជ័យ​នៃ​ពាណិជ្ជ​កម្មនេះ​។​

​នាពេល​បច្ចុប្បន្ន ដំណាំ​ម្រេច បាន​នឹង​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកវិនិយោគ ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ព្រោះតែ​ដំណាំ​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​ពី​ទីផ្សារ និង​ឆាប់​ទទួលបាន ប្រាក់ចំណូល​ត្រឡប់មកវិញ​។ រហូតមកដល់​បច្ចុប្បន្ន​ឆ្នាំ​២០១៧ ដំណាំ​នេះ​ត្រូវ​បានឃើញ​រីកដុះដាល​រហូត ដល់​ទៅក្នុង​ខេត្ត​ចំនួន​១៩ ចាប់ពី​តំបន់​និរតី​រហូតដល់​តំបន់​ពាយ័ព្យ​និង​ភូមិភាគ​ឥ​សាន្ត​​នៃ​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ប្រមាណ ៦,៦៧៨​ហិច​តា និង​ផ្តល់​ទិន្នផល​ប្រមាណ​ជាង ២០,០៥០​តោន ដែល​គិត​ត្រឹម​​ខែឧសភា ឆ្នាំ​២០១៧​នេះ​៕​ដោយ​៖ ពៅ និមល​/sn