ក្រសួងពាណិជ្ជកម្ម សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មន្ទីរពិសោធន៍​គុណភាព​ទំនិញ និង​ចំណីអាហារ នៅ​ខេត្តបន្ទាយមានជ័យ​

924
ចែករម្លែក
  • 14
    Shares

ដោយ : ពៅ និមល / ភ្នំពេញ : ក្នុង​គោលបំណង​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​តាមរយៈ កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការគ្រប់គ្រង​ហានិភ័យ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម​បាន ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​អគារ​មន្ទីរពិសោធន៍​ខ្នាតតូច​ទី​៣ សម្រាប់​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ​។​

​នៅក្នុង​ពិធី​សម្ពោធ​ដែល​រៀបចំឡើង កាលពី​រសៀល​ថ្ងៃ​២១ ខែមីនា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ការងារ​របស់​អគ្គនាយក​ដ្ឋា​ន កាំកុងត្រូល ដែល​កន្លងមក​បាន​ប្រឹងប្រែង​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត សម្រេចបាន​លទ្ធផល​ធំៗ​ជាច្រើន​ដូចជា​៖ រឹបអូស​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ទប់ស្កាត់ និង​កម្ទេច​ទំនិញ​ពុំមាន​ភាព​អនុលោម​ផ្នែក​គុណភាព​និង​សុវត្ថិភាព​នៅតាម​ច្រកព្រំដែន​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​រំលឹក​ឡើងវិញ​នូវ​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានចាត់ទុក​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​ជា​អតុល្យភាព ឬ​ជា​ចំណុច​អវិជ្ជមាន​ទី​១ ក្នុងចំណោម អតុល្យភាព​ទាំង​១២ ដែល​ត្រូវធ្វើ​ការដោះស្រាយ និង​បានស្នើ​មន្ត្រី​កាំកុងត្រូល​ទាំងអស់ ខិតខំ​ត្រួតពិនិត្យ ទំនិញ​នាំចូល​-​នាំចេញ និង​ទំនិញ​ដែល​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ ដោយ​អនុលោម​តាម​កម្មវិធី​អភិក្រម ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​ផ្អែកលើ​មូលដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ច្បាស់លាស់​។​

​សូមបញ្ជាក់ថា តាមរយៈ​ការដាក់ឱ្យ​អនុវត្តន៍​នូវ​ថវិកា​កម្មវិធី ដែលជា​ផ្នែក​នៃ​កំណែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ នៅក្នុង​ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​បាន​កសាង​បញ្ចប់​អាគារ​បី​បន្ថែមទៀត នៅ​ខេត្តកំពង់ចាម​, ព្រៃវែង និង តាកែវ​។ សម្រាប់​ឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​នឹង​បន្ត​កសាង​អគារ​បី ទៀត នៅ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ ខេត្តព្រះវិហារ និង​បន្ទាយមានជ័យ ត្រង់ចំណុច​ច្រក​ប៉ុស្តិ៍​បឹង​ត្រកួន​៕L​