ក្រសួងពីរធ្វើទស្សនកិច្ចសិក្សា​រួមគ្នា ស្វែងយល់ពីស្ថានភាពស្ត្រីក្នុង​វិស័យ ទេសចរណ៍នៅខេត្តសៀមរាប​

140
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ដែលដឹកនាំដោយលោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូនេះ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅសាលាបាយ ដែលជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ទីតាំងសិប្បកម្មផលិតកំប្លោក សិប្បកម្មអង្គរ ARTISANS SILK FARM សហគមន៍ទេសចរណ៍កំពង់ភ្លុក និងគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនទៀតក្នុងខេត្តសៀមរាប។

ដំណើរទស្សនកិច្ចនេះរៀបចំដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពស្ត្រីក្នុងវិស័យទេសចរណ៍ និងតួនាទីតម្លៃស្ត្រី ដែលបានចូលរួមអភិវឌ្ឍសង្គមជាតិតាមរយៈជំនាញវិជ្ជាជីវៈ និងសកម្មភាពការងាររបស់ខ្លួន ជំរុញដល់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចកាន់តែត្រូវបានលើកកម្ពស់។

ដំណើរទស្សនកិច្ចនេះក៏ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ដែលមានការគាំទ្រយ៉ាងជិតស្និទ្ធពីក្រសួងកិច្ចការនារី ក្នុងភាពជាដៃគូដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់គុណភាព គុណតម្លៃ នៃស្នាដៃការងាររបស់ស្រ្ដី ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាឱ្យមានការរីកចម្រើនជាលំដាប់ ។

នេះក៏ជាជំហានមួយថ្មីទៀតនៃកិច្ចសហប្រតិបត្តិការរបស់ក្រសួងទាំងពីរ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព” ដែលបានផ្តល់ឱកាសការងារដល់ស្រ្តីសំដៅពង្រឹងភាពជាម្ចាស់ រួមចំណែកបង្កើនសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលសបញ្ជាក់ឱ្យឃើញថាស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម។តាមការអោយដឹងពីមន្ត្រីក្រសួងទេសចរណ៍បានអោយដឹងថាស្ត្រីបានចូលរួមប្រមាណ60%ក្នុងការងារបំរើអោយវិស័យទេសចរណ៍៕B/