ក្រសួងមហាផ្ទៃ​ណែនាំ​៣​ចំណុច​ដល់​អភិបាល​រាជធានី​-​ខេត្ត ដើម្បី​ឲ្យ​ការប្រកាស​ចូលកាន់​តំណែង​មន្ត្រីឃុំ​-​សង្កាត់​ថ្មី​ប្រព្រឹត្ត​ទៅដោយ​រលូន​

217

(​ភ្នំពេញ​) ៖ ក្រោយ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បែងចែក​តំណែង​ប្រធាន​ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ជំនួស​តំណែង​ទំនេរ​រួចរាល់ ក្រសួងមហាផ្ទៃ​បាន​ណែនាំ​៣​ចំណុច​ដល់​អភិបាល​រាជ​ធា​​នី​-​ខេត្ត ដើម្បី​ឲ្យ​ការប្រកាស​ចូលកាន់​តំណែង​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ទាន់ពេលវេលា​។
​ ​
​ក្នុង​លិខិត​របស់​ក្រ​សួ​មហាផ្ទៃ ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា “​ផ្អែកលើ​លទ្ធផល​នៃ​ការបែងចែក​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​នៅ​ទំនេរ​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្រសួងមហាផ្ទៃ​នឹង​ចេញ ប្រកាស​ទទួលស្គាល់ សមាភាព​ប្រធាន​ក្រុមប្រឹក្សា មេឃុំ​ចៅសង្កាត់​ជំទប់​ចៅសង្កាត់រង​និង​សមា​ជិ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងនោះ ស្របតាម​ច្បាប់​និង​គោលការណ៍​នីតិវិធី ដែល​បានកំណត់​”​។​
​ ​
​សេចក្ដីប្រកាស​បន្តថា​ដើម្បី​ឲ្យ​ការរៀបចំ​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង​និង​សមា​​ជិ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជំនួស​តំណែង​ទំនេរ​ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​រលូន​និង​ទាន់ពេលវេលា​កំណត់​ក្រសួងមហាផ្ទៃ​បានចេញ​សេចក្ដីប្រកាស​ណែនាំ​៣​ចំណុច​រួមមាន​៖

១.​ពិនិត្យ​និង​ការផ្ទៀងផ្ទាត់​ឈ្មោះ គឺ​បន្ទាប់ពី​ទទួលបាន​ប្រកាស​ក្រសួង សី្ដ​ពី​ការទទួលស្គាល់​ប្រធាន​ក្រុមប្រឹក្សា​មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមា​ជិ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អភិបាល​រាជធានី ខេត្ត​នីមួយៗ​ត្រូវ​ចាត់ចែង​និង​ណែនាំ​ជាបន្ទាន់​ដល់ទី​ចាត់ការ​​គ្រប់គ្រង​ធនធានមនុស្ស​ឲ្យ​ធ្វើការ​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​ឈ្មោះ ប្រធាន​ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ដែលមាន​ក្នុង​ប្រកាស​របស់ ក្រសួងមហាផ្ទៃ​និង​ជាមួយនិង​បញ្ជី​លទ្ធផល​ជា​ផ្លូវការ​នៃ​ការបែងចែក​អាសនៈ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​នៅ​ទំនេរ​របស់​គណៈ​ក​ម្មា​​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

២.​ការធ្វើ​នីត្យានុកូលកម្ម គឺ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ចាត់ចែង​ធ្វើ​នីត្យានុកូលកម្ម លើ​ប្រកាស​ស្ដីពី​ការទទួលស្គាល់ ប្រធាន​ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង​និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ រួច​បញ្ចូល​ទៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ឃុំ​-​សង្កាត់​ដែន​សមត្ថ​​កិច្ច​របស់ខ្លួន ដើម្បី​ចែកជូន​ដល់​សាមីខ្លួន និង​អង្គភាព​ពាក់ព័ន្ធ​នានា​។​

៣.​ការប្រកាស​ចូលកាន់​មុខតំណែង អភិបាល​រាជធានី​-​ខេត្ត​ត្រូវ​ណែនាំ​ដល់ រដ្ឋបាល​ក្រុង​ស្រុក ខណ្ឌ ដើម្បី​សម្របសម្រួល​និង​គាំទ្រ​ដល់​​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នីមួយៗ ឲ្យ​រៀបចំ​ការប្រកាស​ចូលកាន់​តំណែង ប្រធាន​ក្រុមប្រឹក្សា​មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង​និង​​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែល​ក្រសួងមហាផ្ទៃ ចេញប្រកាស​ទទួលស្គាល់ ឲ្យ​បាន​ទាន់ពេលវេលា​។​
​ ​
​សេចក្ដីប្រកាស​បន្ថែមទៀត​ថា ការប្រកាស​ចូលកាន់​តំណែង​នេះ ត្រូវធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​សម​ញ្ញ ឬ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​ក្រុមប្រឹក្សា​​ឃុំ​-​សង្កាត់​សាមី​។ ស្មៀនឃុំ​-​សង្កាត់​ត្រូវ​ធ្វើជា​សេនាធិការ ឲ្យ​រដ្ឋបាល​ឃុំ​-​សង្កាត់ របស់ខ្លួន​ក្នុង​ការរៀបចំ​របៀបវារៈ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​និង​​លិខិតអញ្ជើញ សមាភាព​ប្រធាន​ក្រុមប្រឹក្សា​មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ផ្អែក​តាម​ឈ្មោះ​ក្នុង​​ប្រកាស របស់​ក្រសួងមហាផ្ទៃ​។
​ ​
​លើសពីនេះ​អភិបាល​រាជធានី​-​ខេត្ត ត្រូវធ្វើ​របាយការណ៍ អំពី​លទ្ធផល​ការងារ​ខាងលើនេះ ក្នុង​រយៈពេល​៣​ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​កិច្ចប្រជុំ ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នីមួយៗ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន មក​ក្រសួង​មហា​ផៃ្ទ ឲ្យ​បាន​ទាន់ពេលវេលា​កំណត់​៕​ដោយ​៖​វិបុល​/sn