ក្រសួងមហាផ្ទៃ​ទទួលស្គាល់​លទ្ធផល​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើងទៀន​

2952

​ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានទទួល​ស្គាល់​លទ្ធផល​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើងទៀន (​អតីត​គណបក្ស សម រង្ស៊ី​) ដែល​បានធ្វើ​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ប៉ុន្តែ​ក្រសួងមហាផ្ទៃ ក៏បាន​ស្នើ​ឲ្យ​គណបក្ស​ភ្លើងទៀន បំពេញ​នូវ​លក្ខខណ្ឌ​នានា ដែល​បានកំណត់​ក្នុង​មាត្រា​២៦​ថ្មី នៃ​ច្បាប់​ស្ដីពី គណបក្សនយោបាយ​។ នេះ​បើ​យោងតាម​លិខិត​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជម្រាបជូន​លោក​ទាវ វ​ណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៦ ខែមីនា​ថា ក្រសួងមហាផ្ទៃ​បានទទួល​ស្គាល់ សមាជ​វ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើងទៀន​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ដោយ​ខាង​ក្រសួង​បាន​បញ្ជូន​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជម្រាបជូន​លោក​ទាវ វ​ណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន រួចហើយ​។​

​នៅក្នុង​លិខិត​សម្តេច​ក្រឡាហោម ស ខេង បាន​ជម្រាបជូន​ប្រធាន​គណបក្ស​ភ្លើងទៀន ក្រសួងមហាផ្ទៃ បានទទួល​រួចហើយ​នូវ​លិខិត​របស់​គណ​កប្ស​ភ្លើងទៀន ចុះ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ក្រសួងមហាផ្ទៃ ទទួលស្គាល់​លទ្ធផល សា​មា​ជ​វិសាមញ្ញ របស់​គណបក្ស ភ្លើងទៀន ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយបាន​អនុម័ត​ធ្វើ​វិសោធនកម្ម​លក្ខ​ន្កិ​កៈ និង​បាន​បោះឆ្នោត​គាំទ្រ​លោក ទាវ វ​ណ្ណុល ជា​ប្រធាន​គណបក្ស លោក​ចេ​ប គឹម​អ៊ាង ជា​អនុប្រធាន​គណបក្ស ព្រមទាំង​បោះឆ្នោត​គាំទ្រ​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​ចំនួន​២៥​រូប និង​សមាជិក​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​គណបក្ស​ចំនួន​៩​រូប​។ ទន្ទឹមនេះ ក្រសួង​ស្នើ​ឲ្យ​គណបក្ស​ភ្លើងទៀន បំពេញ​នូវ​លក្ខខណ្ឌ​នានា ដែល​បានកំណត់​ក្នុង​មាត្រា​២៦​ថ្មី នៃ​ច្បាប់​ស្ដីពី គណបក្សនយោបាយ​។​

​លោក​ទាវ វ​ណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន​។​

​សូមជម្រាបថា មាត្រា​២៦ នៃ​ច្បាប់​ស្ដីពី គណបក្សនយោបាយ​បាន​ចែងថា គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​រួចហើយ អាច​ប្តូរ​ឈ្មោះ ឬ​កែប្រែ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​សំខាន់ៗ ឬ​ធ្វើ​វិសោធន​កម្មបាន​ស្របតាម​លក្ខន្តិកៈ​របស់​គណបក្សនយោបាយ​ខ្លួន​។ ក្នុងករណីនេះ គណបក្សនយោបាយ​ត្រូវ​ជូនដំណឹង​ជាលា​យក​លក្ខ​អក្សរ​ទៅ​ក្រសួងមហាផ្ទៃ ដោយ​ភ្ជាប់​មកជា​មួយ​សំណុំ​ឯកសារ​ថ្មី ដែល​កែប្រែ​រួចហើយ​។ ដោយឡែក​ការផ្លាស់ប្តូរ​ប្រធាន​គណបក្សនយោបាយ​ត្រូវ​ជូនដំណឹង​ជា​លាយ​លក្ខ​អក្សរ​មក​ក្រសួង​ម​ហ​ហា​ផ្ទៃ ដោយ​ភ្ជាប់​មកជា​មួយ​ជីវប្រវត្តិ​សង្ខេប​របស់​ប្រធាន​ថ្មី ដោយមាន​បិទ​រូបថត ៤​គុណ​នឹង​៦៕L​