ក្រសួងមហាផ្ទៃ​និង​គណៈមេធាវី​ផ្តោតទៅលើ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​ចំនួន​៤

300

(​ភ្នំពេញ​)៖​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​លោក សួន វិសាល ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ ចូលជួប​ពិភាក្សា​ការងារ កាលពី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​នៅ​ទីស្តីការក្រសួង​មហាផ្ទៃ​។​

​នៅក្នុង​ជំនួប​ពិភាក្សាបាន​ផ្តោតទៅលើ​ចំណុច​សំខាន់ៗ​ចំនួន​៤ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​គណៈមេធាវី​នៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា ជាមួយនឹង​នគរបាល​យុត្តិធម៌​។​

​បន្ទាប់ពី​ជំនួប​ពិភាក្សា​ចប់ លោក សួន វិសាល ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ថ្លែងប្រាប់​ក្រុម​អ្នក​​កាសែត​ថា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង បាន​ផ្តោតទៅលើ​ការងារ ៤​ចំណុច​សំខាន់ៗ រួមមាន​៖

​ទី​១.​ទាក់ទង​ទៅ​និង​ការបណ្តុះបណ្តាល​។

​ទី​២.​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​នគរបាល​យុត្តិធម៌​។

​ទី​៣.​ពិភាក្សា​ទៅលើ​សហប្រតិបត្តិការ​ជាមួយនឹង​ខាង​ពន្ធនាគារ

​ទី​៤.​ការងារ​សង្គម គឺ​ការពារ​ជនក្រីក្រ​។​

​ប្រធាន​គណៈមេធាវី​បាន​បញ្ជាក់ថា ចំណុច​ទាំង​៤​នេះ គឺជា​បញ្ហាសំខាន់​ដែល​ជួយ​ពង្រឹង​ដល់​រាជរដ្ឋាភិបាល​ហើយ​ជាពិសេស​ពង្រឹង​​វិជ្ជាជីវៈ​មេធាវី ពីព្រោះ​មេធាវី​ធ្វើការ គឺ​ត្រូវការ​វិស័យ​ទាំងអស់នោះ ដើម្បី​ឲ្យ​ការងារ​របស់ខ្លួន​ទទួលបាន​ជោគជ័យ​។

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ សម្តេច​ក្រឡាហោម ស ខេង ទទួលយក​សំណើ​ទាំង​៤​ចំណុច​នេះ ហើយ​គណៈមេធាវី​នឹង​រៀបចំ​កិច្ចព្រមព្រៀង ឬក៏​សំណើ​ជូន​សម្តេច​ក្រឡាហោម ស ខេង ជា​លាយ​លក្ខ​អក្សរ ដើម្បី​ឲ្យ​កិច្ចសហប្រតិបត្តិការ​មាន​លក្ខណៈ​ល្អប្រសើរ​ងាយស្រួល​ដល់​ការ​​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​ប្រឈម​នឹង​ការអនុវត្ត​ច្បាប់​នៅក្នុង​សង្គម​៕​ដោយៈ មុនី​រ័ត្ន​