ក្រសួងមហាផ្ទៃ​នឹង​ស៊ើបអង្កេត​លើ​ព័ត៌មាន​បដិវត្ត​ពណ៌​ផ្ដួលរំលំ​រដ្ឋាភិបាល​

1830
ចែករម្លែក

(​ភ្នំពេញ​) ៖ ស្ថាប័ន​ការពារ​សន្ដិសុខ​ជាតិ គឺ​ក្រសួងមហាផ្ទៃ​នឹង​បើក​ការស៊ើបអង្កេត លើ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា​មានការ​រៀបចំ​បណ្ដាញ​​មនុស្ស​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​បដិវត្ត​ពណ៌​ផ្ដួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​។ នេះ​បើតាម​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ដែល​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៨ ខែសីហា​នេះ​។​


​ ​
​លោក​ខៀវ សុភ័គ បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួង​កំពុង​ធ្វើ​កិច្ចការងារ​នេះ​។ បើតាម​លោក​ខៀវ​សុភ័គ​ក្រសួងមហាផ្ទៃ​នៅ​មិនទាន់​អាច​​កំណត់​មុខសញ្ញា​បាន​ជាក់លាក់​នៅឡើយ​ទេ ខណៈដែល​សមត្ថកិច្ច​ពា​ក់​ព័ន្ធ កំពុងបើក​ការស្រាវជ្រាវ​។​
​ ​
​លោក​ខៀវ សុភ័គ ក៏​ពុំទាន់​អាច​បញ្ជាក់​ពី​ចំណាត់ការ​ជាក់លាក់​លើ​បញ្ហា​នេះ​នៅឡើយ​ដែរ ដោយ​លោក​ថា​រង់​ចាំមើល​លទ្ធផល​នៃ​ការ​ស៊ើប​​អង្កេត​យ៉ាងណា និង​មាន​វិធានការ​តាម​ស្ថានភាព​ជាក់ស្ដែង​។​
​ ​
​គួររំលឹកថា សារព័ត៌មាន​Fresh News ដែល​ស្និទ្ធ​នឹង​បក្ស​កាន់អំណាច​ហើយ​តែង​ទម្លាយ​ព័ត៌មាន​រសើប​មួយចំនួន​នោះ​កាលពី​ថ្ងៃ​អា​​ទិ​ត្យ​ម្សិលមិញ​បាន​បន្ត​ចុះផ្សាយ​ព័ត៌មាន​សម្ងាត់​បំផុត​ដែល​ទម្លាយ​ចេញ​ដោយ​ម្ចាស់​គណនី​Facebook​ឈ្មោះ​«​កូន​ខ្មែរ​»​ដែល​បង្ហាញ​ពី​កិច្ច​​សហការគ្នា​យ៉ាង​ចាក់ស្រេះ​រវាង​មនុស្ស​ក្នុង​គណបក្សប្រឆាំង​នៅ​កម្ពុជា និង​ភ្នាក់ងារ​បរទេស​ក្នុង​គោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ហ៊ុន សែន​។​
​ ​
Facebook​មួយ​ឈ្មោះ​«​កូន​ខ្មែរ​»​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​បន្ត​ទម្លាយ​ឯកសារ​សំខាន់ៗ​ពាក់ព័ន្ធ​ផែន​ការធ្វើបដិវត្ត​ពណ៌​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ហ៊ុន សែន បច្ចុប្បន្ន​។ «​កូន​ខ្មែរ​» បាន​សរសេរ​ដូច្នេះ​ថា​៖ «​ស្នេហា​នយោបាយ​ដើម្បី​សំរេច​ផែន​ការធ្វើបដិវត្ត​ន៍ព​ណ៌​ផ្តួលរំលំរ​ដ្ធា​ភិ​បាល​លោក​ហ៊ុន សែន​?»
​ ​
​ប្រភព​ពត៌មាន​ពី​ក្រុម​អ្នក ប្រជាធិបតេយ្យ​សេរី​ជឿនលឿន​នៅ​តៃវ៉ាន់​បាន​ទំលាយ​ឲ្យ​ដឹងថា ផែន​ការធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវបាន​គេ​ចងក្រង​ចាក់ស្រេះ​ប្រទាក់ក្រឡា​គ្នា​យ៉ាង​ស៊ីជម្រៅ​។ វា​មិនមែន​គ្រាន់តែ​ជាការ​ឃុបឃិត​រវាង​បរទេស​និង​ខ្មែរ (Conspiracy Theory) ដោយ​មានការ​លូកដៃ​យ៉ាងជ្រៅ​ពី​មហាអំណាច​អាមេរិក​ដូច​កាលពី​អតីតកាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផែនការ​ដ៏​ធំ​នេះ​ត្រូវបាន​ពង្រឹង​បន្ថែម​ដោយ ទំនាក់​ទំនាក់​ស្នេហា​ផ្សារ​សាច់ឈាម​យ៉ាង​ស្អិតល្មួត​ថែមទៀត រវាង​ពួក​ចារកម្ម​បរទេស​ជាមួយ​ក្រុមគ្រួសារ​បក្សប្រឆាំង​នៅ​កម្ពុជា​។​
​ ​
​ប្រភព​នេះ ក៏បាន​លើកឡើង​យ៉ាង​លម្អិត​ពី​ទំនាក់ទំនង​ស្នេហា​រវាង​កូនស្រី​២​នាក់​របស់លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​ភ្នាក់ងារ​ចារកម្ម​CIA​របស់​សហរដ្ឋអាមេរិក​។ ក្រៅពីនេះ ក៏មាន​ការចាត់តាំង និង​រៀបចំ​ផែនការ និង​ក្រុមមនុស្ស​ជាច្រើន​ដើម្បី​ធ្វើ​ប​ដិ​វត្ដ​ពណ៌​ផ្ដួលរំលំ​រដ្ឋាភិបាល​៕ដោយ៖វិបុល/sn

#