ក្រសួងមហាផ្ទៃ​នឹង​ស្នើ​កែ​ច្បាប់ ដើម្បី​ផ្តន្ទាទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ​ ​

435

(​ភ្នំពេញ​) ៖ ក្រសួងមហាផ្ទៃ​នឹង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ដើម្បី​កំណត់​ពី​ការដាក់ទោសទណ្ឌ​ទៅលើ​អ្នក​ដែល​ប្រមាថ​ដល់​​អង្គ​ព្រះមហាក្សត្រ ដែល​ការស្នើ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​និយាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ហើយ​ក្រមព្រហ្មទណ្ឌ​ពុំទាន់​​មាន​មាត្រា​ណាមួយ​ដែល​ចែង​អំពី​ការដាក់ទោសទណ្ឌ​ចំពោះ​បទល្មើស​នេះ​នៅឡើយ​។​
​ ​
​គម្រោង​សំណើ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំងឡាយ​ដែល​ធ្វើឱ្យ​ប៉ះ​​ពាល់​ដល់​អង្គ​ព្រះមហាក្សត្រ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​
​ ​
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​នោះ​ថា ការប្រជុំ​នេះ​ធ្វើឡើង​​ដើម្បី​ពិភាក្សា​លើ​ការស្នើសុំ​ទៅ​រដ្ឋាភិបាល​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​ដើម្បី​ដាក់ទោស​ទណ្ឌ​ដល់​​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ដោយ​៖“…​សម្តេច​ក្រឡាហោម​លោក​សម្រេច​ថា​ស្នើសុំ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​វិសោធនកម្ម​បន្ថែម​ចំណុច​មួយ​​ចំនួន​ក្នុង​ក្រមព្រហ្មទណ្ឌ​…​តែ​មាត្រា​អី​ប៉ុន្មាន​យើង​មិនទាន់​ពិភាក្សាគ្នា​នៅឡើយ​ទេ​គឺ​យើង​ស្នើសុំ​គោលការណ៍​បន្ថែម​ពី​រាជរដ្ឋាភិបាល​​សិន​…”​។
​ ​
​លោក​បន្តថា​ការ​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា​ដោយសារតែ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុ​ជា​មិនមាន​មាត្រា​ណាមួយ​ដែល​ចែង​អំពី​ការដាក់​​ទោសទណ្ឌ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​នៅឡើយ បើទោះបីជា​រដ្ឋធម្មនុញ្ញ​បាន​ចែងថា​អង្គ​ព្រះមហាក្សត្រ​មិនអាច​រំលោភបំពាន​បាន​ក៏ដោយ ៖ “…​ក្នុង​ក្រមព្រហ្មទណ្ឌ​យើង​អត់​មាន​ចែងថា​អ្នកណា​ត្រូវ​កាត់​ប៉ុន្មាន​អី​ប៉ុន្មាន​គឺ​អត់​មាន​…​បណ្ដា​ប្រទេស​គេ​ដទៃ​គេ​មាន​ហើយ​ដូច​ថៃ​គេ​មាននៅ​ជប៉ុន​គេ​មាន​ដូច​នៅ​ហូ​ឡង់​អី​មានចែង​…​តែ​យើង​របបរាជានិយម​ដែរ តែ​អត់​មាន​មាត្រា​ណាមួយ​…”​។​
​ ​
​គួរ​កត់សម្គាល់ថា ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​មានការ​និយាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ជាច្រើន​ករណី​ដែល​ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ជា​​ច្រើន​ពី​សំណាក់​ថ្នាក់ដឹកនាំ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​៕​ដោយ​៖​វិបុល​/sn