ក្រសួងមហាផ្ទៃ​បដិសេធ​សំណើសុំ​ផ្អាក​បម្លាស់​ទី​ពលរដ្ឋ​វៀតណាម​នៅ​ខេត្តកំពង់ឆ្នាំង​

604

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ទៅ​សមាគម​វៀតណាម​នៅ​កម្ពុជា​ថា ក្រសួងមហាផ្ទៃ មិនអាច​ផ្អាក​ការធ្វើ​បម្លាស់​ទី​របស់​ប្រជាពលរដ្ឋ​វៀតណាម​ជាង ២​ពាន់​គ្រួសារ ដែលមាន​មនុស្ស​ជាង ១​ម៉ឺន​នាក់ ដែល​កំពុងតែ​រស់​នៅលើ​ផ្ទះ​បណ្តែត​ទឹក​នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​នោះទេ​។ ការឆ្លើយ​ប​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សមាគម​វៀតណាម បានដាក់​លិខិត​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ផ្អាក​ការធ្វើ​បំលាស់​ទី​របស់​ប្រជាពលរដ្ឋ​វៀតណាម​ពីលើ​ទឹក​មក​រស់នៅ​លើគោក​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ (​រូប​ថ​តៈ មុនី​រ័ត្ន​)

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​ថា ចំពោះ​ការ​បំលាស់​ទី​របស់​ប្រជាពលរដ្ឋ​វៀតណាម​នៅលើផ្ទះ​បណ្តែត​ទឹក​នៅ​ខេត្តកំពង់ឆ្នាំង ជាគោលការណ៍​រាជរដ្ឋាភិបាល​មាន​ផែនការ​អស់ហើយ ហេតុនេះ មិនអាច​ផ្អាក​បានទេ ពីព្រោះ​ការផ្អាក​នេះ បាន​ពន្យារពេល​ម្តង​រួចមកហើយ​។ ដោយ​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ជាគោលការណ៍​យើង​មាន​ផែនការ​អស់ហើយ យើង​អត់​ផ្អាក​ទេ ព្រោះ​ការ​ផ​ផ្អាក​នេះ យើង​បាន​ព្យា​រ​ពេល​ម្តង​រួចមកហើយ សូម​ឲ្យ​គាត់​យោគយល់​ចំពោះ​គោលការណ៍​របស់​រា​ជ​រដ្ឋាភិបាល​។ ហើយ​យើង​ធ្វើ​កិច្ចការងារ​នេះ អត់​មានអី​ទៅ​រំលោភសិទ្ធិ​ទេ គឺ​ធ្វើតាម​សម្រួល យើង​ក៏បាន​ប្រយោជន៍ ហើយ​គាត់​ក៏មាន​ផលប្រយោជន៍​របស់គាត់​ដែរ ដើម្បី​ជីវភាព​រស់នៅ​របស់គាត់​”​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បន្តទៀតថា ការ​បំលាស់​ទីនេះ គឺ​នៅតែ​បន្ត​អនុវត្ត​ទៅមុខ ប៉ុន្តែ​មិន​ឲ្យ​មាន​បញ្ហា​អ្វី​កើតឡើង​ទេ ហើយ​សូម​ឲ្យ​ខាង​សមាគម​វៀតណាម​នៅ​កម្ពុជា​យោគយល់​។​

​លោក​ស៊ឹម ជី ប្រធាន​សមាគម​វៀតណាម​នៅ​កម្ពុជា​ (រូបឯកសារ)

​ចំណែក​លោក ស៊ឹម ជី ប្រធាន​សមាគម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ប្រជាពលរដ្ឋ​វៀតណាម​មាន​ចំនួន ២៣៩៧​គ្រួសារ ដែលមាន​មនុស្ស​ចំនួន ១០០៨៧​នាក់ ដែល​កំពុងតែ​រស់​នៅលើ​ផ្ទះ​បណ្តែត​ទឹក​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ ដោយ​លោក​បាន​បញ្ជាក់ថា “​ការស្នើ​ក្រសួងមហាផ្ទៃ​ផ្អាក​ការ​បំលាស់​ទីនេះ គឺ​ទី​១.​ពួកគាត់​បានរស់នៅ​រាប់សិប​ឆ្នាំ​មកហើយ​។ ២.​ជីវភាព​ក្រីក្រ​។ ៣.​ទីតាំង​ថ្មី​ជួល ឬ​ទិញ ហើយ​ពួកគាត់​ភាគច្រើន​គ្មាន​លទ្ធភាព និង​៤.​ទីតាំង​ថ្មី​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​។ ហើយ​សមាគម​បាន​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង ស្ថានភាព​បែបនេះ ពួកគាត់​មិនទាន់​អាច​រស់នៅ​បានទេ​។ ហេតុនេះហើយ​បាន​សមាគម​ស្នើ​ក្រសួងមហាផ្ទៃ​ផ្អាក​ការធ្វើ​បំលាស់​ទី គឺ​រង់ចាំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​សិន​”​។​

​លោក​បាន​បន្តថា សមាគម​វៀតណាម​នៅ​កម្ពុជា​បាន​អំពាវនាវ​ដល់​សប្បុរស​ជន និង​អ្នក​វិ​និ​ន​យោគ​វៀតណាម ដើម្បី​រក​ថវិកា ក៏ដូចជា​ស្បៀង ដើម្បី​យកទៅជួយ​ប្រជាពលរដ្ឋ​វៀតណាម រស់នៅ​ផ្ទះ​បណ្តែត​ទឹក​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ សមាគម​វៀតណាម​នៅ​កម្ពុជា បានធ្វើ​លិខិត​ស្នើសុំ​ផ្អាក​ការធ្វើ​បំលាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​នៅ​ខេត្តកំពង់ឆ្នាំង ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​។​

​លោក​ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​វៀតណាម​សរុប​ទាំងអស់ មាន​ចំនួន ១៨៣៦​ខ្នង​ផ្ទះ ដោយមាន​មនុស្ស​ចំនួន​១០០៨៧​នាក់ និង​មាន​ចំនួន ២៣៩៧​គ្រួសារ ដោយ​ឲ្យ​ទៅ​រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀ លើ​ផ្ទៃដី​ទំហំ​៤០​ហិកតា​។ ប៉ុន្តែ​នៅសល់​៧៥០​ផ្ទះ​ទៀត គឺជា​ផ្ទះ​ដែលមាន​បែ​ត្រី ដោយ​ក្នុងនោះ នៅ​កំពង់ត្រឡាច​មាន​ចំនួន ៣៦​ផ្ទះ , ជល​គី​រី មាន​ចំនួន ៣៦​ផ្ទះ , រលាប្អៀ មាន​ចំនួន​៤៩​ផ្ទះ , កំពង់ឆ្នាំង មាន​ចំនួន ៤៥៨​ផ្ទះ , កំពង់​លែងមាន​ចំនួន ៣៤​ផ្ទះ , និង​បរិបូរណ៍​មាន​ចំនួន ១៣៧​ផ្ទះ​។

​សូមជម្រាបថា កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាន​ចាប់ធ្វើ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម នៅក្នុង​ក្រុង​កំពង់ឆ្នាំង ឲ្យ​មក​រស់នៅ​លើគោក​វិញ​ឱ្យអស់​ត្រឹម​ចុងឆ្នាំ​២០១៨​នេះ​។ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ក៏បាន​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ពី​ផែនការ​ខាងលើនេះ ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​៥​ឆ្នាំ​របស់​ខេត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​។ ផែនការ​នេះ គឺ​ត្រូវអនុវត្ត ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩៕