ក្រសួងមហាផ្ទៃ​បើក​កិច្ចប្រជុំ​ជាមួយ​គណបក្សនយោបាយ​ជាង​៤០

551
ចែករម្លែក
កិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ជាង ៤០

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងមហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​គ្រប់​គណបក្សនយោបាយ​ប្រមាណ​ជាង ៤០ គណបក្ស​ដើម្បី​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​ច្បាប់​ស្តីពី​គណបក្សនយោបាយ​កាលពី​រសៀល​ថ្ងៃទី​២១ ខែសីហា​ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។​
​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​នានា ព្រមទាំង ធ្វើការ​ពិភាក្សា​លើ​បញ្ហា​ប្រឈម​នានា ក្នុងការ​អនុវត្ត​ច្បាប់​ស្ដីពី​គណបក្សនយោបាយ នៅពេល កន្លងមក ។​


​លោក​ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា មាន​គណបក្សនយោបាយ ចំនួន​ប្រាំមួយ​ក្នុងចំណោម​៤២​គណបក្ស​នឹង​ប្រឈម​ការផាកពិន័យ​ដោយសារ​មិន​បញ្ជូន​របាយការណ៍​ប្រចាំឆ្នាំ​របស់​គណបក្ស​រយៈ​ពេល​ពីរ ឆ្នាំ (​ឆ្នាំ​២០១៧-២០១៨) មក​ក្រសួងមហាផ្ទៃ​។
​គណបក្សនយោបាយ​ដែល​មិនបាន​បំបេញ​តាម​ការកំណត់​ក្នុង​បទ​ប្បញ្ញត្តិ​មាត្រា​៣១​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ រួមមានៈ ១. គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ , ២. គណបក្ស​វ​ង្គ​ត​ខេមរៈ​មហានគរ , ៣. គណបក្ស​សិទ្ធិមនុស្ស , ៤. គណបក្ស​ម៉ូលីណាកា​និង​អ្នកតស៊ូ​ដើម្បី​សេរីភាព​,៥.​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​និង​ទី​៦.​គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ​។​
​ ​ជាមួយគ្នានេះ លោក​ប៊ុន ហុន ក៏បាន​រម្លឹក​ដល់​គ្រប់​គណបក្សនយោបាយ រួសរាន់​រៀបចំ​របាយការណ៍​ផ្សេងៗ ដាក់​មក​ក្រសួងមហាផ្ទៃ និង​ក្រសួង​ហិរញ្ញវត្ថុ និង​ហិរញ្ញវត្ថុ ។ យោងតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ប្រសិន​គណបក្ស​នោះ​មិន​អនុវត្ត​នឹង​ប្រឈម​ការផាកពិន័យ​ចាប់ពី​ប្រាំ​លាន​រៀល​។
​យោងតាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា នៅត្រឹម​ដើមឆ្នាំ​២០១៩ មាន​គណបក្សនយោបាយ​ចំនួន ៤២​គណបក្ស​បាន​ចុះបញ្ជី​ឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ​ហើយ​ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​៕សរន

លោកប្រាក់ សំអឿន អគ្គនាយករដ្ឋបាល នៃ ក្រសួង មហាផ្ទៃ
#