ក្រសួងមហាផ្ទៃ​បើក​កិច្ចប្រជុំ​ក្រុមការងារ​ដែល​សិក្សា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​

1155
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃទី​១២ មីនា​នេះ ក្រសួងមហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​អ្នកច្បាប់​អន្តរក្រសួង លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​សញ្ជាតិ​” ដើម្បី​សិក្សា​ត្រួតពិនិត្យ នូវ​សេចក្តីព្រាង​បឋម ដោយ​រក្សា​នូវ​បញ្ញត្តិ​ណា ដែលមាន​លក្ខណៈ សមស្រប និង​បន្ថែម​ឬ កែ​បញ្ញត្តិ​ណា​ដែល​មិន​​សមស្រប ទៅ​និង​ស្ថានភាព​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​។ នេះ​បើ​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​។​

​កិច្ចប្រជុំ​សេចក្តីព្រាងច្បាប់ ស្តីពី​សញ្ជាតិ​នេះ រៀបចំ​ដោយ​ក្រុមការងារ អ្នករៀបចំ សេចក្តីព្រាង ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​​ក្នុង​គោលបំណង ធានា​ការអនុវត្ត ដែន​យុត្តាធិការ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ទៅលើ​រូបវន្តបុគ្គល ដើម្បី​កំណត់​នូវ​សិទ្ធិ​ទទួលបាន​និង​​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ ចំពោះ​ជន​ដែល​រស់នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​បរទេស​និង​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​​ច្បាប់​នេះ​។​

​ច្បាប់​ស្តីពី សញ្ជាតិ​នេះ មាន ១០​ជំពូក ៣៥​មាត្រា ហើយ​ច្បាប់​នេះ​ទៀតសោត មាន​វិសាល ភាព​អនុវត្ត​ចំពោះ​រូបវន្តបុគ្គល​ដែល​រស់​​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​បរទេស​៕ ដោយ​៖​វិបុល​/sn