ក្រសួងមហាផ្ទៃ​ស៊ើបអង្កេត​រឿង​បង្កើត​ហ្វេ​ស​ប៊ុ​ក​ដាក់ឈ្មោះ “​សមាគម​វៀតណាម​” អំពាវនាវ​ឲ្យ​ពលរដ្ឋ​វៀតណាម​ទៅ​បោះឆ្នោត​

1069
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​រស្មី​កម្ពុជា​​ក្នុង​កិច្ចសម្ភាសន៍​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ថា ខាង​ជំនាញ​កំពុងតែធ្វើការ​ស៊ើបអង្កេត​ទៅលើ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន (​បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​) និង​ប្រឌិត​ព័ត៌មាន​ថា សមាគម​វៀតណាម​នៅ​កម្ពុជា​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ (​រូប​ថ​តៈ មុនី​រ័ត្ន​)

​ការបើក​ការស៊ើបអង្កេត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​បង្កើត​ហ្វេ​ក​ប៊ុ​ក​ក្លែងក្លាយ​ដាក់ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា និង​បាន​សរសេរ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​ទៅ​ចូលរួម​ចំពោះ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា​។​
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បន្តថា គណនី​ហ្វេ​ស​ប៊ុ​ក​នោះ គឺជា​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ មិនមែនជា​របស់​​សមា​គម​វៀតណាម​នៅ​កម្ពុជា​ទេ ហើយ​ខាង​សមាគម​វៀតណាម​បាន​បដិសេធថា គេ​មិនបាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នោះទេ​។ ដូច្នេះ​នេះ គឺជា​គោលបំណង​របស់​អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដើម្បី​គាំទ្រ​ដល់​ការឃោសនា​អូសទាញ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត របស់​ក្រុម​ចលនា​សង្គ្រោះ​ជាតិ ដែលមាន​ជន​ក្បត់ជាតិ សម រង្ស៊ី ជា​ប្រធាន​។ ចំពោះ​ករណីនេះ សមត្ថកិច្ច​កំពុងតែធ្វើការ​ស៊ើបអង្កេត ស្វែងរក​អ្នក​ដែល​បង្កើត​ហ្វេ​ស​ប៊ុ​ក​នោះ​។ ក្នុងករណី​ដែល​អាចអនុវត្ត​ច្បាប់​កម្ពុជា​ទៅដល់ គឺ​នឹង​អនុវត្ត​ច្បាប់​កម្ពុជា​។​

​ទាក់ទង​បណ្តាញ​សង្គម​មួយចំនួន​បានធ្វើ​ចលនា​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រសួងមហាផ្ទៃ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ គឺ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ត​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ហើយ​សូមកុំ​ឲ្យ​ប្រើប្រាស់​សិទ្ធិ​ដោយ​បំពាន​ទៅលើ​រដ្ឋធម្មនុញ្ញ និង​កុំ​យក​ព្រះនាម​ព្រះមហាក្សត្រ​យកមកប្រើ​ប្រាស់ ពីព្រោះ​ព្រះមហាក្សត្រ ត្រូវបាន​លើកតម្កើង​ខ្ពស់​ផុតពី​ពលរដ្ឋ​ដទៃ​៕សរន